ក្រសួងការងារ និងក្រសួងយុត្តិធម៌ ប្រកាសរួមគ្នា សម្រេចបង្កើតក្រុមការងារ ពិនិត្យសិក្សាលើសំណើ និងសំណូមពររបស់អង្គការវិជ្ជាជីវៈ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងយុត្តិធម៌ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ បានសម្រេចចេញសេចក្តីប្រកាសរួម ស្តីពីការបង្កើតក្រុមការងារពិនិត្យសិក្សាលើសំណើ និងសំណូមពររបស់អង្គការវិជ្ជាជីវៈ។
ការបង្កើតក្រុមការងារនេះ ដោយក្នុងនោះមានលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាសហប្រធាន រួមទាំងអនុប្រធាន២រូប និងសមាជិក១១នាក់។ ក្រុមការងារនេះ មានតួនាទីនិងភារកិច្ច ទទួលយកសំណើ និងសំណូមពររបស់អង្គការវិជ្ជាជីវៈ ពាក់ព័ន្ធនឹងនីតិវិធី និងដំណើរការនៃបណ្តឹងក្នុងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ។ ពិនិត្យនិងសម្របសម្រួល ជាមួយម្ចាស់សំណើ និងភាគីពាក់ព័ន្ធ ដើម្បីផ្តល់ប្រឹក្សាផ្នែកច្បាប់ និងដំណោះស្រាយ។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនអង្គការវិជ្ជាជីវៈ ជាពិសេសថ្នាក់ដឹកនាំសហជីព ទាំងអស់ ដែលកំពុងមានករណីបណ្តឹងនៅតុលាការ ឱ្យបានជ្រាបថា ដើម្បីសហការជាមួយក្រសួងយុត្តិធម៌ ក្នុងការផ្តល់សេវាកម្មផ្នែកច្បាប់ ក្នុងដំណើរការនីតិវិធីតុលាការ សំដៅឈានទៅដល់ ការពន្លឿន និងបញ្ចាប់សំណុំរឿងឱ្យបានឆាប់រហ័ស ស្របតាមបទប្បញ្ញត្តិជាធរមាន សូម អង្គការវិជ្ជាជីវៈ ជាពិសេសថ្នាក់ដឹកនាំសហជីពផ្តល់របាយការណ៍អំពីសំណុំរឿង របស់ខ្លួន មកក្រសួងការងារ និងបណ្តុះបណ្តវិជ្ជាជីវៈ ឱ្យបានមុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨៕