ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កញ្ញា រ៉េន វត្ថនា មកពីខេត្តកណ្តាល ទទួលបានជយលាភីលេខ១ និងអក្សរស្អាត ក្នុងកម្មវិធី «សំណេរអង្គរ» លើកទី២ សម្រាប់បេក្ខជនអាយុក្រោម ១៨ឆ្នាំ

9

សៀមរាប៖កញ្ញា រ៉េន វត្ថនា បេក្ខនារីមកពីខេត្តកណ្តាល ទទួលបានជយលាភីលេខ១ និងអក្សរស្អាត ក្នុងកម្មវិធីសរសេរតាមអានសាធារណៈ«សំណេរអង្គរ» លើកទី២ សម្រាប់បេក្ខជនអាយុក្រោម ១៨ឆ្នាំ ដែលការប្រកួតធ្វេីឡេីងនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលមានបេក្ខជនចូលរួមប្រកួត ១២២០អង្គ/នាក់។
សម្រាប់ការប្រកួតនេះ មានការផ្ដល់រង្វាន់ជ័យលាភីលេខ១ ដល់ជ័យលាភីលេខ៣។ ក្នុងនោះ ជ័យលាភីលេខ១ ទទួលបានប្រាក់រង្វាន់ ៥លានរៀល, លេខ២ ទទួលបានប្រាក់រង្វាន់៣លានរៀល និងលេខ៣ ទទួលបានប្រាក់រង្វាន់ ២លានរៀល។ ប្រាក់រង្វាន់នេះ សម្រាប់ក្រុមបេក្ខជនទាំង២ក្រុម គឺបេក្ខជនអាយុ១៨ឆ្នាំចុះក្រោម និងបេក្ខជនអាយុ១៩ឆ្នាំឡើង។ ក្រៅពីម្ចាស់ជ័យលាភីទាំង៦ ឆ្នាំនេះ ក៏មានជ័យលាភីអក្សរស្អាត និងជ័យលាភីអមផ្សេងៗទៀតដែរ។
ជាលទ្ធផល បេក្ខជនអាយុ១៨ឆ្នាំចុះក្រោម ដែលទទួលជ័យជម្នះ រួមមាន៖
-លេខ១ ឈ្មោះ រ៉េន វត្ថនា មកពីខេត្តកណ្តាល
-លេខ២ ឈ្មោះ គឿន ពុទ្ធារ័ត្ន មកពីខេត្តព្រៃវែង 
-លេខ៣ ឈ្មោះ ណែត ស៉ីដា មកពីខេត្តសៀមរាប។
ទន្ទឹមនេះ បេក្ខជនអាយុ១៨ឆ្នាំចុះក្រោម ដែលឈ្នះផ្នែកអក្សរស្អាត ឈ្មោះ រ៉េន វឌ្ឍនា មកពីខេត្តកណ្តាល (ឈ្នះ ២រង្វាន់ធំតែម្តង) និង អាយុលើស ១៩ឆ្នាំ ឈ្មោះ អូន ប៉ី មកពីខេត្តសៀមរាប។
បេក្ខជនអាយុ១៩ឆ្នាំឡើង ដែលទទួលជ័យជម្នះ រួមមាន៖
-លេខ១ ឈ្មោះ ជា សាវី មកពីខេត្តសៀមរាប
-លេខ២ ឈ្មោះ យ៉ន់ បញ្ញា មកពីខេត្តបាត់ដំបង
-លេខ៣ ឈ្មោះ យ៉ុយ ស្រីណុច មកពីខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ការប្រកួតសរសេរតាមអានជាសាធារណៈ «សំណេងអង្គរ» លើកទី២ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ និងចូលរួមគាំទ្រដោយក្រសួងពាក់ព័ន្ធនានា ដែលកម្មវិធីនេះរៀបចំឡើងដើម្បី លើកស្ទួយភាសាខ្មែរ តាមរយៈការសរសេរតាមអាន បង្កើនចំណេះដឹង និងបង្ហាញពលរដ្ឋពីសារ:សំខាន់នៃភាសាខ្មែរ កម្មវិធីនេះដែរក៏ដើម្បីជួយជំរុញសក្ដានុពលទេសចរណ៍ក្នុងស្រុកផងដែរ។
បើតាមគណៈកម្មការរៀបចំការប្រកួត ក្នុងចំណោមបេក្ខជន ១ ២២០អង្គ/នាក់។ បេក្ខជនចាស់ជាងគេអាយុ ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ ៦ឆ្នាំ។
មានបេក្ខជនអវត្តមានប្រកួតជិត២០០នាក់ដែរ ក្នុងចំណោមបេក្ខជនចុះឈ្មោះប្រឡង១២២០នាក់៕

អត្ថបទដែលជាប់ទាក់ទង