ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនកូនជាងម្នាក់ ក្រោយយកកាំបិតប៉័ងតោ កាប់ទៅលើមេការអោយរងរបួសធ្ងន់

12

ភ្នំពេញ ៖ នគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនកូនជាងម្នាក់ ក្រោយយកកាំបិតប៉័ងតោ កាប់ប្រហារទៅលើមេជាង បណ្តាលអោយរងរបួសធ្ងន់ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅចំណុចការ៉ាស់ជួសជុលរថយន្ត យីហោបូព៌ាអាស៊ី ស្ថិតនៅតាមផ្លូវ៥៩៨ ក្នុងភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ម៉ង សារឿន អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការជាងជួសជុលរថយន្តមានទីលំនៅ ភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (របួសធ្ងន់ធ្ងរ)។
ចំណែកជនសង្ស័យឈ្មោះ ថន នុត អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្លូវ៥៩៨ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងធ្វើការនៅចណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យម្នាក់ ដែលជាកូនជាងនៅការ៉ាស់ ធ្វើការជាមួយគ្នា ដែលធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមក និងមានគំនុំគុំគួននឹងគ្នា បានយកកាំបិតប៉័ងតោ ដែលជនសង្ស័យបានទិញពីផ្សារមកលាក់ទុកក្នុងខ្លួន ។ ពេលឃើញឱកាសល្អ ជនសង្ស័យបានដកកាំបិតពីចង្កេះ ធ្វើសកម្មភាពកាប់លើជនរងគ្រោះបណ្តាលអោយត្រូវស្មាក្រោយខាងស្តាំ របួសធ្ងន់ធ្ងរ រួចរត់គេចខ្លួនបាត់។បន្ទាប់មកជនរងគ្រោះ ត្រូវបានអ្នកធ្វើការជាមួយបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យកាលម៉ែត ហើយប្រពន្ធជនរងគ្រោះ បានឡើងមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ។
ក្រោយទទួលបណ្តឹងកំលាំងជំនាញខណ្ឌ-ប៉ុស្តិ៍ សហការណ៍ជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ក៏កំណាត់មុខសញ្ញាឈានដល់ឃាត់ខ្លួនបានជនសង្ស័យ នៅរសៀលថ្ងៃ ខែ ឆ្នាំដដែល នៅចំណុចបេនឡាន ផ្លូវ១០៩ កែង១១៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា យកមកកា់ន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលសង្កែទី២ ដើម្បីចាត់ការតាមនិតិវិធី។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង