គណបក្សប្រជាជនកម្ពុជា រៀបចំសន្និបាតគណៈកម្មាធិការកណ្តាល ២ថ្ងៃ នឹងមានការបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល មួយចំនួន
ភ្នំពេញ៖គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃសៅរ៌ទី២៥ ខែមករា ឆ្នាំ២០២៥នេះ បានបើកសន្និបាតគណៈកម្មាធិការកណ្តាលរបស់ខ្លួន រយៈពេល២ថ្ងៃ គឺថ្ងៃទី២៥និង២៦មករា២០២៥ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន។
សន្និបាតនេះបានធ្វើឡើងនៅវិមាន៧មករា ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សអមដោយអនុប្រធានទាំង៥រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលចូលរួម ១១៩១រូប។
សន្និបាតនេះ ក៏មានការចូលរួមពីសមាជិក សមាជិការដ្ឋសភា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា មន្ត្រីជាន់ខ្ពស់នៅក្នុងរាជរដ្ឋាភិបាល និង ក្រសួង ស្ថាប័ន តាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានរាជធានី ខេត្ត ថ្នាក់ដឹកនាំអង្គការមហាជនរបស់គណបក្ស ដែលធ្វើឲ្យសមាសភាពដែលបានអញ្ជើញចូលរួមសរុប មានចំនួនសរុប ៣៥៥៥រូបផងដែរ។
សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន នឹងធ្វើការពិភាក្សា និងអនុម័តលើការងារសំខាន់ៗគឺ៖
១៖ ពិនិត្យឆ្លងសេចក្តីព្រាង «របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ ២០២៤ និងទិសដៅភារកិច្ចការងារឆ្នាំ ២០២៥»។
២៖ បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល មួយចំនួន៕