អាជ្ញាធររាជធានី៖ប្រជុំផ្សព្វផ្សាយពង្រឹងការគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅខុនដូរ បុរី ផ្ទះសំណាក់ ផ្ទះជួលគ្រប់ប្រភេទនិងអាផាតមិន,ម្ចាស់ទីតាំងត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាន
ភ្នំពេញ៖ឯកឧត្ដម ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន បុរី សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលគ្រប់ប្រភេទក្នុងភូមិសាស្រ្តរាជធានីភ្នំពេញទាំងអស់ ត្រូវតែកត់ត្រាអត្តសញ្ញាណ ឬលិខិតឆ្លងដែន (ប៉ាស្ព័រ) របស់ភ្ញៀវបរទេសគ្រប់រូបដែលចូលស្នាក់នៅទីតាំងរបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីងាយស្រួលស្រាវជ្រាវ ស្វែងរកអត្តសញ្ញាណជនល្មើស។
ការណែនាំបែបនេះបានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ ខណៈឯកឧត្ដមអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការពង្រឹងការគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅដល់ម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន បុរី សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ» ដោយមានអ្នកចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ឯកឧត្ដម ហ៊ុន សុរិទ្ធី បានលើកឡើងថា ការអញ្ជើញម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន បុរី សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលគ្រប់ប្រភេទមកនេះ គឺរដ្ឋបាលរាជធានីភ្នំពេញ មានគោលបំណងណែនាំឲ្យម្ចាស់ទីតាំងអនុវត្តឲ្យបានត្រឹមត្រូវ ចំពោះច្បាប់ជាធរមាន។ ពោលត្រូវយកចិត្តទុកដាក់ ចំពោះភ្ញៀវ ពិសេសជនបរទេសដែលមកស្នាក់នៅ ខុនដូរ អាផាតមិន បុរី សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលគ្រប់ប្រភេទរបស់ខ្លួន ឲ្យបានត្រឹមត្រូវ និងម៉ត់ចត់ ដោយសារកន្លងមកនេះ អ្នកដែលបានស្នាក់នៅមួយចំនួន បានធ្វើសកម្មភាពបង្ករបទល្មើសផ្សេងៗ នៅក្នុងទីតាំងដែលខ្លួនស្នាក់នៅ។
ក្នុងន័យនេះ ទើបរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច ជំរុញឲ្យម្ចាស់ទីតាំងទាំងអស់ ត្រូវតែយក ឬកត់ត្រាពីអត្តសញ្ញាណរបស់ភ្ញៀវគ្រប់រូបដែលចូលស្នាក់នៅទីតាំងរបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់បទល្មើស។ ករណីបើមានបទល្មើសផ្សេងៗកើតមានឡើង គឺមានអត្តសញ្ញាណជនសង្ស័យ។
នាឱកាសនោះ ឯកឧត្ដមហ៊ុន សុរិទ្ធី បានណែនាំដល់ម្ចាស់ខុនដូរ អាផាតមិន បុរី សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលគ្រប់ប្រភេទទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីកត់ត្រានូវអត្តសញ្ញាណរបស់ជនបរទេស ដែលបានមកស្នាក់នៅទីតាំង ដើម្បីធានាបាននូវសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាវិស័យអាទិភាពមួយដ៏សំខាន់ គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ បើសិនម្ចាស់មានបញ្ហាអ្វី ពាក់ព័ន្ធនឹងការចុះឈ្មោះជនបរទេស ដែលមកស្នាក់នៅខុនដូរ អាផាតមិន បុរី សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលគ្រប់ប្រភេទ សូមទាក់ទងនឹងនគរបាលប៉ុស្តិ៍ ឬអធិការដ្ឋាន ដើម្បីទទួលបានការណែនាំលើវិធានការច្បាប់៕