ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ម៉ប់ សារិន ៖វិធានការគន្លឹះ និងសំណូមពរសំខាន់ៗ ត្រូវបានកត់ត្រាទុកជាត្រីវិស័យ សម្រាប់រដ្ឋបាលរាជធានីដាក់ចូលទៅក្នុងទិសដៅការងារឆ្នាំ២០២៥ ដើម្បីចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញ ពិសេសបន្តបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានកាន់តែល្អ ប្រសើរ

23

ភ្នំពេញ៖ប្រធានបទ ចំនួន៦ ក្នុងអង្គសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ត្រូវពិភាក្សាជាក្រុម យ៉ាងផុលផុស និងអស់ជាច្រើនម៉ោង កាលពីថ្ងៃ២១មករានៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ក្នុងថ្ងៃទី២ក្រុមនីមួយៗបានធ្វើបទបង្ហាញពីបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងសម្របសម្រួលដោយឯកឧត្ដមកើត ឆែ អភិបាលរង តំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
ក្រោយពីបានស្តាប់បទបង្ហាញរបស់ក្រុមពិភាក្សាទាំង៦ រួចមកឯកឧត្ដម ម៉ប់ សារិន បានធ្វើការបូកសរុបលទ្ធផលក្នុងឱកាសនោះបានថ្លែងនូវការកោតសរសើរដោយស្មោះជូនចំពោះក្រុមពិភាក្សា ទាំង៦ ក៏ដូចជាអង្គសន្និបាតទាំងមូល ដែលបានចំណាយពេលវេលាមានតម្លៃ យកអស់កម្លាំង កាយចិត្ត ចូលរួមពិភាក្សា ចែករំលែកបទពិសោធន៍ និងទស្សនាទានល្អៗ ទាក់ទងនឹងប្រធានបទទាំងអស់នេះ។យើងបានប្រមូលផ្តុំនូវធាតុចូលជាច្រើន ពិសេសទទួលបាននូវវិធានការគន្លឹះ និងសំណូមពរសំខាន់ៗ ដែលត្រូវបានកត់ត្រាទុកជាត្រីវិស័យ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ដាក់ចូលទៅក្នុងទិសដៅការងារឆ្នាំ២០២៥ ដើម្បីចូលរួមអភិវឌ្ឍន៍ រាជធានីភ្នំពេញ ពិសេសបន្តបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានកាន់តែល្អ ប្រសើរថែមទៀត។
ឯកឧត្ដមប្រធានក្រុមប្រឹក្សាបានលើកឡើងថា៖ការផ្ទេរមុខងារវិស័យអប់រំ ៣កម្រិត (ថ្នាក់ មត្តេយ្យ ថ្នាក់បឋម និងអប់រំក្រៅប្រព័ន្ធ) មករដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមពិភាក្សាបានរកឃើញពីចំណុចខ្លាំងមួយចំនួនក្រោយការផ្ទេរមុខងារមករដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន៖ ការផ្តល់ឱកាសឱ្យរដ្ឋបាលមូលដ្ឋាន ដែលនៅជិតប្រជាពលរដ្ឋ បានចូលរួម ទទួលខុសត្រូវក្នុងការគ្រប់គ្រង ចាត់ចែង និងផ្តល់សេវាអប់រំនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបាន កាន់តែមានគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌។ ទប់ស្កាត់សកម្មភាពសិស្សគេចសាលា និងបាតុភាពអវិជ្ជមានផ្សេងៗទៀត ដែលបង្កឡើងដោយក្រុមក្មេងទំនើង ក្រុមបងតូចបងធំ។ល។ ចំណុចអវិជ្ជមាន ក្រុមពិភាក្សាបានរកឃើញដូចជា៖ ប្រធាន និងអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ខណ្ឌមួយចំនួន មិនបានចុះពិនិត្យតាមដាន និងជួយសាលាលើការអនុវត្តស្តង់ដារសាលារៀនគំរូនោះទេ។ ការជ្រើសរើស និងការតែងតាំងគណៈគ្រប់គ្រងតាមសាលានៅមានភាពយឺតយ៉ាវ បញ្ហាខ្វះគ្រូបង្រៀន និងបន្ទប់ រៀនជាដើម។ល។ ជាដំណោះស្រាយ ក្រុមពិភាក្សា បានលើកឡើងនូវផែនការជាយុទ្ធសាស្ត្រ ដូចជា៖ រៀបចំក្រុមការងារចុះធ្វើបច្ចុប្បន្នភាព ស្ថិតិគ្រឹះស្ថានសិក្សាជារៀងរាល់ឆ្នាំ។ ស្នើសុំ ក្រសួងអប់រំ យុវជន និងកីឡា បង្កើនការបណ្តុះបណ្តាលគ្រូបន្ថែម សាងសង់អគារសិក្សាបន្ថែម និងសុំប្រើប្រាស់គ្រូបង្រៀនពីរវេន និងគ្រូបង្រៀនជាប់កិច្ចសន្យាបន្ថែម។
ប្រធានបទទី២៖ ការពង្រឹងនិយ័តកម្មសេវាសុខាភិបាលឯកជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល នៅតាមមូលដ្ឋានសេវាសុខាភិបាលឯកជន និងលុបបំបាត់សេវាសុខាភិបាល ឯកជនខុសច្បាប់នៅរាជធានីភ្នំពេញ មូលដ្ឋានសុខាភិបាលឯកជនគ្រប់ប្រភេទនៅរាជធានីភ្នំពេញ ត្រូវបានបែងចែកតាម ប្រភេទសេវាដូចជា៖ ប្រភេទសេវាខ្នាតធំមានចំនួន ៥៤៦ទីតាំង ប្រភេទសេវាខ្នាតតូចមានចំនួន ៣.៩០០ទីតាំង ឱសថស្ថាន-ឱសថស្ថានរងមានចំនួន ១.៨០៣ទីតាំង និងអគារលក់ឱសថ បុរាណមានចំនួន ៩២ទីតាំង។បញ្ហាប្រឈមមួយចំនួនត្រូវបានក្រុមពិភាក្សារកឃើញទាក់ទង នឹងការងារគ្រប់គ្រងសេវា សុខាភិបាលឯកជន ដូចជា៖ ទីតាំងមួយចំនួនគ្មានច្បាប់អនុញ្ញាត ទីតាំងខ្លះមានលិខិតអនុញ្ញាត តែផុតសុពលភាព រីឯទីតាំងខ្លះមានលិខិតអនុញ្ញាត តែផ្តល់សេវាលើសដែនកំណត់។
ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ក្រុមពិភាក្សាបានលើកឡើង វិធានការ ដោយ ត្រូវចុះត្រួតពិនិត្យឱ្យបានទៀតទាត់ លើមូលដ្ឋានសុខាភិបាល ឯកជនទាំងអស់ក្នុងដែនសមត្ថកិច្ច។ បញ្ឈប់មិនឱ្យដំណើរការនូវរាល់ទីតាំងផ្តល់សេវាសុខាភិបាលឯកជន ដែលគ្មានច្បាប់អនុញ្ញាត។ បន្តចុះត្រួតពិនិត្យគុណភាពឱសថ និងការទុកដាក់ឱសថឱ្យ បានត្រឹមត្រូវ ដោយអនុញ្ញាតឱ្យតាំងលក់តែឱសថដែលមានចុះបញ្ជីកាត្រឹមត្រូវប៉ុណ្ណោះ។ បន្តអប់រំមន្ត្រីសុខាភិបាលឱ្យប្រកាន់ខ្ជាប់នូវក្រម សីលធម៌វិជ្ជាជីវៈ។ ស្នើសុំបង្កើតយន្តការចុះត្រួតពិនិត្យសេវាសុខាភិបាល ឯកជន ដោយមានសមាសភាពចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ រាប់ចាប់ពីថ្នាក់ភូមិឡើងទៅ។
ប្រធានបទទី៣: ការគ្រប់គ្រងសណ្តាប់ធ្នាប់ការលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈ ក្រុមពិភាក្សាបានរកឃើញបញ្ហាប្រឈមធំៗមួយចំនួន ដែលកើតចេញពីការលក់ដូរលើចិញ្ចើម ផ្លូវសាធារណៈដូចជា ការមិនយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត អាជ្ញាធរនិងកម្លាំងសណ្តាប់ធ្នាប់ មួយចំនួនពុំទាន់មានឆន្ទៈក្នុងការអនុវត្តឱ្យបានល្អប្រសើរ ពុំមានទីតាំងចំណតត្រឹមត្រូវ។ ជាដំណោះស្រាយ ក្រុមពិភាក្សាទី ៣បានលើកឡើងនូវសំណូមពរឱ្យ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវ បង្កើតក្រុមការងារ ដែលមានសមាសភាពចម្រុះចាប់ពីភូមិ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ។ ត្រូវ កសាងផែនការសកម្មភាពស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងស្នើសុំការចូលរួមពីស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានតឹងរឹង ដោយមិនត្រូវមានមនោសញ្ចេតនាជាមួយអ្នកលក់ដូរនៅតាមចិញ្ចើមផ្លូវដាច់ខាត ។
ចំពោះប្រធានបទទី៤ ការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពសំណង់អគារខ្ពស់ៗ សំណង់ដែលផ្អាកការសាងសង់និងសំណង់ទ្រុឌទ្រោមក្នុងរាជធានីភ្នំពេញ។ចំពោះប្រធានបទនេះ ក្រុមពិភាក្សាបានរកឃើញបញ្ហាមួយចំនួនទាក់ទងនឹងសុវត្ថិភាព សំណង់ ដូចជា ការដ្ឋានសំណង់មួយចំនួនតូច សាងសង់ខុស ឬមិនគោរពតាមបទដ្ឋានបច្ចេកទេស សំណង់ ឬប្លង់ ដែលបានកំណត់ក្នុងលិខិតអនុញ្ញាត។ ជាដំណោះស្រាយ ក្រុមពិភាក្សាទី ៤បានលើកឡើងនូវសំណូមពរសំខាន់ៗមួយចំនួនដូចជា៖ មន្ត្រីអធិការកិច្ចសំណង់ ត្រូវពង្រឹងការធ្វើ អធិការកិច្ចការដ្ឋានគ្រប់ប្រភេទជាប្រចាំ និងចាត់វិធានការឱ្យបានម៉ឺងមាត់។ ករណីសំណង់ផ្អាកការសាងសង់ដោយពុំដឹងមូលហេតុ អាជ្ញាធរ និងមន្ទីរជំនាញត្រូវសហការ ចាត់ចែងចុះរៀបចំរុះរើសម្ភារ ដែលបំពាក់នៅលើការដ្ឋានដែលគ្មានសណ្តាប់ធ្នាប់ចេញ។ចំពោះសំណង់ចាស់ទ្រុឌទ្រោម ដែលជាសំណង់បេតិកភណ្ឌ ត្រូវធ្វើរបាយការណ៍ ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរាជរដ្ឋាភិបាល ដើម្បីស្នើសុំគោលការណ៍ដឹកនាំបន្ត។ ចំពោះសំណង់ដែលមានវ័យចំណាស់ អាជ្ញាធរមូលដ្ឋានត្រូវ បង្កើតក្រុមការងារចុះពិនិត្យគុណភាពសំណង់ ដើម្បីគោរពស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាលរកដំណោះស្រាយ។
ទី៥- ការគ្រប់គ្រងសំណល់ប្លាស្ទិកតាមប្រព័ន្ធលូ ប្រឡាយ និងស្ថានីយបូមទឹក។ការបោះចោលចូលក្នុងប្រឡាយ-លូ បានបង្កឱ្យមានការកកស្ទះដល់ការបង្ហូរទឹក ដែលជាកត្តាមួយនាំឱ្យមានទឹកជន់លិចក្នុងតំបន់មួយចំនួន នាពេលកន្លងមក។ ដើម្បីចូលរួមដោះស្រាយនូវបញ្ហាប្រឈមពីសំណល់ប្លាស្ទិកនេះ ក្រុម ពិភាក្សាទី៥ ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋឱ្យចូលរួមការកាត់បន្ថយការប្រើប្រាស់ថង់ប្លា ស្ទិក មកប្រើ កន្ត្រកធ្វើពីឫស្សី ស្លឹកឈូក ស្លឹកចេក ថង់ក្រដាស ឬ Eco Bag វិញ។ ក្រុមហ៊ុនប្រតិបត្តិករប្រមូលសំរាមទាំង៣ ត្រូវជំរុញការអប់រំផ្សព្វផ្សាយ ដល់ប្រជា ពលរដ្ឋ ឱ្យចេះទុកដាក់ វេចខ្ចប់សំណល់ប្លាស្ទិ កឱ្យបានត្រឹមត្រូវ និងត្រូវបញ្ចេញតាមម៉ោងពេលកំណត់។
ប្រធានបទទី៦- ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយផ្តោតលើ “ការបង្ការបង្ក្រាប និងលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ និងការគ្រប់គ្រង ជនអន្តោប្រវេសន៍” អំពីការបង្ការ បង្ក្រាប និងលុបបំបាត់ល្បែងស៊ីសងខុសច្បាប់៖ ក្រុមពិភាក្សាបានរកឃើញ បញ្ហាប្រឈម ដូចជាការលួចលាក់លេងល្បែងអនឡាញស៊ីសងខុសច្បាប់ដូចជា ល្បែងភ្នាល់បាល់ ឆ្នោត ឡូតូ ជល់មាន់ ល្បែងបៀរ បានជ្រកក្នុងទីតាំងភោជនីយដ្ឋាន ហាងកាហ្វេ កន្លែង លេងបាល់ទះ ស្នូកយ័រ។ល។ ល្បែងស៊ីសងខុសច្បាប់ កំពុងតែធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គម និងលួចលេង តាមប្រព័ន្ធអនឡាញ (តាមទូរស័ព្ទស្មាតហ្វូន) ដោយធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធ អេឡិចត្រូនិច ដែលធ្វើឱ្យការត្រួតពិនិត្យកាន់តែពិបាក។ អំពីការគ្រប់គ្រងជនអន្តោប្រវេសន៍៖ បញ្ហាប្រឈមគឺម្ចាស់ ឬអ្នក គ្រប់គ្រងទីតាំងមិនបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ព្យាយាមលាក់បាំង ជនបរទេសកំពុងស្នាក់នៅក្នុងទីតាំងខ្លួន។ដើម្បីចូលរួមដោះស្រាយនូវរាល់បញ្ហាប្រឈមនេះ ក្រុមពិភាក្សា បានការបង្ការ បង្ក្រាប និងលុបបំបាត់ល្បែងស៊ីសងខុសច្បាប់អស់ទាំងនេះឱ្យបានដូចភ្លៀងរលឹម តឹងរ៉ឹងដោយគ្មានការលើកលែង។
បន្តពង្រឹងវិធានការផ្សព្វផ្សាយអប់រំ វិធានការរដ្ឋបាល វិធានការច្បាប់ នានា ដល់ម្ចាស់ទីតាំងឱ្យយល់ដឹងកាន់តែច្បាស់ ដើម្បី ចូលរួមក្នុងការជួយទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់៕

អត្ថបទដែលជាប់ទាក់ទង