ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រះសង្ឃ ពលរដ្ឋខេត្តកំពង់ចាម អបអរសាទរល្ខោនខោល ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

66

កំពង់ចាម៖ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ «ល្ខោនខោល» ត្រូវ បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ និងអបអរសាទរខួប២ឆ្នាំ នៃការដាក់បញ្ចូល ចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០១៨។ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងជនរួមជាតិកម្ពុជាគ្រប់រូប សូមចូលរួមអបអរសាទរ វាយគង ទូងស្គរ ទះប៉ោត គោះត្រដោក នៅម៉ោង១០យប់ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទូទាំងប្រទេសកម្ពុជា។

  ដោយឡែកក្នុងខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានរៀបចំពិធីទូងស្គរ នៅមុខសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សយ៉ាងច្រើនកុះករ ហើយ នៅ តាម ទី វត្តអារាម នានា ក៏ បាន រៀបចំ ពិធី នេះ ផងដែរ ។

សូមបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបានធ្វើការអបអរសាទរ ដែលល្ខោនខោលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុង ព័រល្វី សាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ ២០១៨នេះ នៅក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស បានអនុម័តយល់ព្រមចុះល្ខោនខោល ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិតាមសេចក្តីសម្រេច Decision 13.COM.10.a.3 ។

លោក គួច ចំរើន បាន ថ្លែង ថា ការសម្រេចរបស់គណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូនៅពេលនេះគឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានិងការខិតខំពុះពារចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំមន្រ្តីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈដោយមានកិច្ចសហការគាំទ្រយ៉ាងផុសផុលពីសិល្បករ អង្គការសមាគម សង្គមស៊ីវិល ក្នុងវិស័យសិល្បៈវប្បធម៌ និងការជួយគាំទ្រលើកទឹកចិត្ត ពីមហាជននិងស្រទាប់យុវជនកម្ពុជាទាំងមូលទើបយើង បានទទួលនូវលទ្ធផលជោគជ័យនៃការដាក់បញ្ចូលនូវល្ខោនខោលនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដ៏ត្រចះត្រចង់នេះ។  បេតិកភណ្ឌវប្បធម៌រូបិយរបស់ជាតិយើងបានរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជាល្បីរន្ទឺលើឆាកអន្តរជាតិព្រមទាំងជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោកថែមទៀតផង។

ជាមួយ គ្នា នោះ លោកអភិបាលខេត្ត ក៏បាន សូមបងប្អូនប្រជាពលរដ្ឋចូលរួមគាំទ្រថែរក្សាការពារ និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ជាតិយើងផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង