ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាសន្តិសុខស្បៀង រដ្ឋាភិបាលទទួលខុសត្រូវពីរ គឺអ្នកផលិត អ្នកដាំដុះ និងអ្នកប្រើប្រាស់

11

ពោធិ៍សាត់៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា និយាយដល់បញ្ហាសន្តិសុខស្បៀង រាជរដ្ឋាភិបាលត្រូវគិតគូរយកចិត្តទុកដាក់លើពីរមុខព្រួញ គឺអ្នកដាំដុះ អ្នកផលិត និងអ្នកប្រើប្រាស់ ហូបចុក។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងស្ថាប័ននានា មិនដែលនៅស្ញៀម ចំពោះបញ្ហាស្បៀងអារហារឡើយ។
ការថ្លែងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាមណា មនុស្ស នៅតែហូបបាយ ឬសាច់ កសិកម្ម នៅតែជាកត្តាសំខាន់ ហើយរឿងសន្ដិសុខស្បៀងនេះ គឺជាអាទិភាពធំណាស់ ខណៈប្រទេសច្រើនណាស់ ខ្វល់ខ្វាយបញ្ហាសន្ដិសុខស្បៀនេះ ព្រោះថារឿងនេះ រឿងមនុស្សហូប អត់ទូរស័ព្ទ មនុស្សមិនស្លាប់ឡើយ ប៉ុន្ដែ មនុស្សអត់មានចំណីអាហារ គឺស្លាប់ហើយ។ ត្រង់ចំណុចនេះ រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិបានយកចិត្តទុកដាក់ខ្លាំងណាស់រឿងសន្តិសុខស្បៀងអាហារ និងវិស័យកសិកម្មនេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «រឿងសន្តិសុខស្បៀងនេះ គឺរាជរដ្ឋាភិបាលទទួលខុសត្រូវពីរ អ្នកផលិត អ្នកដាំដុះ និងអ្នកប្រើប្រាស់ រដ្ឋាភិបាលទទួលខុសត្រូវពីរហ្នឹង កសិករ ជាមួយអ្នកមិនមែនកសិករ។ កសិករ អ្នកដាំដុះ អ្នកចិញ្ចឹមសត្វ រដ្ឋាភិបាលត្រូវធានាគិតគូរអំពីទីផ្សារ ពីតម្លៃ និងការជួយ»។
ត្រង់ចំណុចនេះ សម្តេចមហាបវរធិបតី ហ៊ុ ន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលត្រូវតែធានានូវតុល្យភាព គឺដៃម្ខាងរក្សាតម្លៃទីផ្សារល្អសម្រាប់កសិករ ដៃម្ខាងត្រូវធានាកុំឱ្យតម្លៃទំនិញឡើងថ្លៃពេក ជាពិសេសសម្រាប់ចំណីអាហារបរិភោគ។ ហើយរាល់ថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គឺត្រូវរាយការណ៍ដោយបញ្ជូនតម្លៃទីផ្សារលើចំណីអាហារ និងជាសំណាងនៅក្នុងរយៈពេល២ឆ្នាំមកនេះ អតិផរណារបស់កម្ពុជានៅមានកម្រិតតិច ខណៈនៅឆ្នាំ២០២៣ អតិផរណា ឡើង ២,១ភាគរយ ហើយកាលពីឆ្នាំ២០២៤ អតិផរណានៅក្រោម ១ភាគរយ មានន័យថាលំនឹងតម្លៃរបស់កម្ពុជាលើតម្លៃចំណីអាហារល្អ។ ចំណែកឯប្រទេសខ្លះ តម្លៃលើចំណីអាហារលើ ៣០ភាគរយឯណោះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រុមដែលមាននិន្នាការប្រឆាំងនៅក្រៅប្រទេស បាននឹងកំពុងចាក់សាំងលើភ្លើងចំពោះបញ្ហាតម្លៃស្រូវនៅកម្ពុជា ទាំងដែលមិនបានជួយអ្វីដល់ប្រជាពលរដ្ឋសោះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា៖ «ការកង្វល់របស់គាត់ (កសិករ) គឺជាភាពត្រឹមត្រូវ ប៉ុន្ដែវាងុំ អ្នកដែលនៅរាប់ពាន់គីឡូ នៅក្រៅប្រទេសណុង អង្គួយចាក់ទឹក ចាក់ប្រេងដុតរាល់ថ្ងៃ ហើយសួរថា អ្នកណុងរស់នៅស្រុកក្រៅដែលទៅសុំទីផ្សារកសិផល អត់ទេ មានតែដើរជួបសភាអាមេរិក ឱ្យកាត់ការនាំ ចេញពីស្រុកខ្មែរ»។
ទាក់ទងទៅនឹងដំណាំកសិផលមួយចំនួន សម្តេចមហាបវរធិបតី បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា ទោះបីសម្ដេច មិនឆ្លើយតប នូវការវាយប្រហារពីខាងក្រៅ ប៉ុន្ដែអ្វីដែលសំខាន់នោះ គឺរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នជំនាញ គឺមិនបាននៅស្ងៀមឡើយ ហើយក្នុងវិស័យកសិករ គឺជាវិស័យអាទិភាព សំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា និងពិភពលោក។
សម្ដេចប្រមុខរដ្ឋាភិបាល បានបន្ថែមថា រដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា មិនដូចក្រុមអ្នកនយោបាយមួយចំនួន ដែលចុះទៅជួបអ្នកលក់ស្រែកថាលក់បានតម្លៃថោក ហើយទៅជួបអ្នកទិញស្រែកថាតម្លៃថ្លៃពេកទេ។ រដ្ឋាភិបាល គឺមានគោលការណ៍ច្បាស់ក្នុងការធានាតម្លៃមួយដែលទទួលយកបានរវាងអ្នកលក់ និងអ្នកទិញ៕

អត្ថបទដែលជាប់ទាក់ទង