ឯកឧត្ដម ឡុង ឌីម៉ង់ ៖ គម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស១កន្លែងនៅខេត្តព្រះសីហនុ ទទួលបានការឯកភាពជាគោលការណ៍ពីក.អ.ក
ព្រះសីហនុ៖នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងអភិបាលខេត្តអញ្ជើញចូលរួមកិច្ចប្រជុំច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស១កន្លែង នៅក្នុងភូមិសាស្ត្រ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
នៅក្នុងហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម ឡុង ឌីម៉ង់ បានសរសេរថា៖ខេត្តព្រះសីហនុនឹងមានតំបន់សេដ្ឋកិច្ចពិសេសមួយទៀតហើយ ដែលនឹងក្លាយជាដែកឆក់ទាញយកអ្នកវិនិយោគរោងចក្រឧស្សាហកម្មមកកាន់ខេត្តយើងកាន់តែច្រើន។
កិច្ចប្រជុំខាងលើនេះរៀបចំឡើងក្នុងគោលបំណងដើម្បី បើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ វេទយិតភាព និងពិនិត្យលទ្ធភាព នៃគម្រោងដែលបានដាក់ស្នើមក ក.អ.ក។
ជាលទ្ធផលបឋម សំណើសុំគោលការណ៍ អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស១កន្លែងនៅខេត្តព្រះសីហនុនេះ ទទួលបានការឯកភាពជាគោលការណ៍ពីអង្គប្រជុំ៕