ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនលោក ម៉ៅ ច័ន្ទរស្មី មន្ត្រីក្រសួងដែនដី ទៅតុលាការ រឿងបុករថយន្តបើករត់ និងដកកាំភ្លើងខ្លី គំរាមនគរបាលខណ្ឌចំការមន

130

ភ្នំពេញ៖ នគរបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះបានបញ្ជូនលោក ម៉ៅ ច័ន្ទរស្មី ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់ ពាក់ព័ន្ធករណីស្រវឹងស្រា បើករថយន្ត ម៉ាកហាយឡែនឌ័រ ទៅបុករថយន្តម៉ាកព្រូស និងព្យាយាមបើករត់ តែនៅពេលនគរបាលដេញចាប់ ដកកាំភ្លើងគំរាម។

លោក ម៉ៅ ច័ន្ទរស្មី មានតួនាទីជាអនុប្រធាននាយកដ្ឋានបច្ចេកទេស និងអភិវឌ្ឍលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាជនសង្ស័យជាម្ចាស់រថយន្ត ម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-9766។

ចំណែកជនរងគ្រោះឈ្មោះ ហ៊ុន សំសែនឧត្ដម អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ជាម្ចាស់រថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AT-1914។

សូមបញ្ជាក់ថា បុរសម្នាក់ស្រវឹងជោកជ្រាំបើករថយន្ត ជ្រុលទៅបុករថយន្តហើយខូចខាតរថយន្តព្រូសតិចតួច មិនដោះស្រាយ បែរជាដកកាំភ្លើងភ្ជង់ នគរបាលចរាចរណ៍ខណ្ឌចំការមន តែត្រូវចាប់វាយខ្នោះ និងដកហូតអាវុធខ្លី បានចំនួន១ដើម ហេតុការណ៍នេះកើតឡើងកាល ពីម៉ោង៥និង៣នាទីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខសាលាបឋមសិក្សាផ្សារដើមថ្កូវ ខណ្ឌចំការមន ។
អ្នកបើករថយន្តព្រូសមានឈ្មោះ ហ៊ុន សំសែនឧត្ដម ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនឯកជនមួយ ស្នាក់នៅផ្ទះលេខគ្មានលេខ តាមផ្លូវបេតុង ស្ថិតនៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។ ជនសង្ស័យដែលឃាត់ខ្លួនខាងលើ ជនបង្កឈ្មោះ ម៉ៅ ចាន់រស្មី អាយុ ៤១ឆ្នាំ ជាអនុប្រធាននាយកដ្ឋានបច្ចេកទេសអនុវត្តលំនៅឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ស្នាក់នៅផ្ទះលេខ២៧ ផ្លូវ២១ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
មន្ត្រីនគរបាលចរាចរខណ្ឌចំការមន ដែលជនបង្កយកកាំភ្លើងភ្ជុង់គំរាមនេះ មានឈ្មោះ ឌួង ជីវិន និងឈ្មោះ ឈឹម ឌីណា ។

ជនរងគ្រោះ ជាម្ចាស់រថយន្ត បាននិយាយថា មុនកើតហេតុគាត់ឈប់រថយន្តនៅលើផ្លូវ៤៨៨ ដើម្បីចូលហាងកាត់សក់ ហើយស្រាប់តែមានបុរសម្នាក់ ដែលអាងខ្លួនមានអាវុធខ្លីបើកបុករថយន្តគាត់ពីក្រោយ ខូចខាតតិចតួចហើយមិនដោះស្រាយ អង្គុយដេកក្នុងរថយន្តក្រោយ មកក៏ប្ដឹងសមត្ថកិច្ចផ្នែកជំនាញវាស់វែង ដើម្បីចាត់ការតាមច្បាប់តែពេលសមត្ថកិច្ចមកដល់កន្លែងកើតហេតុ គ្រាន់តែគាស់កញ្ចក់បុរសនោះភ្លាមដកកាំភ្លើងខ្លីមកភ្ជង់ នគរបាលខណ្ឌរួចក៏បើរថយន្តចេញពីកន្លែងកើតហេតុ ត្រូវនគរបាលដេញតាមឃាត់បានចាប់វាយខ្នោះយកមកខណ្ឌតែម្ដង ។

សមត្ថកិច្ចនគរបាលខណ្ឌចំការមន បានប្រាប់ថា នៅមុនកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ បានរាយការណ៍ថា មានគ្រោះថ្នាក់ចរាចរ រវាងរថយន្តបង្កម៉ាកហាយឡែនឌើរ ពណ៌សបុករថយន្តព្រូស ពីក្រោយតែសម្រួលមិនត្រូវ រួចក៏បានចុះដល់កន្លែងកើតហេតុ ក៏ឃើញបុរស បើករថយន្តបង្កដេកក្នុងរថយន្តហើយ ក៏គាស់កញ្ចក់រថយន្ត ដើម្បីសម្របសម្រួលគ្នា តែដោយឃើញស្រវឹង ក៏សុំលេខទូរស័ព្ទក្រុមគ្រួសារ ដើម្បីមកដោះស្រាយ ស្រាប់តែបុរសនោះទាញកាំភ្លើងខ្លី ម៉ាកបេអាតា មកភ្ជង់រូបគាត់ជាមន្រ្តីនគរបាលទាំង២នាក់ រួចក៏ព្យាយាមបើករថយន្តចេញពីកន្លែងកើតហេតុ។
ក្រោយមកដោយមានការសហការ ជាមួយកម្លាំងអន្តរាគមន៍ ពីផ្នែកព្រហ្មទណ្ឌខណ្ឌ និងរួមជានគរបាលប៉ុស្តិ៍ យកកាំភ្លើងអាកាដេញឃាត់ខ្លួន បាននៅចំណុចផ្លូវ១៦៣ សង្កាត់ទួលទំពូងទី១ ចាប់ទាញចេញពីរថយន្ត និងវាយខ្នោះ យកមកនគរបាលខណ្ឌដើម្បីសាកសួរនាំ ៕

អត្ថបទដែលជាប់ទាក់ទង