ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ពុំមានសភាការណ៍អ្វី កើតឡើង ខណៈបទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន៩លើក

116

ខេត្តកំពង់ចាម ៖ របាយការណ៍សង្ខេបសរុបសភាពការណ៍ កិច្ចប្រតិបត្តិការប្រចាំខែមិថុនា ប្រៀបធៀបខែឧសភា ឆ្នាំ២០១៨ សភាពការណ៍សន្តិសុខ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ពុំមានសភាការណ៍អ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

លោកឧត្តមសេនីយ៍ត្រី ហេង សម្បត្តិ ស្នងការរងទទួលផែនសេនាធិការ បានថ្លែងថា សភាពការណ៍បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន៩លើក ប្រៀបធៀបខែឧសភា ថយចុះ៨លើកលើក(៩/១៧) បទឧក្រិដ្ឋ៤លើក( ៤/៧)។ លទ្ធផលនៃកិច្ចប្រតិបត្តិការផែននគរបាលព្រហ្មទណ្ឌ បង្ក្រាបជាក់ស្តែង៦ករណីឃាត់ខ្លួន៧នាក់។ ការងារប្រឆាំងគ្រឿងញៀន ៖ បង្ក្រាបតាមការស្រាវជ្រាវ២០ករណី ឃាត់ខ្លួន៧៥នាក់ដកហូថ្នាំញៀន៥៥កញ្ចប់(ធំ១២កញ្ចប់),ម៉ូតូ៣៥គ្រឿងសំភារៈពាក់ព័ន្ធមួយចំនួនទៅសាលាដំបូងខេត្ត។ ករណីជួញដូរគ្រឿងញៀន១៦ករណីឃាត់ខ្លួន៧១នាក់។

នារសៀលថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨ ដោយអនុវត្តតាមសេចក្ដីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម និងការ អនុវត្តការងារនគរបាល និងសហគមន៍ ប្រចាំខែមិថុនា និងទិសដៅភារកិច្ច ខែកក្កដា ឆ្នាំ២០១៨ និងប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងលោក លោកស្រី ស្នងការរងគ្រប់រូប ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានផែនជំនាញគ្រប់ផែន លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ ចំណុះនៃស្នងការដ្ឋាននគរបាលខេត្ត លោកអធិការ អធិការរង នគរបាលស្រុក ក្រុង ទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាទាំង១០៩ប៉ុស្តិ៍ សរុបចំនួន៣១៥នាក់ ស្រី៤នាក់។

លោកឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរងទទួលផែនការងារធនធានមនុស្សបានឡើងអានប្រកាសរបស់ក្រសួងមហាផ្ទៃ និង សេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិរួចមក បន្តចូលដល់ពិធីបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិចំនួន១៤នាក់ចាប់ពីអនុសេនីយ៍ឯកដល់ថ្នាក់ព្រិន្ទបាលឯក។

លោកឧត្តមសេនីយ៍ស្នងការ បានសម្តែងនូវការកោតសរសើរចំពោះកងកម្លាំងទាំងអស់ ក្នុងការខិតខំប្រឹងប្រែងក្នុងការរក្សាសន្តិសុខសង្គម និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ កងកម្លាំងទាំងអស់ត្រូវធ្វើអំពើល្អ ជាមួយបងប្អូនប្រជាពលរដ្ឋ ឱ្យអស់ពីកម្លាំងកាយចិត្តកុំឱ្យគាត់មានការថ្នាំងថ្នាក់។ ពិសេសគឺការធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាព សម្រាប់ដំណើរការបោះឆ្នោតនិងក្រោយការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានការភ័យខ្លាច ការបំភិតបំភ័យ ការគំរាមគំហែង និងអំពើហិង្សាផ្សេងៗ។ កម្លាំងនគរបាលជាតិមានកាតព្វកិច្ចទៅចូលរួមការបោះឆ្នោតនិងផ្សព្វផ្សាយដល់សាច់ញាតិនិងបងប្អូនប្រជាពលរដ្ឋឱ្យទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង