កសិករចំនួន២៤គ្រួសារ នៅឃុំស្រះរាំង ស្រុកមង្គលបូរី បានប្រមូលផលស្រូវសែនក្រអូប និងលក់ជូនក្រុមហ៊ុនបៃតង ក្នុងតម្លៃចុះកិច្ចសន្យាទុកជាមុន ១៣៥០៛ ក្នុងមួយគីឡូ
បន្ទាយមានជ័យ៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ថា៖ កសិករចំនួន២៤គ្រួសារ នៅឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានប្រមូលផលស្រូវសែនក្រអូប និងលក់ជូនក្រុមហ៊ុនបៃតង ក្នុងតម្លៃចុះកិច្ចសន្យាទុកជាមុន ១៣៥០៛/គីឡូ សម្រាប់ស្រូវសើមទិញនៅទីវាល។
លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា សង្ឃឹមថាព័ត៌មានមួយនេះនឹងអាចបង្កើនទំនុកចិត្តបន្ថែមទៀតដល់បងប្អូនកសិករយើង ដែលនៅតែអល់អែករារែក ស្ទាក់ស្ទើរមិនទាន់ហ៊ានសម្រេចចិត្តងាកមករួមគ្នាផលិតស្រូវសែនក្រអូប ក្រោមទម្រង់ជាសហគមន៍កសិកម្មទំនើប។
សូមបញ្ជាក់ថា ក្រុមហ៊ុនបៃតង គឺជាក្រុមហ៊ុនតែមួយ ដែលនឹងចុះកិច្ចសន្យាធានាទិញស្រូវសែនក្រអូបពីសហគមន៍កសិកម្មទំនើបខ្នាត៥០០០ហិកតា ដែលគ្រោងនឹងបង្កើតថ្មីនៅខេត្តកំពង់ធំនាពេលខាងមុខនេះ៕ដោយ៖ សំរិត