កម្ពុជា-ឡាវ ពិនិត្យលទ្ធភាពសាងសង់ស្ពានទន្លេរពៅ-សេឡាំផាវ និងផ្លូវតភ្ជាប់ រវាងខេត្តព្រះវិហារ និងខេត្តចម្ប៉ាសាក់
ព្រះវិហារ៖កម្ពុជា-ឡាវ បានបើកកិច្ចប្រជុំទ្វេភាគីស្តីពីលទ្ធភាព នៃការសាងសង់ស្ពាន ទន្លេរពៅ-សេឡាំផាវ និងផ្លូវតភ្ជាប់ រវាងខេត្តព្រះវិហារ នៃប្រទេសកម្ពុជា និងខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេ្យប្រជាមានិតឡាវ។
កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅព្រំដែន កម្ពុជា-ឡាវ ក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ដែលភាគីកម្ពុជាដឹកនាំដោយឯកឧត្ដម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ តំណាងឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធខេត្តព្រះវិហារ អជ្ញាធរស្រុកឆែប ដោយឡែកភាគីឡាវដឹកនាំដោយលោកអាណាដា ប៊ូលុម អគ្គនាយករងនៃក្រសួងសាធារណការ និងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាធិបតេត្យប្រជាមានិតឡាវ និងក្រុមការជាច្រើនរូបទៀត។
កិច្ចប្រជុំនាឱកាសនោះភាគីទាំង២ បានរំឭកឡើងវិញនូវអនុសាសន៍ក្នុងសេចក្តីថ្លែងការណ៍រួម ដែលធ្វើឡើងដោយមេដឹកនាំ នៃប្រទេសទាំងពីរ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្ដមបណ្ឌិត Sonexay SIPHANDONE នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៤ និងការឯកភាពគ្នារវាងរដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូននៃប្រទេសទាំងពីរ ក្នុងកិច្ចប្រជុំទ្វេភាគីដែលធ្វើឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូន អាស៊ានលើកទី៣០ (30th ATM)។
កិច្ចប្រជុំក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការតភ្ជាប់រវាងប្រទេសទាំងពីរ ហើយបានចែករំលែកទស្សនៈរួមថា មានការតភ្ជាប់កាន់តែច្រើននឹងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ តាមរយៈការជំរុញពាណិជ្ជកម្មទ្វេភាគី ទេសចរណ៍ និងការវិនិយោគ ដែលនឹងនាំមកនូវភាពជាអ្នកជិតខាងល្អ និងវិបុលភាពដល់ប្រទេសទាំងពីរ ព្រមទាំងប្រជាជន។
កិច្ចប្រជុំបានទទួលស្គាល់ថា ការសម្រេចបាននូវការតភ្ជាប់រវាងប្រទេសទាំងពីរនៅទន្លេរពៅ-សេឡាំផាវ នឹងកំណត់ប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេសទាំងពីរ ក្នុងការកសាងទំនាក់ទំនង និងការតភ្ជាប់សង្គម វប្បធម៌ និងប្រជាជន និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដែលនាំមកនូវការពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការ សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន សម្រាប់មនុស្ស ជំនាន់ក្រោយ។
អង្គប្រជុំបានយល់ច្បាស់ថា ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសអ្នករស់នៅខេត្តព្រះវិហារ និង ខេត្តចម្ប៉ាសាក់ ត្រូវការជាបន្ទាន់នូវស្ពានទន្លេរពៅ-សេឡាំផាវ និងផ្លូវតភ្ជាប់ ដើម្បីសម្រួលដល់ ការធ្វើដំណើរ ជីវភាពសង្គម និងការដោះដូរទំនិញនិងសេវាកម្ម។ អង្គប្រជុំមានគោលការណ៍រួមថា ទីតាំងស្ពាន និងផ្លូវតភ្ជាប់ គឺគ្រាន់តែក្នុងគោលបំណងតភ្ជាប់ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន នៃប្រទេសទាំងពីរ ដូចអនុសាសន៍ដែលលើកឡើង ដោយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៃប្រទេសទាំងពីរ៕