ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹកទំនិញ បើកកិនក្មេងស្រីសិស្សសាលាស្លាប់ម្នាក់

103

ភ្នំពេញ ៖ ក្មេងស្រីសិស្សសាលាម្នាក់ ស្លាប់នៅកន្លែងកើតហេតុម្តាយ ក្រុមគ្រួសារស្រែកទ្រហោយំ បោកខ្លួន អាណិតកូនស្រី បន្ទាប់ពីជួបនូវឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយ រថយន្តហុីយ៉ាន់ដាយ ដឹកទំនិញ បើកកៀរហើយកិនក្មេងស្រីដែលកំពុងជិះម៉ូតូ ទៅសាលារៀន កាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។

ក្មេងស្រីរងគ្រោះឈ្មោះ បាន ស្រីអូន អាយ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩ អនុវិទ្យាល័យអារុណវត្តី មានទីលំនៅភូមិត្រពាំងអញ្ចាញ៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ស្លាប់ភ្លាមៗនៅកន្លែង ចំណែកក្មេងស្រីម្នាក់ទៀត ជាអ្នកបើកបរម៉ូតូ ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-7029 ឈ្មោះ ហង្ស ស្រីពេជ្យ រៀនថ្នាក់ទី៩ ជាមួយគ្នា មានទីលំនៅក្នុងភូមិជាមួយគ្នា រងរបួសស្រាល ។ ចំណែករថយន្តបង្ក ម៉ាក ហុីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខ បាត់ដំបង 3A-1494 ដឹកទំនិញ បើកបរដោយឈ្មោះ ទាម តាំ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិសិរីសុខា ឃុំដំណាក់អំពិល ស្រុកអង្គស្នូល ខេត្ត កណ្ដាល ។

អ្នកនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ក្មេងស្រីរងគ្រោះ ជិះម៉ូតូឌុបគ្នាចេញពីផ្ទះ ដោយមិត្តភ័ក្រជាអ្នកបើកបរ ហើយមិនទាន់បានចូលសាលាភ្លាមទេ ឌុបគ្នាបង្ហួស ក្នុងគោលបំណង ទៅយកមិត្តភ័ក្រ ម្នាក់ទៀត នៅក្នុងភូមិជង្រុក ដោយធ្វើដំណើរតាមបណ្តោយផ្លូវបេតុងខាងលើ ពីលិចទៅកើត ជិតដល់ផ្ទះមិត្តភ័ក្រទៅហើយ ត្រូវបានរថយន្តបង្ក បើកស្របទិសកៀរឲ្យដួល ធ្លាក់ជនរងគ្រោះ ដែលជិះខាងក្រោយ ហើយរថយន្តកិនបន្ថែម បែកក្បាលខ្ទេច ស្លាប់ភ្លាមៗនៅកន្លែង រថយន្តនិងអ្នកបើកបរ ត្រូវបានពលរដ្ឋឃាត់ ប្រគល់ឲ្យប៉ូលីស ។

ក្រោយកើតហេតុ វត្តមាន ម្តាយ ក្រុមគ្រួសារក្មេងរងគ្រោះ ស្រែកទ្រហោយំ បោកខ្លួនស្រណោះកូនស្រី ស្លាប់ទាំងវ័យក្មេង ។

ករណីខាងលើ សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ពិនិត្យ ស្លាកស្នាមរួច ប្រគល់សាកសពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្តបង្កផង សមត្ថកិច្ចនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ក្រុងភ្នំពេញ រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង