ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន រៀបរាប់ពីប្រវត្តិអប់រំកូនៗយ៉ាងតឹងតែងប្រកបដោយវិន័យ ដើម្បីក្លាយជាអ្នកបម្រើជាតិពេលនេះ ហើយសង្ឃឹមថា កូនៗនឹងខិតខំអប់រំចៅ ពិសេសផ្តោតលើគុណធម៌ ចរិយាធម៌ សិលធម៌

7


ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានរៀបរាប់អំពីប្រវត្តិអប់រំកូនៗរបស់សម្តេចយ៉ាងតឹងតែង ប្រកបដោយវិន័យ នាពេលកន្លងទៅ ដែលធ្វើឱ្យពួកគាត់ពេលនេះ បានក្លាយទៅជា ធនធានដ៏សំខាន់ ដែលបានចូលរួមបម្រើជាតិមាតុភូមិ។ សម្តេចក៏សង្ឃឹមដែរថា កូនៗរបស់សម្តេចនឹងខិតខំបណ្តុះបណ្តាល អ ប់រំចៅៗរបស់សម្តេច ឱ្យក្លាយទៅជាធនធានដ៏ល្អ ពិសេសផ្តោតលើគុណធម៌ ចរិយាធម៌ សិលធម៌ ព្រមទាំងចេះជួយអ្នកដទៃ។
ខាងក្រោមនេះជាការរៀបរាប់របស់សម្តេចតេជោ ហ៊ុន សែន៖«ពេជ្រកំពុងឆ្នៃ និងពេជ្រកែឆ្នៃរួច និងកំពុងរក្សាទុក ឬនិយាយមួយបែប គឺដាវកំពុងផលិត ដាវកំពុងប្រើនិងកំពុងសំលៀងបន្ត។
រូបថតប៉ុន្មានសន្លឹកនេះបង្ហាញពីជោគជ័យ នៃការអប់រំបណ្តុះបណ្តាលកូនៗ ដែលពុកម៉ែប្រើពេលជាង៤០ឆ្នាំ ទើបទទួលផលដូចថ្ងៃនេះ។ទោះពួកកូន ជាកូននាយករដ្ឋមន្ត្រី តែពួកកូនមិនមានម៉ូតូឬឡានជិះទេ ពួកកូនត្រូវដើរទៅរៀនព្រោះសាលាមិនឆ្ងាយពីផ្ទះទេ (សាលាចតុមុខ) សំណាងជាងគេ ម៉ាណែត បានកង់ជិះព្រោះត្រូវរៀននៅវិទ្យាល័យព្រះសុីសុវត្តិ ដែលឆ្ងាយជាងគេបន្តិច។ ពុកមានលទ្ធភាពគ្រប់គ្រាន់ទិញឡាន ឬម៉ូតូឲ្យកូនជិះតែពុក ចង់ឲ្យពួកកូនស្គាល់ នូវជីវភាពប្រជាជនធម្មតាដូចកាលពុកនៅពីក្មេង។
ពេលកូនណាមួយមានកំហុស ពួកកូនត្រូវជាប់វិន័យទាំងអស់គ្នាដោយអង្គុយអានសៀវភៅទាំងអស់គ្នា ព្រោះពុកចង់ឲ្យពួកកូនចេះជួយដាស់តឿនគ្នា សាមគ្គីគ្នាដើម្បីជៀសវាងជាប់វិន័យទាំងអស់គ្នា។ ពេលពួកកូនចេញទៅរៀននៅក្រៅប្រទេស ពុកទៅសរសេរវិន័យបិទក្នុងបន្ទប់គេង បន្ទប់ទឹកដែលពុកចាំជាងគេ នៅបារាំងសម្រាប់ម៉ានិត ម៉ានី ម៉ាលី គឺ(ចេញពីផ្ទះ៥០០ម៉ែត្រត្រូវប្រាប់បងណាហ្រ្គា និងសុខហ៊ា និងចាយលុយលើស 100France ត្រូវសុំការអនុញ្ញាតពីសុខហ៊ា)។ ពេលពួកកូនចេញទៅរៀនជុំគ្នានៅអាមេរិក ដែលមានម៉ាណា ម៉ានិត ម៉ានី ម៉ាលី លើកលែងតែម៉ាណែត ពុកសរេសរវិន័យ (ដើរឃ្លាតពីផ្ទះ ៥០០ម៉ែត្រត្រូវសុំអ៊ំ ចាយលុយលើស៥០ដុល្លារត្រូវសុំពីអ៊ំ) ទាំងនៅបារាំងទាំងនៅអាមេរិកសុទ្ធមានការ កំណត់ម៉ោងត្រូវចូលគេង និងត្រូវបិទភ្លើងបិទម៉ាសុីនកំដៅម៉ាសុីនត្រជាក់ ដើម្បីសន្សំសំចៃភ្លើង។
ពុកម៉ែសូមអរគុណកូនៗ ដែលជាង២០ឆ្នាំមុន បាននិយាយជាមួយគ្នាដែលពុកបានលួចស្តាប់ឮម៉ានិតនិយាយថា ប្រាប់ទាំងអស់គ្នាថា (ពុកម៉ែតឹងតែងចំពោះពួកយើងគឺចង់ឲ្យយើងល្អ)។
ពិតមែនតែពេលនេះពួកកូនមានប្រពន្ធមានប្តី និងមានកូនព្រមទាំងចេញដឹកនាំប្រទេស ឬចូលរួមក្នុងការងារបម្រើជាតិ ក្នុងឋានៈខ្ពង់ខ្ពស់តែពុកនៅរង់ចាំធ្វើជាថ្មសំលៀងសម្រាប់ពួកកូនតទៅទៀត។ ពុកម៉ែចង់ឲ្យកូនៗខិតខំបណ្តុះបណ្តាលអប់រំកូនៗ ដែលជាចៅរបស់ពុកម៉ែតាមរបៀបពុកម៉ែតទៅទៀត ពិសេសផ្តោតលើគុណធម៌ ចរិយាធម៌ សិលធម៌ចេះជួយអ្នកក្រីក្រ ទន់ខ្សោយ គោរពចាស់ទុំ សុភាពរាបសារ មិនឆ្មើងឆ្មៃ។ល។ ចៅរបស់ពុកម៉ែជាចៅល្អហើយតែត្រូវតែតាមតម្រង់ទិសពួកគេ តទៅទៀត»៕

អត្ថបទដែលជាប់ទាក់ទង