ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ហាញមោទនភាព ចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ

20

ភ្នំពេញ៖ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា៖ខ្ញុំពិតជាមានមោទនភាពណាស់ ចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈដែលបាននិងកំពុងចូលរួម ចំណែកដល់ការលើកកម្ពស់អភិបាលកិច្ច ក្នុងរដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿន នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ។
ការថ្លែងបែបនេះរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ» នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ តំណាងក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមន្ទីរមុខងារសាធារណៈ រាជធានី-ខេត្ត ព្រមទាំងអ្នកសារព័ត៌មាន សរុបប្រមាណ ៧០០នាក់។
នៅក្នុងសន្និបាតនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានលើកឡើងអំពីសមិទ្ធផលជាច្រើនដែលក្រសួងសម្រេចបានកន្លងមកនេះផងដែរ អាស្រ័យដោយកត្តាសំខាន់ចំនួន ០៣យ៉ាងរួមមាន៖
ទី១៖ កត្តាគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ និងការតម្រង់ទិសជាប្រចាំនិង ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ទី២៖ កត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ គឺដោយសារតែយើងមាន ចក្ខុវិស័យ និងផែនការច្បាស់លាស់ មានរចនាសម្ព័ន្ធការងារត្រឹមត្រូវ មានប្រព័ន្ធ ការងារល្អ និងជាពិសេសមានថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់កម្រិត ដែលមានជំនាញ សមត្ថភាពខ្ពស់ និងបំពេញការងារឈរលើមូលដ្ឋានអភិក្រមបុរេសកម្ម យោគយល់ អធ្យាស្រ័យ និងសហការគ្នា ស្មារតីជាក្រុម និងទទួលខុសត្រូវខ្ពស់ទៅតាមជំនាញ និងភារកិច្ចរៀងៗខ្លួន។
ទី៣៖ កត្តាក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការ សម្របសម្រួល និងគាំទ្រ ឈរលើអភិក្រម«ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ឈានទៅសម្រេចសមិទ្ធផល ដែលជាគោលបំណងរួមគ្នា ក្នុងប្រយោជន៍ នៃការកសាងរដ្ឋបាលសាធារណៈទំនើបរបស់កម្ពុជា។
ក្នុងឱកាសនោះដែរឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីបំពេញនូវបេសកកម្មដ៏ថ្លៃថ្លា ប្រកបដោយកិត្តិយសដ៏ឧត្តុងឧត្តមបន្ថែម លើអ្វីដែលជាសមិទ្ធផលកន្លងមក ក្រសួងពិតជាមានភាពចាំបាច់ក្នុងការកំណត់ ទិសដៅសម្រាប់ជំហានបន្ទាប់ ដោយផ្តើមចេញពីការវាយតម្លៃច្បាស់លាស់នូវបញ្ហា ប្រឈមនាពេលបច្ចុប្បន្ន ចំណុចខ្លាំង ចំណុចខ្សោយ និងនិន្នាការក្នុងពេលអនាគត ដើម្បីដាក់ចេញនូវផែនការយុទ្ធសាស្ត្រ វិធានការ និងវិធីសាស្ត្រនានា ដើម្បីបន្តពង្រឹង និងកែលម្អអភិបាលកិច្ច និងធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈ ទំនើបមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលអាចបម្រើប្រជាជនបានកាន់តែល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង