ប្រកាសព័ត៌មាន ស្តីពីការសរុបព្រឹត្តិការណ៍ថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ
ភ្នំពេញ៖នារសៀលថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៦៖០០ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នឹងការបោះឆ្នោតក្រោមអធិបតីភាព ឯកឧត្ដមប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីផ្សព្វផ្សាយអំពីការសរុបព្រឹត្តិការណ៍ទូទៅនៃថ្ងៃបោះឆ្នោត និងការប្រកាសលទ្ធផលបឋម សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។
ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដែលបានប្រព្រឹត្តទៅ មានដូចខាងក្រោម៖
នៅវេលាម៉ោង ៧៖០០ព្រឹក ថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ ការិយាល័យបោះឆ្នោត លេខ ០០០៦ ដែលមានទីតាំងនៅសាលាបឋមសិក្សាស្មាច់ដែង ក្នុងឃុំរាម នៃខេត្តព្រះសីហនុ បានបើកដំណើរការដើម្បីឱ្យអ្នកបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំក្នុងមុខតំណែងនៃឃុំទាំងប្រាំ ( រួមមាន សង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ) ចំណុះឱ្យក្រុងកំពង់សោម ធ្វើការបោះឆ្នោតតាមការកំណត់នៃច្បាប់។ អ្នកបោះឆ្នោត ដែលបានអញ្ជើញទៅបោះឆ្នោតមានចំនួន ៣១ នាក់ ស្មើនឹង ១០០% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប ៣១ នាក់។
ការបោះឆ្នោតត្រូវបានបិទបញ្ចប់នៅវេលាម៉ោង ៨:០៦នាទីព្រឹក បន្ទាប់ពីអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានបោះគ្រប់ចំនួន។
បន្ទាប់ពីបិទការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោតក៏ចាប់ផ្តើមភ្លាមៗនៅនឹងកន្លែង តាមនីតិវិធី និងសេចក្ដីណែនាំរបស់ គ.ជ.ប ក្រោមការឃ្លាំមើលពីភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត។
ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ក៏បានវាយតម្លៃថា ដំណើរការនៃការបោះឆ្នោតឡើងវិញនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ប្រកបដោយសន្តិសុខ សុវត្ថិភាព មានសណ្តាប់ធ្នាប់ល្អ និងត្រូវបានគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍បោះឆ្នោត អ្នកសារព័ត៌មាន ចូលរួមតាមដាន សង្កេតការណ៍យ៉ាងយកចិត្តទុកដាក់។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនាពេលនោះ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ជូនតាមដំណាក់កាលនីមួយៗ មានតាំងពីដំណាក់កាល ការត្រៀមលក្ខណៈរៀបចំការបោះឆ្នោត ដំណើរការរៀបចំការបោះឆ្នោត ដំណើរការឃោសនាបោះឆ្នោត ការបោះឆ្នោត រាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។
ក្នុងដំណើរការត្រៀមលក្ខណៈរៀបចំការបោះឆ្នោតឯកឧត្ដម ប្រាជ្ញ ចន្ទ បានថ្លែងថា យោងអនុក្រឹត្យលេខ ២០១ អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពី សមាជិកក្រុមប្រឹក្សាក្រុងកំពង់សោម សម្រាប់អាណត្តិទី១ នេះមាន ១៣រូប និងបានកំណត់យកថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ ជាថ្ងៃបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ គ.ជ.ប ក៏បានចេញសេចក្ដីសម្រេចលេខ ៤៦៨ គ.ជ.ប ស.ស.រ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ស្ដីពីការអនុវត្តការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ ស្របតាមមាត្រា២៥ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលចែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្នុងករណីរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបង្កើតថ្មី ត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរ ២៤០ថ្ងៃ។
ឯកឧត្ដម ប្រាជ្ញ ចន្ទ បានបន្តទៀតថា ដើម្បីធានាឱ្យដំណើរការនៃការអនុវត្តការងារនេះ បានប្រព្រឹត្តទៅដោយរលូន ស្របតាមច្បាប់ និងស្របតាមដំណាក់កាលនីមួយៗ អគ្គលេខាធិការដ្ឋាន គ.ជ.ប បានកសាងផែនការមេ ប្រតិទិន ព្រមទាំងឯកសារគតិយុត្តមួយចំនួនទៀត ដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេច សម្រាប់បម្រើឱ្យការបោះឆ្នោតឡើងវិញនេះ ដោយបានតាក់តែងឡើងឱ្យស្របតាមស្ថានភាព នៃការអនុវត្តការងារជាក់ស្តែង។
ទន្ទឹមនឹងនេះ គ.ជ.ប បានធ្វើការជ្រើសរើស និងតែងតាំងគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ រួមនឹងមន្រ្តីបោះឆ្នោតមួយចំនួន និងបានធ្វើការបណ្តុះបណ្តាល ដើម្បីបំពេញការងារ។ គ.ជ.ប បានធ្វើការប្រជុំជាមួយភាគីពាក់ព័ន្ធ និងបានផលិតសម្ភារ ឯកសារ និងបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដែលមានជាអាទិ៍ ប្រតិទិន សេចក្ដីសម្រេច សេចក្ដីណែនាំ សៀវភៅណែនាំ សៀវភៅបត់ សៀវភៅសម្រាប់អ្នកបោះឆ្នោត ស្ទិកគ័រ ខិត្តបណ្ណ សេចក្ដីជូនដំណឹង សេចក្ដីប្រកាសព័ត៌មាន ព័ត៌មានស្ដីពីសកម្មភាពសំខាន់ៗរបស់ គ.ជ.ប បទយកការណ៍ កម្មវិធីស្វែងយល់ កិច្ចសម្ភាសន៍តាមប្រព័ន្ធអនឡាញ និងឯកសារផ្លូវការមួយចំនួនទៀត។
ក្នុងដំណាក់កាលរៀបចំការបោះឆ្នោត ឯកឧត្ដមប្រាជ្ញ ចន្ទ បានជម្រាបជូនអំពីដំណើរការនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដែលមានគណបក្សនយោបាយចំនួន ៤ ត្រូវបានទទួលស្គាល់ជាផ្លូវការក្នុងការចូលរួមការបោះឆ្នោត គឺ គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្ស ឆន្ទៈខ្មែរ និងគណបក្ស កម្លាំងជាតិ។
ជាមួយគ្នានេះ ឯកឧត្ដមក៏បានជម្រាបជូន អំពីការរៀបចំបញ្ជីបោះឆ្នោត ដែលមានឈ្មោះអ្នកបោះឆ្នោតសរុបចំនួន ៣១ នាក់ ការចុះភ្នាក់ងារគណបក្សនយោបាយមាន ៤ គណបក្ស អ្នកសង្កេតការណ៍បោះឆ្នោតជាតិសរុប ៦ នាក់ ភ្ញៀវពិសេស ១ នាក់ មកពីសាកលវិទ្យាល័យតូក្យូ នៃប្រទេសជប៉ុន ព្រមទាំងអ្នកសារព័ត៌មានជាតិសរុបចំនួន ១៧ នាក់។
ក្នុងដំណាក់កាលឃោសនាបោះឆ្នោតឯកឧត្ដមប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ការឃោសនាបោះឆ្នោតមានរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។
គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត មានសិទ្ធិស្មើគ្នាក្នុងការឃោសនាបោះឆ្នោត។ សភាព-ការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
អំពីការប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម ឯកឧត្ដមប្រាជ្ញ ចន្ទ បានថ្លែងថា លទ្ធផលបឋមនៃការបោះឆ្នោតត្រូវបានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ ទាំងនៅថ្នាក់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ និងនៅថ្នាក់ គ.ជ.ប។ ដោយមានកិច្ចសហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុជាតិកម្ពុជា លទ្ធផលបឋមនៃការបោះឆ្នោត ត្រូវបានប្រកាសផ្សាយតាមរយៈទូរទស្សន៍ជាតិកម្ពុជា (ទទក) ផ្សាយតាមវិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងតាមប្រព័ន្ធអ៊ីនធឺណិត តាមរយៈអាសយដ្ឋានវេបwww.nec.gov.kh, App “CamNEC News”, Channel YouTube និងតាម Facebook Page របស់ គ.ជ.ប ផងដែរ។
ឯកត្ដមប្រាជ្ញ ចន្ទ បានបន្តទៀតថា តាមនីតិវិធីនៃការបោះឆ្នោត ក្រោយពីទទួលបានឯកសារពីការិយាល័យបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ ត្រូវបង្កើតមជ្ឈមណ្ឌលមួយសម្រាប់ត្រួតពិនិត្យបញ្ជាក់ និងបូកសរុបលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ដើម្បីផ្ញើជូន គ.ជ.ប ពិនិត្យ សម្រេចជាលទ្ធផលបោះឆ្នោតផ្លូវការ។
លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនឹងត្រូវបិទផ្សាយនៅលេខាធិការដ្ឋាននៃគណៈកម្មការ-រៀបចំការបោះឆ្នោតខេត្តព្រះសីហនុ ដើម្បីឱ្យគណបក្សនយោបាយធ្វើការប្តឹងតវ៉ាមក គ.ជ.ប អំពីលទ្ធផលនៃការបោះឆ្នោតក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ បន្ទាប់ពីថ្ងៃបិទផ្សាយ។ បន្ទាប់ពីបញ្ចប់ដំណាក់កាលបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត និងការដោះស្រាយ ពាក្យបណ្ដឹង (ប្រសិនបើមាន) គ.ជ.ប ត្រូវប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោត ។
មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកនៃក្រុមប្រឹក្សាឃុំក្នុងមុខតំណែងទាំងអស់ ដែលបានចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដែលជាតំណាងរបស់ប្រជាពលរដ្ឋក្នុងការដឹកនាំការអភិវឌ្ឍ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។
ឯកឧត្ដមក៏បានថ្លែងអំណរគុណចំពោះគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត អាជ្ញាធរមានសមត្ថកិច្ច មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោតជាតិ ភ្ញៀវពិសេស អ្នកសារព័ត៌មានជាតិ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម និងសហការអនុវត្តតាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដែលជាការរួមចំណែកដ៏សំខាន់ធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ នេះ ប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយសន្តិសុខ សុវត្ថិភាព គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានសណ្តាប់ធ្នាប់ល្អ៕