ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្តាប់លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ពន្យល់ពីស្ថានភាពជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ

128

ភ្នំពេញ៖ បន្ទាប់ពីមានភ្ញៀងធ្លាក់យ៉ាងគំហុក រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៥និង២៦ខែមិថុនាឆ្នាំ២០១៨នេះ ធ្វើឱ្យតំបន់ និងផ្លូវសាធារណៈមួយចំនួន នៅក្នុងរាជធានីភ្នំពេញ មានការលិចលង់ ធ្វើឱ្យមានមតិមួយចំនួនបានលើកឡើងអំពីបញ្ហានេះ ប៉ុន្តែយ៉ាងណាគេមើលឃើញថា ស្ថានភាពជំនន់ទឹកភ្លៀងឆ្នាំនេះ អាចប្រសើរជាងឆ្នាំកន្លងមុនៗ។
ទាក់ទិននឹងបញ្ហាជំនន់ទឹកភ្លៀងនៅដើមរដូវនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានពន្យល់យ៉ាងដូច្នេះថា ការលិចលង់ឆ្នាំនេះ នៅតាមតំបន់មួយចំនួន មានការស្រក់យ៉ាងលឿនណាស់ បើធៀបទៅនឹងឆ្នាំកន្លងទៅ បន្ទាប់ពីភ្លៀងធ្លាក់រួច។ ការស្រក់លឿននេះ ដោយសារបានរៀបចំប្រព័ន្ធលូបានច្រើន ជាពិសេសការដាក់ចេញនូវយុទ្ធនាការក្តៅគគុក ស្តាប្រព័ន្ធលូ ប្រឡាយជាង៤០០គីឡូម៉ែត្រ របស់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក សាំ ពិសិដ្ឋ បានលើកឡើងទៀតថា ល្បឿនៃការហូទឹកឃើញថាបានលឿន បើទោះបីជាភ្លៀងគំហុកយ៉ាងណាក៏ដោយ។ ម៉្យាងទៀតចំពោះបញ្ហាទឹកភ្លៀងនេះ រាជធានីភ្នំពេញមានការលំបាកដោះស្រាយ បើធៀបទៅនឹងទីក្រុងផ្សេងៗ ដោយសាយើងព័ន្ធជុំវិញដោយទំនប់ ជាដីទំនាបធ្វើឱ្យល្បឿនទឹកហូរមានកម្លាំងខ្សោយ ដែលទាមទារឱ្យយើងប្រើប្រាស់ម៉ាស៊ីនបូមចំនួន១៣នៅក្នុងរាជធានីភ្នំពេញ។
លោកបន្ថែមថា ចាប់តាំងពីរដូវវស្សាមកដល់មានភ្លៀងធ្លាក់ជាហូរហែ តែមិនដែលលិចលង់នោះទេ ទើបតែ២ថ្ងៃនេះ ដោយសារភ្លៀងធ្លាក់គំហុកខ្លាំងលើសពី៤០មីលីម៉ែត្រ។ យ៉ាងណាលោកថា ដើម្បីសំរាលដល់ការលិចលង់នេះ ឱ្យមានពេលតិចបំផុត គឺសុំឱ្យបងប្អូនជួយកាយសំរាម បាំងសំរាស់ នៅមុខ អណ្តូងលូ រួមជាមួយមន្រ្តីរាជការ ដែលបាននិងកំពុងខិតខំប្រឹងប្រែងជាខ្លាំង តាមអនុសាសន៍ណែនាំ របស់អភិបាលរាជធានីភ្នំពេញ។


លោកបន្តថា បច្ចុប្បន្ននេះ មើលឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានបិទអណ្តូងលូ ឬបិតមាត់លូតូច ចៀសវាងក្លិនស្អុយនៅតាមមុខផ្ទះរៀងខ្លួន ក៏ជាបញ្ហាដែលនាំឱ្យទឹកហូរចូលលូយឺត និងបង្ករការលិចលង់ ឬ បាត់អណ្តូងលូនៅតំបន់មួយចំនួន ដូច្នេះស្នើឱ្យមានកិច្ចសហការ បើកអណ្តូងលូ និងរាយការមកអាជ្ញាធរ ពិសេសអ្នកបិតផ្ទាល់ត្រូវបើកឡើងវិញ។
លោកបានបញ្ជាក់ទៀតថា ការលិចលង់ បណ្តាលមកពី បញ្ហាសំរាម បញ្ហាខ្វះអណ្តូងលូ និងបិតមាត់អណ្តូងលូឱ្យនៅតូច។ ហេតុដែលសន្និដ្ឋានយ៉ាងដូចនេះ ក៏ដោយសារថា បានផ្លាស់ប្តូរបណ្តាញលូធំៗក្នុងរាជធានីភ្នំពេញ រហូតដល់ទៅ៣២០គីឡូម៉ែត្រ នៅក្នុងខណ្ឌចំនួន៤ ហើយក៏កំពុងតែបន្តសកម្មភាពនេះឱ្យបានរួចរាល់តាមផែនការ។ ចំពោះទឹកដែលធ្លាក់ពីខណ្ឌទាំងនេះ បានលូធ្លាក់ទៅស្ថានីយ៍បូមទឹកបឹងត្របែក ហើយស្ថានីយ៍មួយនេះ មានសមត្ថភាពបូមទឹករហូតដល់ទៅ១១ម៉ូទ័រ ប៉ុន្តែកន្លងមកយើងបូមបាន តែ៦ទៅ៧ម៉ូទ័រតែប៉ុណ្ណោះ ដោយសារទឹកហូរមកអត់ទាន់ព្រោះស្ទះដោយសារសំរាម។


លោក សាំ ពិសិដ្ឋ នូវបានបញ្ជាក់ទៀតថា នៅខែខាងមុខនេះ យើងបានកាយសំរាមរួចរាល់ហើយ ប៉ុន្តែនៅពេលនេះ សំរាមបានមកកកពេញមុខប្រឡាយបឹងត្របែកវិញហើយ ដូច្នេះនៅថ្ងៃស្អែកទី២៧ ខែមិថុនានេះ កម្លាំងរបស់មន្ទីរ ដោយបានគោលការណ៍ពី លោក អភិបាល ដាក់បទបញ្ជា នឹងចាប់ផ្តើមចល័តគ្រឿងចក្រ ដើម្បីកាយសំរាមទាំងនោះឡើងវិញ ។ លោកថា ជាមធ្យម សំរាម ដែលបានទំលាក់ចូលប្រឡាយ ក្នុងមួយថ្ងៃមិនទាបជាង៣២ម៉ែត្រគីប ប្រហែលជា៨ឡាន។ ជាទូទៅរយៈពេល២ខែ ចាប់ផ្តើម កាយសំរាមចេញម្តង ដែលក្នុង២ខែនោះ កាយសំរាមបានជាង៥០០ឡាន ដែលបានបាំងអណ្តូងលូ ហើយបន្ទាប់មកវាបានមកបាំងមុខសំរាស់នៅមុខស្ថានីយ៍និងបាំងផ្លូវទឹកហូរជាបន្តទៀត។ ប្រសិនបើមានភ្លៀងធ្លាក់យ៉ាងគំហុកបែបនេះ តែងតែលិចលង់ កុំថានៅរាជធានីភ្នំពេញ ទោះជានៅទីក្រុងបាងកក ហូជីម៉ិញ ម៉ានីល ឬនៅទីក្រុងណាក៏ដោយ វាតែងតែប្រឈមដែលទាមទារឱ្យមានការដោះស្រាយជាបន្តបន្ទាប់ដោយជាក់ស្តែង។ ដូចជានៅភ្នំពេញ ប៉ែកខាងត្បូង និងខាងកើតព្រលានយន្តហោះ និងតំបន់សឡា តែងមានការជនលិច ប៉ុន្តែពេលនេះឃើញថា ទឹកហូរបានលឿនល្អ លិចរយៈពេលខ្លី អាចតែពី២ម៉ោងជាងប៉ុណ្ណោះ ខុសពីលើកមុនៗដែលលិចម្តងៗអាចមានរយៈពេលចាប់៧ម៉ោងឡើងទៅ។ ក្រៅពីនោះ មានតំបន់មួយចំនួនទៀត ក៏មានស្ថានភាពធូស្រាលផងដែរ បើធៀបទៅនឹងឆ្នាំកន្លងទៅ យ៉ាងណាអាជ្ញាធរក៏មិនបន្ធូដៃទេគឺបន្តខិតខំបន្ថែមទៀត ដើម្បីឱ្យកាន់តែមានភាពល្អប្រសើរ។
លោក ប្រធានមន្ទីរ ស្នើឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរនៅពេលភ្លៀង កាយផ្លូវបង្ហូរទឹក កាយមុខលូ បើកមាត់លូឱ្យធំ កុំចោលសំរាមមុខលូ និងក្នុងប្រឡាយ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទឹកនេះឱ្យមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង