សម្តេចតេជោ ហ៊ុន សែន ៖បើកកិច្ចប្រជុំព្រឹទ្ធសភា ថ្ងៃនេះដើម្បីរំលឹករឿងឡើងធ្វើជានាយករដ្ឋមន្ត្រី កាលពី៤០ឆ្នាំមុន
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងបង្ហាញពីមូលហេតុ ដែលយកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បើកសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីពិនិត្យ និងអនុម័តសេចក្តីស្នើ សុំវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។ ក្នុងឱកាសដឹកនាំសម័យប្រជុំនេះដែរ សម្តេចតេជោ ក៏បានថ្លែងរំលឹករឿងដែលសម្តេចឡើងធ្វើជានាយករដ្ឋមន្ត្រី កាលពី ៤០ឆ្នាំមុន។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ គឺជាខួបគម្រប់៤០ឆ្នាំ (១៤ មករា ១៩៨៥-១៤ មករា ២០២៥) ថ្ងៃដែល សម្តេច តេជោ ហ៊ុន សែន ត្រូវបានផ្តល់សេចក្តីទុកចិត្តពីសភា ឲ្យកាន់តំណែង ជា នាយករដ្ឋមន្ត្រី (ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី)។ សម្តេចតេជោ បានបន្តថា ពាក្យដែលសម្តេច ថ្លែងក្នុងសភា ក្រោយ ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី មិនត្រូវទុកឲ្យប្រជាជន ណាម្នាក់ ស្លាប់ដោយអត់បាយដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះ ឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ហេតុដែលខ្ញុំកំណត់យកថ្ងៃទី១៤ សម្រាប់ការប្រជុំ ដូចដែលព្រឹកមិញ ខ្ញុំបានបង្ហោះហ្វេសប៊ុក គឺនេះបើនិយាយពី ៤០ឆ្នាំមុន គឺនៅថ្ងៃនេះឯង ដែលខ្ញុំត្រូវទទួលការបោះឆ្នោត ដើម្បីជ្រើសរើសជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលពេលនោះនិយមហៅដូច្នេះ តែតួនាទីគឺនាយករដ្ឋមន្ត្រីនោះឯង តាមប្រទេសខ្លះគេរដ្ឋមន្ត្រីទីមួយ ខ្លះហៅប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ខ្លះហៅនាយករដ្ឋមន្ត្រី។ ពេលនោះ ខ្ញុំពិតជាមានវ័យក្មេងណាស់ គឺក្នុងគណៈរដ្ឋមន្ត្រីរបស់ខ្ញុំ គឺអ្នកមានអាយុ ៤០ និង ៥០ ភាគច្រើន ដោយឡែក នាយករដ្ឋមន្ត្រីទេ ដែលមានអាយុ ៣២ឆ្នាំ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា បន្ទាប់ពីការកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ចាប់ពីខែកញ្ញា ឆ្នាំ១៩៨៤ គឺពេលលោក ចាន់ ស៊ី អតីតនាយករដ្ឋមន្ត្រី គាត់ទៅព្យាបាលជំងឺនៅឯក្រុងម៉ូស្គូ។ ពេលនោះ មានការប៉ុនប៉ងរៀបចំឲ្យមានជំនួបរវាងព្រះករុណា ព្រះបាទ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) នៅប្រទេសបារាំង។ ពេលនោះ សម្តេចតេជោ ហ៊ុន សែន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ហើយធ្វើដំណើរទស្សនកិច្ចនៅប្រទេសស៊ុយអែត បន្ទាប់មក បានទៅទីក្រុងប៉ារីស ប្រទេសបារាំង។
ពេលនោះ ព្រះករុណា បានចេញសារតាមរយៈបណ្តាញព័ត៌មាន AFP ផ្សព្វផ្សាយថា «សុំឯកឧត្តម ហ៊ុន សែន អធ្យាស្រ័យ ដោយសារមិនអាចជួបបាន» ហើយលើកហេតុផលនៅក្នុងនោះ។ អីចឹងទេ ត្រង់ចំណុចនេះ ព្រះករុណា បានទទួលយកសម្តេចតេជោ ហ៊ុន សែន ជាដៃគូសន្ទនា តាំងពីសម្តេច នៅធ្វើជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឯនោះ មិនមែនទើបតែធ្វើនាយករដ្ឋមន្ត្រីនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ប្រការនេះបង្ហាញពីចរន្តរត់រកគ្នានៃដំណើរការសន្តិភាព ព្រោះពេលនោះ អ្នកដែលត្រូវចរចា គឺសម្តេច ហេង សំរិន ឬលោក ចាន់ ស៊ី។ ការប៉ុនប៉ងនេះ ក៏មិនបានបោះបង់ចោលដែរ គឺការប៉ុនប៉ងរហូតសម្រេចបាន ដោយជំនួបលើកដំបូង ហៅថា ជំនួប Fère-en-Tardenois ។
សម្តេចតេជោ ហ៊ុន សែន បានបន្ត «ខ្ញុំគិតថា ហេតុអ្វីបានជាព្រះករុណា ជ្រើសរើសខ្ញុំជាដៃគូសន្ទនា។ ចំណុចមួយ ដែលខ្ញុំយកការសន្និដ្ឋាន គឺថា ខ្ញុំជាបុគ្គលម្នាក់ ដែលជាអ្នកដែលរត់ចូលព្រៃ ក្រោយការអំពាវនាវរបស់ព្រះករុណា តែម្តង។ សម្រាប់បុគ្គលដទៃទៀត នៅពេលនោះ គឺសុទ្ធតែជាអ្នកតស៊ូ តាំងពីជំនាន់បារាំង តាំងពីជំនាន់ ដែលនិយាយតាមមួយបែបទៀត ហៅថា ខ្មែរក្រហមក្នុងព្រៃ អីចឹងទេ ប្រហែលអាចពិបាកនិយាយគ្នា។ ខ្ញុំចូលព្រៃតាមការអំពាវនាវរបស់ព្រះករុណា អីចឹងទេ បើតាមខ្ញុំគិត […] នេះជាចរន្តនៃការការពារការឈ្លានពានបរទេសផង និងការប្រយុទ្ធផ្តួលរំលំខ្មែរក្រហមផង […] »។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «អីចឹងទេ បានជាខ្ញុំកំណត់យកថ្ងៃនេះ គឺជាថ្ងៃប្រជុំ ដើម្បីឲ្យជួនគ្នា ខួបលើកទី៤០ឆ្នាំ នៃការទទួលបានជំនឿទុកចិត្ត ហើយខ្ញុំក៏សូមជម្រាបថា នេះជារឿងអច្ឆរិយខ្លាំងណាស់ នៅពេលបោះឆ្នោត ប៉ែន សុវណ្ណ ជានាយករដ្ឋមន្ត្រី គឺបាត់ ៨សំឡេង នៅពេលជ្រើសរើសឯកឧត្តម ចាន់ ស៊ី ធ្វើជានាយករដ្ឋមន្ត្រី គឺបាត់ ៨សំឡេង សម្រាប់ករណីខ្ញុំ គឺជាករណីពិសេស បោះឆ្នោតសម្ងាត់ តែមួយសំឡេងណា ក៏អត់បាត់ដែរ។ លោកជំទាវ ម៉ែន សំអន គឺជាតំណាងរាស្រ្តម្នាក់ ក្នុងចំណោមតំណាងរាស្ត្រ ដែលបានបោះឆ្នោតឲ្យខ្ញុំ។ ដូច្នេះ វាជាការទទួលយកនៅសមត្ថភាព ដែលខ្ញុំបានខិតខំប្រឹងប្រែងជាមួយតួអង្គ ហើយពេលនោះ គឺសុទ្ធតែជាអ្នកដែលមានវ័យចំណាស់ នៅក្នុងគណៈរដ្ឋមន្ត្រីរបស់ខ្ញុំ ដែលខ្ញុំបានដឹកនាំការតស៊ូនេះ»។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ពេលនោះ នៅពេលដែលឡើងថ្លែង នៅក្នុងសភា ដោយគ្មានការព្រៀងទុក គឺបាននិយាយថា មិនត្រូវឲ្យប្រជាជនណាម្នាក់អត់បាយស្លាប់ ដែលយើងមិនបានដឹង ហើយមិនបានដោះស្រាយ ព្រោះ នៅឆ្នាំ១៩៨៤ គ្រោះទឹកជំនន់ ហើយរាំងស្ងួតទៀត ធ្វើឲ្យបញ្ហាស្បៀងស្មុគស្មាញខ្លាំង ដូច្នេះបេសកកម្មដំបូងរបស់សម្តេច គឺធ្វើម៉េចឲ្យប្រជាជន មានស្បៀងទទួលទាន។
បើតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ឥលូវនេះ ពេលបើកសម័យប្រជុំនៅពេលនេះ នៅឯវាលស្រែរបស់យើងកំពុងជោរជន់ដោយស្រូវ ហើយឈានដល់វិបត្តិតម្លៃស្រូវ បន្ទាប់ពីឥណ្ឌាបានបញ្ចេញស្រូវទៅលើទីផ្សារ ខណៈពេលឥណ្ឌូនេស៊ីក៏កាត់បន្ថយការនាំចូល ដោយសារឥណ្ឌូនេស៊ីក៏ជំរុញការផលិតរបស់ខ្លួន។ បញ្ហានេះ ទាំងកម្ពុជា ទាំងវៀតណាម ទាំងថៃ សុទ្ធតែចាល់ដូចគ្នា រហូតដល់ប្រជាជនកំពុងត្អូញត្អែរ៕