ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការនគរបាលរាជធានី៖ដាក់ចេញនូវផែនការកាត់ផ្ដាច់ចរន្ដ នៃការចែកចាយគ្រឿងញៀននៅតាមទីតាំងសប្បាយដ្ឋាន,តាមរយៈការបង្ក្រាបមេក្លោងកែច្នៃ និងបក្ខពួក

13


ភ្នំពេញ៖ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការកាត់ផ្ដាច់ចរន្ដ នៃការចែកចាយគ្រឿងញៀននៅតាមទីតាំងសប្បាយដ្ឋាន តាមរយៈការបង្ក្រាបមេក្លោងកែច្នៃ និងបក្ខពួកដែលជាបណ្ដាញនៃការចែកចាយ កាលពីសប្ដាហ៍កន្លងទៅនេះ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
ក្នុងកិច្ចសម្ភាសនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបមេក្លោងដែលមានជំនាញក្នុងការកែច្នៃគ្រឿងញៀន និងបណ្ដាញរបស់ពួកគេ សរុបចំនួន៣នាក់ រួមជាមួយគ្រឿងញៀនដែលកែច្នៃរួច ព្រមទាំងសម្ភារ ឧបករណ៍បម្រើឲ្យការកែច្នៃមួយចំនួនទៀត។
ក្នុងនោះឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ចំនួន៦ករណី ឃាត់ខ្លួនមនុស្សសរុបចំនួន២៤នាក់ ក្នុងនោះមានទាំងជនជាតិខ្មែរ និងជនបរទេស ហើយត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
ទន្ទឹមនឹងវិធានការបង្ក្រាបនេះ ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏មិនបោះបង់ចោលនូវវិធានការផ្សព្វផ្សាយអប់រំ តាមរយៈការធ្វើវេទិកាសាធារណៈ និងបញ្ជ្រៀបការយល់ដឹងទៅដល់គោលដៅងាយរងគ្រោះ ពិសេសទីតាំងស្នាក់នៅរបស់កម្មករ បុគ្គលិកជាដើម ដើម្បីឲ្យពួកគាត់បានយល់អំពីផលប៉ះពាល់នៃគ្រឿងញៀន។
ឯកឧត្ដមក៏បានណែនាំឲ្យបង្កើនការផ្សព្វផ្សាយដល់ម្ចាស់ទីតាំងអគារស្នាក់នៅ ឬខុនដូរ ដែលជាទីតាំងអាចក្លាយទៅជាជម្រកនៃការលួចកែច្នៃ ឬប្រើប្រាស់គ្រឿងញៀន ដើម្បីឲ្យម្ចាស់ទីតាំងទាំងអស់ផ្ដល់នូវកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ នៅពេលឃើញមានករណីសង្ស័យណាមួយកើតឡើង។ ឯកឧត្ដមបានក្រើនរំលឹកដល់ម្ចាស់ទីតាំងទាំងអស់នោះ ត្រូវធ្វើលិខិតស្នាមនៃការជួលឲ្យអ្នកស្នាក់នៅទាំងជនជាតិខ្មែរ និងជនបរទេសឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យមានជាប់ពាក់ព័ន្ធនៅពេលមានបទល្មើសកើតឡើង៕

អត្ថបទដែលជាប់ទាក់ទង