ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្យល់នៅភ្នំពេញ បានវិវត្តមករកភាពធម្មតាវិញ និងស្នើសុំសាធារណជន តាមដានព័ត៌មានគុណភាពខ្យល់ជាប្រចាំតាម App របស់ក្រសួងបរិស្ថាន

9

ភ្នំពេញ៖ឯកឧត្ដម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា គិតត្រឹមម៉ោង៤រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ គុណភាពខ្យល់នៅរាជធានីភ្នំពេញ បានវិវត្តមករកភាពធម្មតាវិញ ពោលគឺចុះក្រោមបន្ទាត់ក្រហម។
ឯកឧត្ដមបានលើកឡើងថា កំហាប់ភាគល្អិត PM2.5 គឺជាកម្រិតភាគល្អិតគិតជាមីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ដែលវាស់ជាក់ស្តែង ដោយប្រើប្រាស់ឧបករណ៍និងស្ថានីយតាមដានគុណភាពខ្យល់ដែលផ្តល់លទ្ធផលទិន្នន័យដោយស្វ័យប្រវត្តិ។ កំហាប់ភាគល្អិត PM2.5 នេះត្រូវបានយកមកគណនាជាសន្ទស្សន៍គុណភាពខ្យល់សម្រាប់វាយតម្លៃពី ស្ថានភាពដោយគុណភាពខ្យល់។ រូបមន្តមាននៅក្នុងប្រកាសលេខ ០៣៨ ប្រក.បស្ថ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២០ ក្រសួងបរិស្ថាន។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្តថា គុណភាពនៅរាជធានីភ្នំពេញ មានភាពល្អប្រសើរឡើងវិញនេះ ដោយសារមានការចូលរួមពីប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធចូលរួមទប់ស្តាត់ការបំពុលផ្សេងៗ ទៅលើបរិយាកាស។ ក្រៅពីនេះលោកបានស្នើដល់សាធារណសាធារណជន ធ្វើការតាមដានព័ត៌មានគុណភាពខ្យល់ជាប្រចាំតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន និងការពារសុខភាពឱ្យបានល្អ ប្រសិនបើមានស្ថានភាពសុខភាពខុសប្រក្រតី គួរតែពិគ្រោះជាមួយគ្រូពេទ្យ នៅតាមមន្ទីរពេទ្យ ដែលស្ថិតនៅក្បែរកន្លែងរស់នៅ។
អ្នកនាំពាក្យក្រសួងបរិស្ថាន រូបនេះបានបន្តថា សន្ទស្សន៍គុណភាពខ្យល់នៅកម្ពុជា ត្រូវបានគណនាដោយផ្អែកទៅលើកម្រិតនៃសារធាតុបំពុលខ្យល់ភាគ ល្អិតនិចល ដែលមានវិជ្ឈមាត្រតូចជាង ឬស្មើ ២.៥មីក្រូម៉ែត្រ (PM2.5) ក្នុងរយៈពេល ២៤ម៉ោង និងត្រូវបាន បែងចែកជាប្រាំកម្រិត គឺល្អណាស់ (សន្ទស្សន៍ចន្លោះពី ០-៥០ និងមានពណ៌ខៀវ) ល្អ (សន្ទស្សន៍ចន្លោះពី ៥១-១០០ និងមានពណ៌បៃតង) ល្អបង្គួរ ឬ ការបំពុលកម្រិតស្រាល (សន្ទស្សន៍ចន្លោះពី ១០១-១៥០ និង មានពណ៌លឿង) មធ្យម ឬ ការបំពុលកម្រិតមធ្យម (សន្ទស្សន៍ចន្លោះពី ១៥១-២០០ និងមានពណ៌ទឹកក្រូច) ខ្ពស់ ឬ ការបំពុលខ្លាំង (សន្ទស្សន៍ចន្លោះពី ២០១-៣០០ និងមានពណ៌ក្រហម) និងខ្ពស់ខ្លាំង ឬ ការបំពុល ធ្ងន់ធ្ងរ (សន្ទស្សន៍ចន្លោះពី ៣០១-៥០០ និងមានពណ៌ស្វាយ)។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ការបែងចែកសន្ទស្សន៍ និងកម្រិតផលប៉ះ ពាល់សុខភាពនៃសន្ទស្សន៍គុណភាពខ្យល់នៅកម្ពុជាគឺឆ្លើយតបទៅនឹងការបែងចែករបស់ប្រទេសនៅក្នុងតំបន់។ សន្ទស្សន៍នៃគុណភាពខ្យល់គឺមានមុខងារស្របគ្នាទៅនិងកំហាប់នៃសារធាតុបំពុល។ នៅចន្លោះនៃការ បរិយាយ សន្ទស្សន៍នៃគុណភាពខ្យល់នីមួយៗ គឺមានសន្ទស្សន៍នៃគុណភាពខ្យល់មួយៗដាច់ដោយឡែក។
គួរបញ្ជាក់ថា ការកើនឡើងកំហាប់សាធាតុបំពុលខ្យល់នៅក្នុងបរិយាកាសនេះ គឺពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុដែលបណ្តាលឲ្យភាគល្អិតនិចល PM2.5 មានការកើនឡើងព្រមទាំងការបញ្ចេញសារធាតុបំពុលពីប្រភពនានា ដូចជាមាន៖ ការដុតគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹងនៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត។ យ៉ាងណាក្តី ដើម្បីរក្សាគុណខ្យល់នៅក្នុងប្រទេសកម្ពុជាឱ្យបានល្អ ក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធបញ្ឈប់សកម្មភាពទាំងអស់នេះ និងក្រសួងបរិស្ថានបានដាក់ចេញវិធានការជាបន្តបន្ទាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង