ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកសន្និបាតក្រសួងមុខងារសាធារណៈ
ភ្នំពេញ៖ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ» នៅ ដឺព្រេមៀសេនធ័រសែនសុខ រាជធានីភ្នំពេញ។
សន្និបាតនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការឯកឧត្ថម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ តំណាងក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមន្ទីរមុខងារសាធារណៈ រាជធានី-ខេត្ត ព្រមទាំងអ្នកសារព័ត៌មាន សរុបប្រមាណ ៧០០នាក់។
ថ្លែងក្នុងពិធីបើកនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងអំពី សមិទ្ធផលជាច្រើនដែលក្រសួងសម្រេចទៅបានកន្លងមកនេះ អាស្រ័យដោយកត្តាសំខាន់ ៣យ៉ាងរួមមាន៖
ទី១៖ កត្តាគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ និងការតម្រង់ទិសជាប្រចាំនិង ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ទី២៖ កត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ គឺដោយសារតែយើងមាន ចក្ខុវិស័យ និងផែនការច្បាស់លាស់ មានរចនាសម្ព័ន្ធការងារត្រឹមត្រូវ មានប្រព័ន្ធ ការងារល្អ និងជាពិសេសមានថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់កម្រិត ដែលមានជំនាញ សមត្ថភាពខ្ពស់ និងបំពេញការងារឈរលើមូលដ្ឋានអភិក្រមបុរេសកម្ម យោគយល់ អធ្យាស្រ័យ និងសហការគ្នា ស្មារតីជាក្រុម និងទទួលខុសត្រូវខ្ពស់ទៅតាមជំនាញ និងភារកិច្ចរៀងៗខ្លួន។
ទី៣៖ កត្តាក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការ សម្របសម្រួល និងគាំទ្រ ឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ឈានទៅសម្រេចសមិទ្ធផល ដែលជាគោលបំណងរួមគ្នា ក្នុងប្រយោជន៍ នៃការកសាងរដ្ឋបាលសាធារណៈទំនើបរបស់កម្ពុជា។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ដើម្បីបំពេញនូវបេសកកម្មដ៏ថ្លៃថ្លា ប្រកបដោយកិត្តិយសដ៏ឧត្តុងឧត្តមបន្ថែម លើអ្វីដែលជាសមិទ្ធផលកន្លងមក ក្រសួងពិតជាមានភាពចាំបាច់ក្នុងការកំណត់ ទិសដៅសម្រាប់ជំហានបន្ទាប់ ដោយផ្តើមចេញពីការវាយតម្លៃច្បាស់លាស់នូវបញ្ហា ប្រឈមនាពេលបច្ចុប្បន្ន ចំណុចខ្លាំង ចំណុចខ្សោយ និងនិន្នាការក្នុងពេលអនាគត ដើម្បីដាក់ចេញនូវផែនការយុទ្ធសាស្ត្រ វិធានការ និងវិធីសាស្ត្រនានា ដើម្បីបន្តពង្រឹង និងកែលម្អអភិបាលកិច្ច និងធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈ ទំនើបមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលអាចបម្រើប្រជាជនបានកាន់តែល្អប្រសើរ។
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារ មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំពិតជាមានមោទនភាពណាស់ ចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលបាននិងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា» ។
បន្ទាប់ពី ពិធីបើកត្រូវបានបញ្ចប់ អង្គសន្និបាតមានការធ្វើបទបង្ហាញរបស់វាគ្មិនជា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមុខងារសាធារណៈ និងវេទិកាសំណួរ ចម្លើយ លើប្រធានបទដែលបានបង្ហាញ និងការងារពាក់ព័ន្ធ។ សូមជម្រាបថា សន្និបាតនេះ នឹងប្រពឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥៕