ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” ដំណើរការសាងសង់គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណ ៤៥%ហើយ

54

ភ្នំពេញ៖គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” គិតមកដល់ពេលនេះ ការដ្ឋានទាំងមូល សម្រេចបានប្រមាណ៤៥%ហើយ ដោយគ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥។
គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ស្ពានជាប្រភេទបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) ដែលមានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ, បណ្ដោយតួស្ពាន ២៨១ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមក ខាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រវែង ១៨០ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះ អន្តរជាតិតេជោ ១៦១ម៉ែត្រ៕
គួរបញ្ជាក់ថា៖ ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតីបានធ្វើពិធីបើកការដា្ឋនកាលពីព្រឹកថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ ក្រោយពីឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន កាលពីនារសៀលថ្ងៃទី១៦មិថុនា។
ស្ពានអាកាសភ្លោះនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន១៦,២០០,៥០០ ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ។
ស្ពានទី១: ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។
ស្ពានទី២: ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ មហាវិថីសម្តេចតេជោ ហ៊ុន សែន។ ទម្ងន់ផ្ទុកអនុញ្ញាត : ២៥តោន កម្ពស់សុវត្ថិភាព:៥.៥០ម៉ែត្រ ( ត្រង់ចំនុចប្រសព្វផ្លូវជាតិលេខ២ )៕អត្តបទនិងរូបភាពដកចេញពីផេកផ្លូវការរបស់សម្ដេចធិបតីហ៊ុន ម៉ាណែតចេញផ្សាយថ្ងៃ២៦មករា២០២៥

អត្ថបទដែលជាប់ទាក់ទង