ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅសល់តែ៥ថ្ងៃទៀតព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុ ស្សាវរីយ៍លើកទី៧៥ទំនាក់ទំនងការទូតចាប់ផ្ដើម

28

ភ្នំពេញ៖នៅសល់តែរយៈពេល៥ថ្ងៃទៀតប៉ុណ្ណោះព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជា
ណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃនឹងឈានដល់ការចាប់ផ្តើមការប្រកួតហើយ នៅពហុកីឡ
ដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមជាសហអធិបតីភាព ពីសំណាក់រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំង២ ក្នុងការបើកការប្រកួតនេះ។
ពាក់ព័ន្ធនិងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃនេះ រដ្ឋបាលរាជធានីភ្នំពេញ ជាមួយស្ថាប័នពាក់ព័ន្ធ បានបើកកិច្ចប្រជុំត្រួតពិនិត្យលើការរៀបចំព្រឹត្តិការណ៍នេះចំនួន៤លើកហើយ ដោយកិច្ចប្រជុំលើកទី៤នេះ បានធ្វើឡើងនារសៀលថ្ងៃទី០៣មិនាឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញតំណាង ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម កើត ឆែ បានមានប្រសាសន៍លើកឡើងថា៖ ការកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃនេះ ធ្វើឡើង ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធបានត្រៀមលក្ខណៈបានគ្រប់ជ្រុងជ្រោយទាំងការរក្សាសន្តិសុខ សុវត្ថិភាព ទាំងការរៀបចំទីតាំង សំរាប់អ្នកចូលរួមទស្សនា និងចំណតជាដើម ហើយចំពោះកិច្ចប្រជុំលើកទី៤នេះ ជាកិច្ចប្រជុំចុងក្រោយ ដើម្បីពិនិត្យការងារដែលនៅសេសសល់ ថាតើយើងត្រូវធ្វើអ្វីទៀតបំពេញបន្ថែម ដើម្បីឈានទៅទទួលបានជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍នៃការប្រកួតនាថ្ងៃទី០៨ មិនាឆ្នាំ២០២៥ខាងមុខនេះ។
ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដោយឯកឧត្ដមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានិងឯកឧត្ដមរដ្ឋមន្រ្តីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃនឹងអញ្ជើញចូលរួមជាសហអធិបតី ជាមួយនឹងការផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័ន និងទូរទស្សន៍របស់ថៃ កាច់បន្តផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័នផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋថៃបានទស្សនាព្រមៗគ្នា ជាមួយប្រជាពលរដ្ឋកម្ពុជាដែរ។ ការប្រកួត កីឡាបាល់ទាត់កម្ពុជា-ថៃនេះ គឺជាការប្រកួតមិត្តភាព ដែលមាន កីឡាករនិងតារាល្បីៗរបស់ថៃ និងកីឡាករនិងតារាល្បីៗរបស់កម្ពុជាមកចូលរួមជាកីឡាករជាច្រើននាក់ ក្នុងគោលបំណងរិតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរថែមទៀត។
គួរបញ្ជាក់ថា៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ មាន២ប្រកួត នោះគឺ- ទី១ក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ។
ទី២ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI៕

អត្ថបទដែលជាប់ទាក់ទង