ឯកឧត្ដមឃួង ស្រេង និងលោកជំទាវធ្វើពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដីសុំសេចក្តីសុខសេចក្តីចំរើនសម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស«មរតកតេជោ »នាថ្ងៃស្អែក
ភ្នំពេញ៖នៅរសៀលថ្ងៃអាទិត្យទី៦មេសា ឆ្នាំ២០២៥ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី តាមបែបសាសនាដើម្បីសុំម្ចាស់ទឹកម្ចាស់ដីសុំសេចក្តីសុខសេចក្តីចំរើនសំរាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការស្ពានអាកាស«មរតកតេជោ »នៅព្រឹកថ្ងៃទី៧មេសា ស្អែកនេះទៅតាមការគ្រោងទុកមុនបុណ្យចូលឆ្នាំថ្មីឆ្នាំម្សាញ់២០២៥ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទ័មុនី ហ៊ុន ម៉ាណែត។
ពិធីក្រុងពាលីជាប្រពៃណីទំនៀមទំលាប់ដែលដូនតាខ្មែរតែងតែរៀបចំធ្វើឡើងនៅមុនពិធីសម្ពោធសមិទ្ធិផលថ្មីៗដែលទើបបានកសាងឡើងបានរួចរាល់ ដែលចង់ប្រាប់និងឧទ្ទិសដល់ម្ចាស់ទឹកម្ចាស់ដីឪ្យិជួយបីបាច់ថែរក្សាអ្នកប្រើប្រាស់ សមិទ្ធិផលថ្មីនេះឲ្យិមានក្តីសុខសប្បាយ។
ស្ពានអាកាសមរតកតេជោមានទីតាំងនៅប្រសព្វរវាងមហាវិថីព្រៈមុនីវង្ស,មហាវិថីសម្តេចតេជោហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិ(ផ្លូវ២៧១)ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមនដែលជាស្ពានអាកាសកំពស់២ជាន់លើកដំបូងនៅកម្ពុជា។ លោកស្រីដោ សម្ផស្សនាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ស្ពានអាកាសមរតកតេជោ នឹងជួយកាត់បន្ថយការចំណាយពេលវេលាក្នុងការធ្វើដំណើរ,សម្រួលលំហូរចរាចរធ្វើឪ្យិប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើ ដំណើរទៅមក ពិសេសពេលមានបុណ្យទានធំៗមានបុណ្យភ្ជុំបិណ្ឌ,បុណ្យចូល ឆ្នាំ,បុណ្យអុំទូកជាដើម។
គួរបញ្ជាក់ថាពិធីភ្ជាប់ស្ពានមរតកតេជោជំហ៊ានទី២បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ធ្នូ ឆ្នាំ២០២៤ក្រោមអធិបតីភាពឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ាពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនOCIC៕