កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាសជាង ៦លាននាក់នៅឆ្នាំ២០២៤ កើនឡើងជាង២២ភាគរយ
ភ្នំពេញ៖កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាស ចេញចូល ជាង ៦លាននាក់នៅឆ្នាំ២០២៤ កើនឡើងជាង២២ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នា នឹងឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពី ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលថ្លែងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ស្ដីអំពី ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរយៈពេល១២ខែ គិតចាប់ពី ខែមករា ដល់ ខែធ្នូ ឆ្នាំ២០២៤ ។
ឯកឧត្ដមស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា ទទួលបានអ្នកដំណើរចេញចូល(ទ្វេទិស)សរុបចំនួន ៦,២៤១,៨៤២ នាក់ កើនឡើងជាង២២% បើធៀបទៅនឹងរយៈពេល១២ខែដូចគ្នាទៅនឹងឆ្នាំ២០២៣ និងទទួលបានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ ជើង កើនឡើងជាង១៤% បើធៀបទៅនឹងរយៈពេល១២ខែដូចគ្នា។
ចំណែកការដឹកជញ្ជូនទំនិញចេញចូលតាមផ្លូវអាកាសរយៈពេល១២ខែនេះ មានចំនួនជិត៨ម៉ឺនតោន កើនឡើង៤០ % បើធៀបទៅនឹងរយៈពេល១២ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៣។
លោកបានឱ្យដឹងផងដែរថា ដោយឡែក រយៈពេល២០ថ្ងៃ នៃដើមឆ្នាំ២០២៥នេះ ពោលគឺគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិទាំង៣ ទទួលបានជើងហោះហើរចេញ-ចូល(ទ្វេទិស) ជាមធ្យមចំនួន១៨៩ ជើងក្នុងមួយថ្ងៃ និងមានមានក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិចំនួន៣១ក្រុមហ៊ុន កំពុងធ្វើការហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិទាំង៣ ជាប្រចាំក្នុងនោះការហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចំនួន១៣១ ជើងក្នុងថ្ងៃ, ការហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចំនួន ៥២ ជើងក្នុងថ្ងៃ និងការហោះហើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុចំនួន៦ ជើងក្នុងមួយថ្ងៃ។
ឯកឧត្ដមមានប្រសាន៍ថា យោងតាមព័ត៌មានរបស់ក្រសួងទេសចរណ៍ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦.៧លាននាក់ កើនឡើង ២២.៩% ធៀបនឹងឆ្នាំ២០២៣ និងកើនឡើង១.៤% ធៀបនឹងឆ្នាំ២០១៩។ ដោយឡែកក្នុងវិស័យដឹកជញ្ជូតាមផ្លូវអាកាស(អាកាសចរណ៍) ទើបតែងើបវិញជាលំដាប់បានប្រមាណជាង ៦៨% (២០២៤) តែប៉ុណ្ណោះ បើធៀបទៅនឹងស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ (២០១៩) ៕