ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការគ្រប់គ្រងសណ្តាប់ធ្នាប់ការលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈអង្គសន្តិបាតរដ្ឋបាលរាជធានីបានរកឃើញបញ្ហាប្រឈមចំនួន១១បញ្ហានិងបានពិភាក្សារកមធ្យោបាយដោះស្រាយចំណុច១៣ចំណុច

18

ភ្នំពេញ៖ដើម្បីបានជាធាតុចូលសំខាន់ៗ ក្នុងអង្គសន្តិបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញនាថ្ងៃទី២២ខែមករា ឆ្នាំ២០២៥នេះ ពាក់ព័ន្ធការគ្រប់គ្រងសណ្តាប់ធ្នាប់ការលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈអង្គសន្តិបាតបានរកឃើញបញ្ហាប្រឈមចំនួន១១បញ្ហានិងបានពិភាក្សារកមធ្យោបាយដោះស្រាយចំណុច១៣ចំណុច។
ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីភ្នំពេញដឹកនាំនិងសម្របសម្រួលដល់ក្រុមទាំង៦ដើម្បីធ្វើបទបង្ហាញពីលទ្ធផលនៃការពិភាក្សាក្រោមអធិបតីឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
ពាក់ព័ន្ធការគ្រប់គ្រងសណ្តាប់ធ្នាប់ការលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈ ឯកឧត្ដមឆាយ វីរៈអភិបាលរងរាជធានីភ្នំពេញបានឱ្យដឹងថា៖ ក្រោយពីពិភាក្សាជាក្រុមយ៉ាងផុលផុសអស់ជាច្រើនម៉ោងអង្គសន្តិបាតបានរកឃើញបញ្ហាប្រឈមចំនួន១១បញ្ហានិងបានពិភាក្សារកមធ្យោបាយដោះស្រាយចំណុច១៣ចំណុច ។ ចំពោះបញ្ហាប្រឈម មានចំនួន១១ ចំណុច ក្នុងនោះរួមមាន៖
១-ការយល់ដឹង និងខ្វះការចូលរួមសហការពីប្រជាពលរដ្ឋនៅមានកម្រិត ដោយបានប្រើប្រាស់ចិញ្ចើមផ្លូវ សាធារណៈសម្រាប់ធ្វើការលក់ដូរ និងអារជីវកម្មរបស់ខ្លួន ។២-អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងសណ្តាប់ធ្នាប់ អនុវត្តការងារមួយចំនួន ពុំទាន់មានឆន្ទៈ គ្រប់គ្រាន់ក្នុងការអនុវត្តឱ្យបានល្អប្រសើរ ។
៣-នៅតាមទីតាំងផ្សារឯកជនភាគច្រើនពុំមានទីតាំងចំណតត្រឹមត្រូវ សម្រាប់បម្រើឱ្យអាជីវករ ធ្វើការផ្ទេរទំនិញផ្សេងៗ ។៤-អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ពុំទាន់អនុវត្តការងារស្របទៅតាមលិខិតបទដ្ឋានគតិយុត្ត និងច្បាប់ផ្សេងៗ ក៏ដូចជាគោលកាណ៍ណែនាំនានា ឱ្យបានល្អនៅឡើយ ។៥-ការអនុវត្តវិធានការនៅតាមតម្រាយផ្លូវ ដែលមានព្រំប្រទល់រវាងរដ្ឋបាលខណ្ឌ និងរដ្ឋបាលខណ្ឌ ពុំអនុវត្តការងារឱ្យបានស្របគ្នា ។៦-ការអនុវត្តវិធានរដ្ឋបាល និងវិធានការច្បាប់ ពុំអាចអនុវត្តដោយមានភាពខ្លាំង ឬតក់ក្រហល់បាននោះទេ ព្រោះ អាចធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងអ្នកលក់ដូរនៅ តាមចិញ្ចើមផ្លូវ។៧-ប្រសិទ្ធភាពនៅក្នុងការរៀបចំសណ្តាប់ធ្នាប់តាមផ្លូវតូចៗក្នុងមូលដ្ឋានខណ្ឌ នៅមានកម្រិត។៨-ប្រសិទ្ធភាព នៃការរៀបចំ មានរយៈពេលខ្លី បន្ទាប់ពីបានរៀបចំទីតាំងនោះរួចរាល់ ។៩-ប្រជាពលរដ្ឋដែលជាអ្នកលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈភាគច្រើនជាអ្នកមានជីវភាពខ្វះខាត។១០-កុំមានកម្លាំងគ្រប់គ្រាន់សម្រាប់បម្រើឱ្យក្នុងការចុះអប់រំ ណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និង ពុំមានទីកន្លែងសមរម្យ ឬសមស្របសម្រាប់ធ្វើការរៀបចំឱ្យអ្នកលក់ដូរតាមចិញ្ចើមផ្លូវ។១១-រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ ពុំមានកម្លាំងគ្រប់គ្រាន់សម្រាប់បម្រើឱ្យក្នុងការចុះអប់រំ ណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងអ្នកលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈ។
ចំពោះដំណោះស្រាយ និងសំណូមពរ១៣ចំណុចរួមមាន៖ ១ ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច រៀបចំសេចក្តីណែនាំមួយ។២-ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច សណ្តាប់ធ្នាប់ខណ្ឌ និងកម្លាំងប្រជាការពារទាំងអស់ ត្រូវអនុវត្តការងារ ប្រកបដោយឆន្ទៈ និងមានស្មារតីទទួលខុសត្រូវឱ្យបានខ្ពស់។៣-រស្នើឱ្យម្ចាស់ទីតាំងផ្សារឯកជនទាំងអស់ត្រូវរៀបចំទីតាំងចំណតឱ្យបានត្រឹមត្រូវ សមស្របទៅតាមទីតាំង របស់ខ្លួន។៤-គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ត្រូវរៀបចំចាត់តាំងអ្នកដឹកនាំការងារឱ្យបានច្បាស់លាស់ ដើម្បីធ្វើ ការតាមដាន ប្រជុំត្រួតពិនិត្យវាយតម្លៃ ព្រមទាំងត្រូវវិភាគរកបញ្ហាប្រឈម និងរិះរកមធ្យោយដោះស្រាយ ឱ្យសមស្របទៅតាមស្ថានភាពជួបប្រទះផ្ទាល់។៥-អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តការងារស្របទៅតាមលិខិតបទដ្ឋានគតិយុត្ត និង ច្បាប់ផ្សេងៗក៏ដូចជាគោលការណ៍ណែនាំអោយបានត្រឹមត្រូវ ។ ៦-គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ត្រូវរៀបចំចុះស្រង់ស្ថិតិអ្នកលក់ដូនៅតាមចិញ្ចើមផ្លូវសាធារណៈ នៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួនឱ្យបានច្បាស់លាស់ និងបែងចែកទៅតាមតម្រាយផ្លូវនីមួយៗ ដើម្បី ងាយស្រួលនៅក្នុងការគ្រប់គ្រង និងតាមដាន។៧-គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ គួរបានរៀបចំវិភាគ និងកំណត់ទីតាំងតម្រាយផ្លូវស្មុគស្មាញ នៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន ដើម្បីបន្តរៀបចំផែនការដោះស្រាយ។៨ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ត្រូវចុះធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋ ដែលបាននឹងកំពុង ប្រើប្រាស់ចិញ្ចើមផ្លូវ និងអ្នកលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈ ដោយប្រើប្រាស់វិធីសាស្ត្រទន់ភ្លន់ តែ ម៉ឺងម៉ាត់ ឱ្យចូលរួមអនុវត្តតាមស្មារតី នៃសេចក្តីណែនាំលេខ ០១៣/១៨ សណន ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើម ផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។
៩-គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ត្រូវចុះណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលលក់ដូរនៅតាម ចិញ្ចើម និងដងផ្លូវ អំពីការរៀបចំសណ្តាប់ធ្នាប់ ចរាចរ អនាម័យ ក៏ដូចជាការវេចខ្ចប់សំរាម ក្រោយ ពេលលក់ដូររួច តាមរយៈការផ្សព្វផ្សាយផ្ទាល់មាត់ និងតាមរយៈឧគ្លេសនសព្ទ ព្រមទាំងត្រួតពិនិត្យ និងតាមដានការអនុវត្តសារាចរលេខ ១១ សរ របស់រាជរដ្ឋាភិបាល ស្តីពីការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី របស់រាជរដ្ឋាភិបាល នៅតាមទីតាំងផ្សារគ្រប់ប្រភេទនៅរាជធានីភ្នំពេញ ដោយសហការជាមួយមន្ទីរពាក់ព័ន្ធនៅជុំវិញរដ្ឋបាលរាជធានីភ្នំពេញ។១០. ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវរៀបចំ កម្លាំង ដើម្បីចុះសហការជាមួយរដ្ឋបាលខណ្ឌ ដើម្បីចុះរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរតាមចិញ្ចើម ផ្លូវសាធារណៈ។១១. គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបង្កើតក្រុមការងារការរៀបចំសណ្តាប់ធ្នាប់សា ធារណៈថ្នាក់ខណ្ឌ ដើម្បីធានាការអនុវត្តកិច្ចការងាររៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវដោយបែងចែក តួនាទីភារកិច្ចឱ្យបានច្បាស់លាស់ទៅតាមស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋានរបស់ខ្លួន។១២- គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បូកសរុប និងធ្វើរបាយការណ៍អំពីវឌ្ឍនភាពការងាររៀបចំ សណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈនៅក្នុងភូមិសាស្ត្រដែនសមត្ថកិច្ច របស់ខ្លួន បញ្ហាប្រឈម និងសំណើចាំបាច់នានាជូន ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ ដើម្បីគោរពជូនជ្រាប និងសុំមតិដឹកនាំបន្ត រៀងរាល់ ០១សប្តាហ៍ម្តង។១៣-គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ត្រូវកសាងផែនការសកម្មភាពស្តីពីការរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្ត្រដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានច្បាស់លាស់ និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ធ្វើការអប់រំ ណែនាំ និងធ្វើកំណត់ហេតុឱ្យ បានត្រឹមត្រូវចំពោះអ្នករំលោភបំពាន ឬលក់ដូរតាមចិញ្ចើមផ្លូវ ករណីមិនរាងចាលត្រូវអនុវត្តវិធាន ការរដ្ឋបាល និងវិធានការច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង