ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់អាជីវកម្មជាច្រើន អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរជួយគាំទ្រ និងជួយប្រើប្រាស់ផលិតផលក្នុងស្រុក

183


ម្ចាស់អាជីវកម្មជាច្រើន អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ជួយលើកតម្កើង និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីឲ្យម្ចាស់អាជីវកម្ម សិប្បកម្ម និងសហគ្រាសខ្មែរ មានលទ្ធភាពពង្រីកទីផ្សាររបស់ខ្លួន សម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក និងការនាំចេញ ខណៈដែលផលិតផលខ្មែរយើង មានការវេចខ្ចប់បានត្រឹមត្រូវ មានស្តង់ដារ និងទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធត្រឹមត្រូវ។
លោកស្រី អូន សុគន្ធា ម្ចាស់សហគ្រាសផលិតប្រេងខ្យល់នាគព្រួសភ្លើង បានលើកឡើងនៅក្នុងពិព័រណ៍ ផលិតផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជាលើកទី១៣ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍ កោះពេជ្រ ថ្ងៃទី១១ ធ្នូនេះថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រោយពីមានការទទួលស្គាល់ ពីស្ថាប័នពាក់ព័ន្ធ ផលិតផល ប្រេងខ្យល់នាគព្រួសភ្លើង កំពុងមានទីផ្សារល្អ ក្នុងការចែកចាយផលិតផលរបស់ខ្លួននៅក្នុងស្រុក ដែលជាផ្នែកមួយ ចូលរួមចំណែកបង្កើតសក្ដានុពលក្នុងស្រុក ស្របពេលដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងលើកកម្ពស់អភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម ដើម្បីបង្កើតការងារ និងបង្កើនសមត្ថភាព ផលិតផលក្នុងស្រុករបស់កម្ពុជា ។ លោក ស្រីបន្តថា ដើម្បីជំរុញឲ្យផលិតផលខ្មែរ មានការប្រកួតប្រជែងទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក ពិតជាជៀសមិនផុតអំពីការជួយគាំទ្រ និងជួយលើកតម្កើងពីប្រជាពលរដ្ឋ ដើម្បី ឲ្យម្ចាស់អាជីវកម្ម សិប្បកម្ម សហគ្រាសខ្មែរ មានលទ្ធភាពពង្រីកទីផ្សាររបស់ខ្លួន ដើម្បីចូលរួមបង្កើនដល់សេដ្ឋ កិច្ចជាតិ និងមោនៈភាពជាតិយើង។
ស្រដៀងគ្នានេះដែរ លោកស្រី ឡុង សុខលីម ម្ចាស់សហគ្រាស ម៉ាលីស អហ្គានិច(Organic) បានលើកឡើងថា សហគ្រាសលោកស្រី បានផលិតនូវផលិតផលជាច្រើនមុខ ផ្សំពីវត្ថុធាតុដើមនៅក្នុងស្រុក សព្វផលិតផលទាំងនោះ កំពុងមានទីផ្សារល្អ ចែកចាយក្នុងស្រុក និងនៅថ្ងៃមុខ ក្រុមហ៊ុនបានត្រៀម ចូលរួមតាំងពិព័រណ៍ ផលិតផលរបស់ប្រទេសចិន តែទោះបីផលិតផលខ្មែរមានគុណភាព នឹងមានស្តង់ដារ យ៉ាងណា គឺសូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ងាកមកប្រើប្រាស់ផលិតក្នុងស្រុក និងជួយគាំទ្របន្ថែម ដើម្បីជំរុញឲ្យផលិតផលខ្មែរមានកម្លាំងប្រកួតប្រ ជែងទីផ្សារក្នុងស្រុក តំបន់ និងទៅកាន់ពិភពលោកបន្ត ។
លោក ប៉ាន់ សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កន្លង មកក្រសួងបានរៀបចំយុទ្ធនាការទិញផលិតផលខ្មែរ នៅតាមរាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា ដើម្បីបំផុសឲ្យប្រជាពលរដ្ឋ ងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរកាន់តែច្រើន ដោយបានធ្វើឲ្យវេទិកា នេះ ទទួលជោគជ័យ និងមានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនខ្មែរនៅទូទាំងប្រទេស។ លើសពីនេះ ក្រសួងបានរៀបចំ និងជួយសម្រួលវិស័យឯកជន ដើម្បីចូលរួមព្រឹត្តិការពិភពលោកឌូបៃ ឆ្នាំ២០២០ពិព័រណ៍ សាកវប្បកម្មអន្តរជាតិឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង និងពិព័រណ៍ ចិន– អាស៊ាន នៅទី ក្រុងណាននីង បន្ថែមទៀត ដើម្បីជំរុញឲ្យផលិតផលខ្មែរមានការទទួលស្គាល់នៅលើឆាកអន្តរជាតិ ៕
សាវុធ

អត្ថបទដែលជាប់ទាក់ទង