ពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ ក្រោមការហ៊ុមព័ទ្ធដោយរបងបណ្តោះអាសន្ន ប្រវែង៤៨ គីឡូម៉ែត្រមន្ត្រីអនុវត្តច្បាប់២ម៉ឺន៥ពាន់នាក់ និងប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខយ៉ាងហ្មត់ចត់
ក្រុងវ៉ាស៊ីនតោន៖ ពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ នឹងប្រព្រឹត្តទៅក្នុងសប្តាហ៍ក្រោយ ក្រោមការយាមកាមសន្តិសុខដ៏តឹងរ៉ឹងបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ ២០២៥។
អាជ្ញាធរបានគូសបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនត្រូវបានហ៊ុមព័ទ្ធដោយរបងបណ្តោះអាសន្ន ប្រវែង ៣០ ម៉ាយ (៤៨ គីឡូម៉ែត្រ) មន្ត្រីអនុវត្តច្បាប់ចំនួន ២៥.០០០នាក់ និងប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខយ៉ាងហ្មត់ចត់ សម្រាប់អ្នកទស្សនារាប់សែននាក់។
បរិយាកាសតានតឹងនេះ កើតឡើងក្រោយយុទ្ធនាការដ៏ចម្រូងចម្រាស និងការប៉ុនប៉ង ធ្វើឃាតចំនួនពីរលើក ប្រឆាំងនឹងអតីតប្រធានាធិបតីរូបនេះ។ លើសពីនេះ ហេតុការណ៍វាយប្រហារពីរដង ក្នុងថ្ងៃចូលឆ្នាំសកលថ្មីដែលសំដៅលើប្រជាជនអាមេរិក កាន់តែធ្វើឱ្យស្ថានការណ៍ធ្ងន់ធ្ងរ។ ភ្នាក់ងារពិសេសនៃសេវាសម្ងាត់ លោក Matt McCool បានបញ្ជាក់ថា «យើងស្ថិតក្នុងបរិយាកាស ដែលមានការគំរាមកំហែងខ្ពស់បំផុតមួយ»។
គួរបញ្ជាក់ថា ពិធីស្បថចូលកាន់តំណែងនៅថ្ងៃចន្ទសប្តាហ៍នេះ នឹងប្រព្រឹត្តទៅនៅវិមានកាពីតូលទល់មុខវិមានវ៉ាស៊ីនតោន ជាទីតាំងតែមួយដែលធ្លាប់រងការវាយប្រហារ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ ២០២១ ដោយក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ៕