ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីកំពុងស្ថាបនាប្រពន្ធ័លូខ្នាតធំ១ខ្សែចន្លោះ ផ្លូវលេខ២៧៨ដល់ផ្លូវ៥០៨ក្នុងសង្កាត់បឹងកេងកងទី១ ប្រវែងជិត៣គីឡូម៉ែត្រ

346

ភ្នំពេញ៖ ប្រពន្ធ័លូមេមួយខ្សែប្រវែង២.៦៥០ម៉ែត្រ,មុខកាត់១ម៉ែត្រត្រូវ បានរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងដំណើរការស្ថាបនា លើកំណាត់ផ្លូវលេខ២៧៨ ដល់ផ្លូវលេខ៥០៨ ឆ្លងកាត់សង្កាត់បឹងកេងកងទី១ និងសង្កាត់បឹងត្របែក ខណ្ឌចំការមនក្រោមការត្រួតពិនិត្យ បច្ចេកទេសពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ប្រពន្ធ័លូថ្មីនេះ អាចរំដោះទឹកនៅតំបន់មហាវិថីព្រះមុនីវង្ស, ផ្លូវត្រសក់ផ្អែម និងតំបន់រងទឹកភ្លៀង នៅជុំវិញដើម្បីនាំទឹកចាក់ ទៅស្ថានីយ៏បូមទឹកបឹងត្របែកឲ្យទាន់ពេលវេលា។

លោកនាយកមន្ទីរបញ្ជាក់ថា នៅទីតាំងនេះ កន្លងមកមានប្រពន្ធ័លូតូច. ធំខុសៗគ្នា ហើយប្រពន្ធ័លូភាគច្រើន ជាប្រពន្ធ័លូចាស់សល់ពីសម័យអនានិគមនិយមបារាំង ដែលមានអាយុកាលលើសពី៥០ឆ្នាំដែលធ្វើ
ឲ្យលូចាស់ទាំងនោះ តែងបាក់ស្រុតជាញឹកញ៉ាប់ និងបណ្តាលឲ្យ ខូចផ្លូវ និងចិញ្ចើមផ្លូវដែលទាមទារ ឲ្យមានការស្ថាបនាប្រពន្ធ័លូថ្មី ដែលមានទំហ៊ុំធំជាងមុន ទើបសមស្របទៅនឹងតម្រូវការនៃការបង្ហូរទឹក ដែលមានបរិមាណធំនៅពេលចំនួន ប្រជាពលរដ្ឋក្នុងទីក្រុង ក៏ចេះតែកើនឡើងយ៉ាងគំហុក។
តំណាងក្រុមហ៊ុនCCEF ដែលទទួលម៉ៅការស្ថាបនាប្រពន្ធ័លូនេះ បានឲ្យដឹងថា ការដ្ឋានស្ថាបនាប្រពន្ធ័លូនេះ បានចាប់ដំណើរការតាំងពីថ្ងៃទី២៨ឧសភា និងគ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០១៨ខាងមុខ។
សូមបញ្ជាក់ថា ប្រពន្ធ័លូក្នុងរាជធានីភ្នំពេញ ទាំងតូចទាំងធំមានប្រវែង ប្រមាណ៤៦០គីឡូម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង