លោក ស៊ី ជីនពីង៖ ចិន និងវៀតណាម នឹងកសាងសហគមន៍ជោគវាសនារួម នៃយុទ្ធសាស្ត្រដ៏មានសារៈសំខាន់
ក្រុងប៉េកាំង៖ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយថាទីក្រុងប៉េកាំងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយទីក្រុងហាណូយ ក្នុងការកសាងសហគមន៍ជោគវាសនារួមនៃយុទ្ធសាស្ត្រ ដ៏មានសារៈសំខាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua នៅថ្ងៃសៅរ៍ ទី១៨ ខែមករា។
ការកត់សម្គាល់បែបនេះរបស់លោក ស៊ី ជីនពីង ធ្វើឡើងនៅក្នុងសារអបអរសាទរមួយដែលមេដឹកនាំចិនផ្ញើទៅកាន់អគ្គលេខាធិការបក្សកុម្មុយនិស្ដវៀតណាម លោក To Lam និងលោកប្រធានាធិបតី Luong Cuong នាឱកាសប្រារព្ធខួប៧៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២។ គោលគំនិតរបស់ចិនដែលចង់កសាង «សហគមន៍ជោគវាសនារួម» ត្រូវបានលាតសន្ធឹងទៅកាន់ ប្រទេសទាំងឡាយដែលមានបំណងសាងទំនាក់ទំនងយូរអង្វែងមួយដោយផ្អែកលើសម្ព័ន្ធភាពដ៏រឹងមាំ ផលប្រយោជន៍ និងមនោគមន៍វិជ្ជា។ ម្យ៉ាងវិញទៀត ការចាត់ទុកទំនាក់ទំនងជាយុទ្ធសាស្ត្រដ៏មាន សារៈសំខាន់ គឺជាការគូសបញ្ជាក់មួយរបស់ចិនពីតម្លៃដែលចិនសម្លឹងឃើញចំពោះទំនាក់ទំនងជាមួយវៀតណាម។
គួរបញ្ជាក់ថា តាម Xinhua ក្នុងសារអបសាទរខាងលើ លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ថាក្នុងរយៈពេល ៧៥ឆ្នាំ រាប់ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត ចិន និងវៀតណាម បានប្រឹងប្រែង និងគាំទ្រគ្នាទៅវិញទៅមក អំឡុងការប្រយុទ្ធតស៊ូរាប់ឆ្នាំដើម្បីឯករាជ្យសម្រាប់ប្រទេសជាតិ និងការរំដោះប្រជាជន។ លោក ស៊ី ជីនពីងបានចាត់ទុកចិន និងវៀតណាមជា «សមមិត្ត និងជាបងប្អូននឹងគ្នា»៕