ស្ពានតភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ក្រុងអរិយក្សត្រ ចាប់ផ្តើមចេញដំណើរ, ក្រសួងណែនាំឱ្យប្រយ័ត្ន ពេលឆ្លងកាត់ការដ្ឋានសិក្សាគម្រោង
ភ្នំពេញ៖ក្រោយទន្ទឹងរង់ចាំអស់រយៈពេលជាយូរ នៅពេលគម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គតភ្ជាប់រវាងរាជធានីភ្នំពេញ និងក្រុង អរិយក្សត្រ ខេត្តកណ្តាលចាប់ផ្តើមចេញដំណើរបណ្តើរៗហើយ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ពីរាជធានី ភ្នំពេញ ទៅខេត្តកណ្តាល បាននិងកំពុងសិក្សាលម្អិតដើម្បីជំរុញការចាប់ផ្តើមសាងសង់។
ក្នុងអំឡុងពេល នៃការសិក្សានេះ នឹងមានការបិទផ្លូវនាវាចរណ៍មួយចំនួន ដើម្បី យកសំណាកគំរូពិសោធន៍ និងធ្វើពិសោធន៍ ដែលអាចបង្កឱ្យមានកា រ រំខានដល់ការធ្វើនាវាចរណ៍ផ្សេងៗ។
ដើម្បីធានាបាននូវសុវត្ថិភាពរបស់នាវាចរណ៍ដែលធ្វើដំណើរតាមទន្លេសាប និងទន្លេមេគង្គ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន អំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុម ហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ បង្កើនការយកចិត្ត ទុកដាក់ ក្នុង ការបើកបរ ដោយ មានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឧបទ្ទវហេតុកើតឡើង ជាយថា ហេតុ។
ដើម្បីបង្ការ និងបញ្ចៀសបញ្ហានេះ ក្រសួងណែនាំឱ្យអនុវត្តតាមការ ណែនាំ ដូចខាងក្រោម៖
១៖ បន្ថយល្បឿននាវា និងបើកបរនៅក្នុងចន្លោះសុវត្ថិភាពដែលមានផ្លាក និងពោងសញ្ញាបង្ហាញ។
២៖ រក្សាចម្ងាយសុវត្ថិភាពបើកបរឱ្យបានគ្រប់គ្រាន់ យ៉ាងតិច ៥០ម៉ែត្រ ដើម្បីចៀសវាងហានិភ័យនៃការប៉ះ ទង្គិចពេលឆ្លងកាត់ច្រករួមតូច ឬនៅជិតតំបន់សិក្សា។
៣៖ ផ្ដល់អាទិភាពដល់ក្រុមការងារសិក្សាគម្រោង និងអនុវត្តតាមការផ្តល់ សញ្ញា និងការណែនាំពីក្រុមការងារចរាចរណ៍ផ្លូវទឹក។
៤៖ មិនអនុញ្ញាតឱ្យនាវាបោះយុថ្កា ឈប់សំចត ឬស្នាក់នៅក្នុងចម្ងាយ ១០០ម៉ែត្រ ពីតំបន់សិក្សា។
៥៖ នាវាធ្វើដំណើរឆ្លងកាត់តំបន់សិក្សា ត្រូវតែធ្វើចរាចរណ៍ទៅតាមទីតាំង ដែល បានកំណត់។
ដំណឹងនៃការសាងសង់ស្ពានឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ តភ្ជាប់រវាង រាជ ធានីភ្នំពេញ ឆ្លងកាត់តំបន់ជ្រោយចង្វា ទៅកាន់ក្រុងអរិយក្សត្រ ត្រូវបានប្រកាសយូរណាស់មកហើយ។ ប្រជាពលរដ្ឋទាំងរាជធានីភ្នំពេញ និងខេត្តកណ្តាល បានទន្ទឹងរង់ចាំយ៉ាងអន្ទះអន្ទែងជាទីបំផុត។
ពេលនេះអាចរាប់ថា គម្រោងមួយនេះចាប់ផ្តើមចេញដំណើរហើយ។ គម្រោងនេះ គ្រោងប្រកាសបើកការដ្ឋានជាផ្លូវការនៅឆ្នាំ២០២៥នេះ។
សូមជម្រាបថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សាររាត្រី-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) គ្រោងនឹងប្រើប្រាស់ ឥណ ទានជាង ២៤៥លានដុល្លារ វិសាលភាពរបស់គម្រោង គឺសាងសង់ស្ពាន ចំនួន២ នៅទីតាំង «ផ្សាររាត្រី – ជ្រោយចង្វារ និង ជ្រោយចង្វារ- អរិយក្សត្រ» ជាស្ពានប្រភេទខ្សែកាបយោងខ្ពស់ (Cable-Stayed Bridge) សាងសង់ជា៤គន្លង (4 Lanes) ប្រភេទ A/C, ទទឹងស្ពានមាន ប្រវែងសរុប ២៧.៥ម៉ែត្រ និងទទឹងផ្លូវប្រវែង ២២.៥ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ម៉ែត្រ, ល្បឿនអតិបរមា ៨០ គ.ម/ម៉ោង។
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េនេះ ត្រូវសាងសង់ ស្ពាន ចំនួន២រួមមាន៖ស្ពានទី១៖ ឆ្លងកាត់ទន្លេសាប (ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី (ផ្សារចាស់) ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) មានប្រវែង ១.១៩ គ.ម។
ស្ពានទី២៖ ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ ៣៨០ ក្រុងអរិយក្សត្រ (ខេត្តកណ្តាល) មានប្រវែង ១.១៨ គ.ម និងផ្លូវតភ្ជាប់ទៅផ្លូវប្រសព្វនឹងផ្លូវលេខ ៣៨០ មានប្រវែង ១.១៧គ.ម។
គម្រោងនេះ គ្រោងប្រើរយៈពេលអនុវត្តចំនួន ៥ឆ្នាំ ២ខែ (៦២ខែ) និងរយៈពេលសាងសង់ចំនួន ៣ឆ្នាំ ៩ខែ (៤៧ខែ)៕