ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងរៀបចំដែនដី ប្រកាសថា មិនដោះស្រាយបញ្ហាដីធ្លីរវាងពលរដ្ឋ២៩២គ្រួសារនិងក្រុមហ៊ុនហេង អភិវឌ្ឍន៍ នៅស្រុកកណ្តាលស្ទឹង ដោយសារមានដីកាសម្រេចពីតុលាការ

149

ភ្នំពេញ៖ក្រសួងរៀបចំដែនដី មិនដោះតាមសំណើរពលរដ្ឋ២៩២គ្រួសារ រឿងទំនាស់ដីធ្លីជាមួយលោកស្រីឧកញ៉ា សៀង ចាន់ហេង ប្រធានក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ករណីរំលោភដីទេ ព្រោះតុលាការចេញដីការសម្រេចយូរហើយ ខណៈភាគីរងការចោទស្នើសុំបើកវេទិការរកខុសត្រូវ។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៥ខែមិថុនា បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សូមជម្រាប លោក លោកស្រី តំណាងប្រជាពលរដ្ឋទាំង ២៩២គ្រួសារដែលបានមកតវ៉ានៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៨ជ្រាបថា ដោយផ្អែកលើដីកាសម្រេច ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០០៨ របស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចមិនធ្វើការពិនិត្យដោះស្រាយករណីនេះទៀតទេ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៨​ ប្រជាពលរដ្ធ​២៩២ គ្រួសារនៅក្នុងខេត្តកណ្តាល បាននាំគ្នាឡើងមកតវ៉ានៅក្រសួងដែនដី ដើម្បីឲ្យរដ្ឋមន្រ្តី ជា សុផារ៉ា ជួយដោះស្រាយបញ្ចប់រឿងដីធ្លី ដែលលោកស្រីឧកញ៉ា សៀង ចាន់ហេង រំលោភយកដីពួកគាត់។ ជាពិសេសពួកគាត់បានលើកបដា ស្រែកតវ៉ា និងបានស្នើសុំដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយអន្តរាគមន៍។

ពាក់ព័ន្ធករណីនេះដែរ លោកស្រីឧកញ៉ា សៀង ចាន់ហេង បានបញ្ជាក់​ ក្រុមហ៊ុនយើងកំពុងរៀបចំលិខិតស្នើសុំក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី​ ​សុំបើកវេទិកាសាធារណៈមួយ ដើម្បី តតាំងគ្នាចំពោះមុខ ដោយយុតិ្តធម៌​ បើសិនជារកឃើញថា​ ក្រុមហ៊ុន​រំលោភយកដីប្រជាពលរដ្ឋ ២៩២ គ្រួសារ​នោះ ក្រុមហ៊ុន​សុខចិត្តប្រគល់ឲ្យទៅប្រជាពលរដ្ឋ ​និង​ទទួលទោសចំពោះមុខច្បាប់​ ប៉ុន្តែបើការរកពុំឃើញថាក្រុមហ៊ុនរំលោភដីប្រជាជន​២៩២ គ្រួសារ​នោះទេ​ សូមច្បាប់មេត្តា​ផ្តល់ត្រឡប់មកវិញ​នូវកិត្តិយស​ ​និង​ សេចក្តីថ្លៃថ្នូរ​ដែលត្រូវបានក្រុម​២៩២ គ្រួសារនេះបំផ្លាញ​។


ចំណែកលោកស្រី សៀង ចាន់ហេង ប្រធានក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានដាក់លិខិតទៅលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ ស្នើសុំបើកវេទិកាសាធារណៈដើម្បីដោះស្រាយទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋចំនួន២៩២គ្រួសារ ដែលបានប្តឹងចោទប្រកាន់ក្រុមហ៊ុន ហេង អភិវឌ្ឍន៍រំលោភយកដី៕

អត្ថបទដែលជាប់ទាក់ទង