ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី៖និស្សិតត្រូវអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានជាប់ជាប្រចាំ ដើម្បីទទួលបានឱកាសការងារកាន់តែប្រសើរ

22

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំទៅកាន់និស្សិតទាំងអស់ត្រូវតែបន្តអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពខ្លួនជានិច្ចជាប់ជាប្រចាំ ដើម្បីទទួលបានឱកាសការងារកាន់តែប្រសើរ។ សម្ដេចបានបញ្ជាក់ថា ការរៀននៅសាលាធ្វើឱ្យយើងទទួលបានសញ្ញាឃើញដើម្បីជួយបើកផ្លូវទៅកន្លែងធ្វើការ ប៉ុន្តែនៅពេលដែលយើងធ្វើការងារ គឺត្រូវការសញ្ញាឃើញ ដោយសញ្ញាឃើញនេះហើយដែលអាចឱ្យយើងមានការវិវត្តិនៅកន្លែងធ្វើការ។
ការថ្លែងបែបនេះរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
សម្ដេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ «ត្រូវរៀនដោយខ្លួនឯង រៀនស្វ័យសិក្សាខ្លួនឯង ត្រូវរៀនគ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់មធ្យោបាយទាំងអស់ រួមទាំងស្វ័យសិក្សា ដកពិសោធន៍ខ្លួនឯងរួមទាំងការស្រាវជ្រាវ។ សៀវភៅជួយយើងច្រើន យើងរៀននៅសាលាជាចំណេះរឹង តែចំណេះទន់យើងអានរៀនដោយខ្លួនឯង តាមរយៈសៀវភៅ។សម្ដេចបញ្ជាក់ថា៖ ខ្ញុំបានរៀនខ្លួនឯងច្រើន ខ្ញុំអានសៀវភៅប្រវត្តិសាស្រ្ត សៀវភៅទស្សនវិទ្យាច្រើន នៅពេលខ្ញុំចាប់ផ្ដើមដឹកនាំពីអង្គភាពប្រឆាំងភេរវកម្ម រហូតដល់មបញ្ជាកាតកងទ័ពជើងគោក ខ្ញុំអានសៀវភៅច្រើនទាក់ទងការអភិវឌ្ឍខ្លួនឯង។ ព្រោះពេលហ្នឹងយើងត្រូវយល់អំពីចក្ខុវិស័យ និងរបៀបដឹកនាំមួយចំនួនដែលយើងត្រូវការបទពិសោធន៍ពីគេមកដឹកនាំ ព្រោះលំបាកបំផុតគឺការធ្វើការជាមួយមនុស្ស និងដឹកនាំមនុស្ស។ ដឹកនាំមនុស្សមានអារម្មណ៍ ថ្ងៃនេះល្អ ថ្ងៃស្អែកអាចមិនល្អ អញ្ចឹងដើម្បីធានាប្រសិទ្ធភាពការងារត្រូវយល់ ហើយជាពិសេសការងារដែលយើងមានមនុស្សជាច្រើននៅពីក្រោម»។
នៅក្នុងឱកាសនោះសម្ដេចបានសង្កត់ន័យច្បាស់ៗថា នៅក្នុងកន្លែងការងារ បើសិនជាយើងមិនបញ្ចេញសមត្ថភាពទេ កុំបន្ទោសគេដែលមើលមិនឃើញ បើទោះជាយើងជាដុំពេជ្រក៏ដោយ បើពេជ្រនៅក្នុងភក់ មិនមាននរណាឃើញ ក៏គេមិនអាចដឹងថានោះជាដុំពេជ្រដែរ។ ត្រូវរៀនសូត្រជាប្រចាំ រៀនរហូត ហើយត្រូវធ្វើជាធនធាន កុំធ្វើជាបន្ទុក នោះនឹងអាចទទួលបានឱកាសកាន់តែខ្ពស់ ទោះបីជាឱកាសមិនទាន់ទៅដល់ក៏ដោយកុំបាក់ទឹកចិត្តឱ្យសោះ។
នៅក្នុងឱកាសនោះ សម្ដេចនាយករដ្ឋមន្រ្តី បានផ្ដល់នូវទស្សនមួយ ដែលត្រូវគ្រប់សម័យកាល ពីអតីតប្រធានាធិបតីអាមេរិក John F. Kennedy ដែលបានលើកឡើងថា «សូមកុំសួរថាប្រទេសរបស់អ្នកបានផ្ដល់អ្វីឱ្យអ្នក ត្រូវសួរថាតើអ្នកអាចធ្វើអ្វីខ្លះដើម្បីប្រទេសរបស់ខ្លួន» នេះគឺជាការបណ្ដុះស្មារតីស្នេហាជាតិ តាមរយៈការចូលរួមលក្ខណៈស្ថាបនា និងមានការទទួលខុសត្រូវរៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង