ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​គម្រោង​កែ​លម្អ​ការ​អប់រំ​ឧត្តម​សិក្សា ផ្តោ​ត​ជា​ចម្បង ​លើ​ការ​លើក​កម្ពស់​គុណភាព ​នៃ​ការ​បង្រៀន ការ​រៀន និង​ការ​ស្រាវជ្រាវ

106


រាជធានី​ភ្នំពេញ៖ អគ្គ​នាយកដ្ឋាន​ឧត្តម​សិក្សា​ បាន​រៀប​ចំ​សិក្ខា​សាលា​ ផ្សព្វផ្សាយ​គម្រោង​កែ​លម្អ​ការ​អប់រំ​ឧត្តម​សិក្សា ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​គម្រោង​ឱ្យ​បាន​ទូលំ​ទូលាយ​ដល់​ស្ថាប័ន និង​អង្គភាព​ពាក់​ព័ន្ធ​នានា​បាន​ជ្រាប និង​ចូលរួម​សហការ​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​និរន្តភាព​នៃ​ការ​អភិវឌ្ឍ​ស្ថាប័ន និង​អង្គភាព​នា​ពេល​អនាគត។

សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង ក្រោម​អធិបតីភាព​លោក​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី៣ខែធ្នូឆ្នាំ២០១៨ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។ ក្នុង​ឱកាសនោះលោក​បណ្ឌិត បាន​មាន​ប្រសាសន៍​ថា គម្រោង​កែលម្អ​ការ​អប់រំ​ឧត្តម​សិក្សា ​ផ្តោ​ត​ជា​ចម្បង ​លើ​ការ​លើក​កម្ពស់​គុណភាព ​នៃ​ការ​បង្រៀន ការ​រៀន និង​ការ​ស្រាវជ្រាវ ការ​បង្កើន​កាលានុវត្តភាព​ និង​សមធម៌ ​នៃ​ការ​ចូល​រៀន​របស់​និស្សិត ការ​ពង្រឹង​ប្រព័ន្ធ​ធានា​ គុណភាព​អប់រំ និង​ការ​ពង្រឹង​អភិបាល​កិច្ច ព្រមទាំង​ការ​គ្រប់គ្រង​នៅ​ឧត្តម​សិក្សា។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា គម្រោងកែលម្អការអប់រំឧត្តមសិក្សា បានគំាទ្រដោយធនាគាពិភពលោក ក្នុងមូលនិធិ សរុបចំនួន៩០លានដុល្លារ និងថវិការបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន២,៥លានដល្លារ។ ភាគីទាំងពីរបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងហិរញ្ញប្បទាន សម្រាប់គម្រោង កែលម្អការអប់រំឧត្តមសិក្សាកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ កន្លងរួចមកហើយ។

លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា គម្រោងនេះមានវិសាលភាពលើការកែលម្អគុណភាពអប់រំ នៅគ្រឹះស្ថានឧត្តមសិក្សាគោលដៅចំនួន៥ រួមមាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យបាត់ដំបង់។ គម្រោងនេះក៏ពង្រឹងគ្រឹះស្ថានឧត្តមសិក្សាឯកជន និងពង្រឹងប្រព័ន្ធឧត្តមសិក្សារដ្ឋផងដែរ។

លោករដ្ឋមន្ត្រីបន្ថែមថា ជាងនេះ កែលម្អការស្រាវជ្រាវផ្នែក STEM និងផ្នែកកសិកម្ម ផ្តោតលើការលើកកម្ពស់គុណភាព និងភាពឆ្លើយតបនៃការស្រាវជ្រាវ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់គ្រឹះស្ថានឧត្តមសិក្សា ដែលកំណត់ក្នុងគម្រោង និងការសាង សង់បន្ទប់ពិសោធន៍ និងការបំបំពាក់សម្ភារបរិក្ខារ។ ការពង្រឹងផ្នែកអភិបាលកិច្ច និងការគ្រប់គ្រងគម្រោង ផ្តោតលើកការពង្រឹងប្រព័ន្ធអនុវិស័យឧត្តមសិក្សា និងការគ្រប់គ្រង និងសម្របសម្រួលគម្រោង។

លោកបញ្ជាក់ថា គម្រោងកែលម្អការអប់រំឧត្តសិក្សា ដែលបង្កើតឡើងនេះពិតជា ស្របតាមកំណែងទម្រង់អាទិភាពអនុវិស័យឧត្តមសិក្សា ដែលបានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលដំណាក់កាលទី៤ រដ្ឋាភិបាលក្នុងរយៈពេល៥ឆ្នាំ (២០១៩ – ២០២៣) ផ្តោតជាចម្បងលើការលើកកម្អស់ គុណភាព នៃការបង្រៀន ការរៀននិងការស្រាវជ្រាវ ការបង្កើនការលានុវត្តភាព និងសមធ៌នៃការចូលរៀនរបស់និស្សិត ការពង្រឹងប្រព័ន្ធធានាគុណភាពអប់រំ និងការពង្រឹងអភិបាលកិច្ច និងការគ្រប់គ្រងនៅឧត្តមសិក្សា។

លោករដ្ឋមន្ត្រី បានឲ្យដឹងថា និស្សិតកំពុងសិក្សានៅឧត្តមសិក្សា មានចំនួន ២០៧.៤៣៤នាក់ ស្រី៤៨,៣៧ភាគរយ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្ររងមាន ២០.៥៧០នាក់ ស្រី៥១,០៦ភាគរយ និស្សិតថ្នាក់បរិញ្ញាបត្រមាន១៦៥.៣៥៩នាក់ ស្រី ៤៧,៨៧ភាគរយ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានចំនួន២១.៤៩៤នាក់ ស្រី២១,២៤ភាគរយ និងនិស្សិតថ្នាក់បណ្ឌិតមាន១.២២២នាក់ ស្រី៥,១៦ភាគរយ និងនិស្សិតអាហាររូបករណ៍ មាន២៦.១៩២នាក់ ស្រី៤៩,៥០ភាគរយ ក្នុងឆ្នាំសិក្សា ២០១៦ – ២០១៧។
គ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេស សរុបចំនួន១២១គ្រឹះស្ថាន ដែលមានទីតាំងនៅ២០ខេត្ត រាជធានី ក្នុងនោះ គ្រឹះស្ថានឧត្តមសិក្សា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជននិងកីឡា ចំនួន៧៣ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ មាន១៣គ្រឹះស្ថាន និងឯកជនមាន៦០ ៕

អត្ថបទដែលជាប់ទាក់ទង