ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលសម្រេចទម្លាក់ថវិកាបន្ថែមចំនួន ៣០លានដុល្លារ ដើម្បីជួយរក្សាលំនឹងថ្លៃស្រូវរបស់ប្រជាកសិករ

9


ភ្នំពេញ៖លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) បានឱ្យដឹងថា គិតមកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលតាមរយៈធនាគារ ARDB បានទម្លាក់ថវិកា ៥លើករួចមកហើយ ដើម្បីអភិវឌ្ឍន៍វិស័យស្រូវអង្ករ និងរក្សាស្ថេរភាពថ្លៃ ដែលមានទំហំទឹកប្រាក់ប្រមាណជាង២០០លានដុល្លារ ខណៈនៅថ្ងៃទី១៥ មករា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានសម្រេចទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករនាពេលនេះ។
លោក បណ្ឌិត កៅ ថាច លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ។
លោកបានគូសបញ្ជាក់ថា បញ្ហាស្រូវអង្ករ គឺជាបញ្ហាដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ព្រោះពាក់ព័ន្ធនឹងសុវត្ថិភាពស្បៀង និងការធ្វើពាណិជ្ជកម្ម។ ហេតុដូច្នេះហើយ ចាប់តាំងពីឆ្នាំ២០១៦ មករាជរដ្ឋាភិបាលបានទម្លាក់ថវិកាជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះ ទម្លាក់បាន៥លើករួចមកហើយ ដើម្បីទ្រទ្រង់លើវិស័យស្រូវអង្ករទាំងមូល និងដើម្បីជំរុញការអភិវឌ្ឍក្នុងវិស័យ និងធ្វើឱ្យមានស្ថេរភាពថ្លៃ ដែលក្នុងនោះធនាគារ ARDB ដើរតួនាទីជាអ្នកបញ្ចេញថវិកា។
លោកបានបញ្ជាក់ថា គិតមកទល់ពេលនេះ ទុនពិសេសដែលបានទម្លាក់មានទំហំទឹកប្រាក់ជាង ២០០លានដុល្លារ ក្នុងនោះទុនវិនិយោគប្រមាណ៣០លានដុល្លារប៉ុណ្ណោះ ក្រៅពីនោះគឺជាទុនសម្រាប់បង្វិលទិញស្រូវ និងកែច្នៃអង្ករលក់។
លោកបានពន្យល់ថា «រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់ ទៅលើវិស័យកសិកម្មជាពិសេសប្រជាកសិករ ហើយយើងឃើញថានៅសម័យកូវីដមានទុនច្រើនណាស់ ដែលបានទម្លាក់ ដើម្បីឱ្យកសិករមានមានលំនឹងជីវភាព ដែលអាចរស់នៅបាន មិនធ្លាក់ក្រោមបន្ទាត់ក្រីក្រ ឬធ្លាក់ក្រោមបន្ទាត់ក្រីក្រតិចតួច ពោលគឺ មានទុនជាច្រើនដែលបានដាក់ចេញមក មានទាំងបន្លែ សាច់ ការចិញ្ចឹមសត្វ និងផ្សេងៗថែមទៀត»។
សូមជម្រាបថា ទុនពិសេសដែលបានទម្លាក់រួមមាន៖ លើកទី១ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦, លើកទី២ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦, លើកទី៣ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ , លើកទី៤ នៅថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២០ និងលើកទី៥ នៅខែមីនា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង