ប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ៤៨ម៉ឺននាក់សម្រុកទៅលេងបាញ់ទឹក លាបម្ស៉ៅ នៅតំបន់ត្រជាក់ចិត្ត «សង្ក្រាន្ដវត្តភ្នំ» ២០២៥នារមណីយដ្ឋាន ប្រវត្តិសាស្ត្រវត្តភ្នំ ថ្ងៃទី១
ភ្នំពេញ៖ប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ៤៨ម៉ឺននាក់សម្រុកទៅលេងបាញ់ទឹក លាបម្ស៉ៅ នៅតំបន់ត្រជាក់ចិត្ត «សង្ក្រាន្ដវត្តភ្នំ» ២០២៥នារមណីយដ្ឋាន ប្រវត្តិសាស្ត្រ វត្តភ្នំ ក្នុងថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៥ក្រោយចាប់ផ្ដើមដំណើរការក្រោមកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរពីសំណាក់សមត្ថកិច្ចនិងអាជ្ញាធររាជធានីភ្នំពេញ។
ប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ៤៨ម៉ឺននាក់ក្នុងនោះនៅវត្តភ្នំប្រមាណ៤៣ម៉ឺននាក់ហើយនៅផ្លូវថ្មើរជើង (Walk Street)ចំនួន៥ម៉ឺននាក់។
នេះជាការឱ្យដឹងពីលោកស្រីដោ សម្ផស្ស នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញនាយប់ថ្ងៃទី១៤មេសា២០២៥។
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥»ដោយឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវអញ្ជើញប្រកាសបើកជាផ្លូវការ អបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខ។«សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ក៏មានរៀបចំកម្មវិធីសាសនា និងកម្មវិធីជាច្រើនផ្សេងទៀត ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋលេងកម្សាន្ដសប្បាយរីករាយអបអរសាទរទទួលអំណរសាទរឆ្នាំថ្មី។
នៅរសៀលថ្ងៃ១៤មេសានេះឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវបានចូលរួមលេងកំសាន្ត «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ជាមួយប្រជាពលរដ្ឋនិងភ្ញៀវទេសចរយ៉ាងច្រើនកុះករនេះដែរយ៉ាងសប្បាយរីករាយ។
ទោះបីនៅរាជធានីភ្នំពេញនាយប់ថ្ងៃទី១៣និងទី១៤មេសាត្រជាក់ជុំណាស់ភ្លៀងជាប់គ្នា២ថ្ងៃហើយតែប្រជាពលរដ្ឋនៅបន្តកំសាន្តដដែល។
គួរបញ្ជាក់ដែរថា៖២ថ្ងៃមុនបើកដំណើរការសង្ក្រាន្ដ«វត្តភ្នំ ឆ្នាំ២០២៥» នៅថ្ងៃទី១២-១៣ ខែមេសា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋប្រមាណ៦០ម៉ឺននាក់ បាននាំគ្នាសម្រុកទៅលេងបាញ់ទឹក លាបម្ស៉ៅ នៅសង្ក្រាន្ដវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) ៕