ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវលេខ៦០ម៉ែត្រ នឹងត្រូវដាក់របាំងដែកពុះចែកទ្រូងផ្លូវនាពេលខាងមុខនិងត្រូវពង្រឹងការត្រួតពិនិត្យលើការបើករក្រោមស្ថានភាពស្រវឹង

10

ភ្នំពេញ៖នៅតាមបណ្ដោុផ្លូវលេខ ៦០ម៉ែត្រ នឹងត្រូវដាក់របាំងដែកពុះចែកទ្រូងផ្លូវ និងជាពិសេសត្រូវពង្រឹងការត្រួតពិនិត្យលើការបើករក្រោមស្ថានភាពស្រវឹង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំបែបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំថា៖ «ដូច្នេះការយកចិត្តទុកលើការអនុវត្តត្រួតពិនិត្យចរាចរណ៍ និងសហការជាមួយអគ្គស្នងការនគរបាលជាតិ ពង្រឹងការយកចិត្តទុកដាក់លើករណីចរាចរណ៍ ហើយស្នងការរាជធានី-ខេត្ត សូមយកចិត្តទុកដាក់ទៅលើកិច្ចការងារនេះ ប៉ុន្តែ ទោះជាយ៉ាងណាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយស្ថានភាពស្រវឹងមានការថយចុះ ប៉ុន្តែ អត្រាគ្រោះថ្នាក់ចរាចរណ៍នៅច្រើននៅឡើយ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីបញ្ចប់សង្គ្រាម កត្តាដែលសម្លាប់មនុស្សច្រើនជាងគេ គឺគ្រោះថ្នាក់ចរាចរណ៍ រឿងនេះជាចំណុចមួយដែល ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមដែលបង្កឱ្យមនុស្សបាត់បង់អាយុជីវិតជាច្រើននាក់នៅក្នុង១ឆ្នាំៗ ចំណុចដែលយើងទាំងអស់គ្នាត្រូវរួមគ្នាយកចិត្តទុកដាក់ ហើយចូលរួមគោរពអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា។
ឆ្លៀតនាឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាយ៉ាងម៉ឺងមាត់ដល់ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវតែចាត់វិធានការបន្ទាន់ក្នុងការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះសម្តេចយល់ឃើញថា មានតែការរឹងបន្ដឹងច្បាប់ចរាចរណ៍នោះទេ ទើបអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន។
គួរឱ្យដឹងថា នៅក្នុងរយៈពេលពេល១ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ២ ៨៤៤លើក ដោយបានបង្កឱ្យមានមនុស្សស្លាប់ចំនួន ១,៥០៩នាក់។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ចូន។ តាមរបាយការណ៍ដដែលបានបញ្ជាក់ថាចំនួនគ្រោះថ្នាក់ចររាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២៤ បានថយចុះចំនួន ១៤% បើធៀបនឹងឆ្នាំ ២០២៣។
ករណីគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ ខណៈការប្រើប្រាស់យានយន្តមានការកើនឡើងទោះបីការប្រើប្រាស់យានយន្តមានភាពមមាញឹកនៅតាមដងផ្លូវក្តី។ គ្រោះថ្នាក់ចរាចរណ៍មានការថយចុះចំនួន ១៩៧លើក ស្មើ៨% (២២៣០លើក /២៤២៧លើក) ចំនួនអ្នកស្លាប់ ១,១៥៨នាក់ ស្មើពេលមុន និងអ្នករបួសថយចុះ ៣០៧នាក់ ស្មើ៩% (២៩៦២នាក់/៣២៦៩នាក់) នេះបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ប៉ុន្តែចំនួនអ្នកស្លាប់មិនមានការថយនោះទេ ដែលតម្រូវការបង្កើនការផ្សព្វផ្សាយពីការអប់រំ ការត្រួតពិនិត្យគុណភាពបច្ចេកទេសយានយន្ត និងរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យកាន់តែប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង