ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រុកសង្គមថ្មី បើកប្រតិបត្តិការ ចុះលើកស្លាកសញ្ញាគណបក្សប្រជាជន តាមដងផ្លូវសំខាន់ៗ ដើម្បីបង្ហាញពីភាពខ្លាំង និងដណ្តើមយកជ័យជម្នះ នាពេលខាងមុខ

172

ខេត្តព្រះវិហារ៖ នៅសល់តែជាង១ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសជ្រើសតំណាងរាស្ត្រអាណត្តិទី
៦នឹងចាប់ដំណើរការហើយ ក្នុងរយៈពេលនេះ ពោលគឺនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មី ខេត្តព្រះវិហារ រួមជាមួយប្រធាន-អនុប្រធាន គណបក្សតាមបណ្តាភូមិ ឃុំ ស្រុកទាំងអស់ បានបើកប្រតិបត្តិការ ចុះលើកស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា តាមដងផ្លូវសំខាន់ៗ ជាច្រើន និងតាមផ្ទះសមាជិកបក្សផងដែរ ដើម្បីបង្ហាញពីភាពខ្លាំងនិងដណ្តើមយកជ័យជំនៈនាពេលខាងមុខនេះ។

កិច្ចការងារដែលមានសារសំខាន់នេះដឹកនាំដោយ
លោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មី តំណាងលោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ព្រមទាំងក្រុមការងារ ចុះជួយស្រុក ឃុំជាច្រើនរូបទៀត។

លោក សំ លាងទ្រី បានលើឡើងថា ស្របពេលការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រអាណត្តិទី៦ខិតជិតចូលមកដល់នោះ ក្រុមការងារចុះជួយខេត្ត រាជធានី ក្រុង ស្រុក ឃុំ សង្កាត់របស់គណបក្សប្រជាជនកម្ពុជា ពិតជាមានការមមាញឹកខ្លាំងណាស់ ដោយបានប្រុងប្រៀបរៀបចំផែនការ និងយុទ្ធសាស្ត្រឆ្ពោះទៅកាន់ការបោះឆ្នោត ដើម្បីដណ្តើមជ័យជម្នះ ជូនគណបក្សរបស់ខ្លួន។

ដោយឡែក សម្រាប់ខេត្តព្រះវិហារ ពិសេសស្រុកសង្គមថ្មី ក្រោមការចង្អុលណែនាំ ពីសំណាក់លោកប្រធានគណបក្សខេត្ត ក៏ដូចជាការណែនាំរបស់ប្រធានក្រុមការងារ ថ្នាក់កណ្តាល គឺក្រុមការងារទាំងអស់គ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់ ដោយមិនមានការទ្វេសប្រហែសឡើយ។
លោក សំ លាងទ្រី បានបញ្ជាក់ទៀតថា ស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជាជាច្រើនផ្ទាំង ទាំងតូចទាំងធំ ដែលយើងត្រូវលើកឡើងនាថ្ងៃនេះ ត្រូវបានចែកជូនក្រុមការងារ តាមឃុំនានាក្នុងស្រុកសង្គមថ្មី លើកឲ្យរួចជាស្ថាពរនៅតាមដងផ្លូវសំខាន់ៗ នានា និងមួយចំនួនទៀត ទុកសម្រាប់សមាជិកបក្សរបស់យើង ដែលមានបំណងសុំយកទៅដាក់នៅផ្ទះរបស់គាត់។

លោកបន្តទៀតថា ចំពោះស្លាកសញ្ញាគណបក្សមួយចំនួន បានមកពីការជួយឧបត្ថម្ភ ពីសំណាក់លោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត។ ហើយការលើកស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា នៅតាមដងផ្លូវសំខាន់នានាជាច្រើន ក្នុងស្រុកសង្គមថ្មីនេះ គឺបានបង្ហាញពីភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយ ក្នុងចំណោមគណបក្សនានា ដែលបានចុះបញ្ជីប្រកួតប្រជែង សំរាប់ការបោះឆ្នោតនៅថ្ងៃ២៩កក្កដា២០១៨ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង