ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រគល់ដីប្រទានកម្មពីសម្រេចតេជោហ៊ុន សែនជូនប្រជាពលរដ្ឋ៣៨០គ្រួសារនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ដែលបានកាត់ចេញពីដីតំបន់អភិវឌ្ឍន៍ជើងឯក

121

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការប្រគល់ដីដែលជាប្រទានកម្មពីសម្តេចតេជោហ៊ុន សែនជូនប្រជាពលរដ្ឋចំនួន៣៨០ គ្រួសារ រស់នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលជាដីកាត់ពីតំបន់អភិវឌ្ឍន៍ជើងឯកដើម្បីឲ្យបងប្អូនទទួលបានសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់។

ការប្រកាសប្រគល់ជូននេះបានធ្វើឡើងកាលពីព្រឹក ថ្ងៃទី ២៧ មិថុនា នៅសាលាខណ្ឌមានជ័យ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ដែលបានសុំនាពេលកន្លងមក។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការសម្រេចចិត្តរបស់អាជ្ញាធរ ក្នុងការប្រទានកម្មដីជូនបងប្អូន ដែលរងផលប៉ះពាល់ពីការអភិវឌ្ឍតំបន់បឹងជើងឯក នាពេលនេះ គឺអនុវត្តន៍ទៅតាមការណែនាំរបស់សម្តេច អគ្គមហាសេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ក្រោយពីបងប្អូនបានស្នើសុំទៅសម្តេចកន្លងមក។ លោក អភិបាលបន្តថា ដោយពិនិត្យឃើញ ពីភាពលំបាករបស់បងប្អូន សម្តេចក៏បានប្រគល់ដីប្រទានកម្មនេះ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ពីព្រោះបងប្អូនពិតជារស់នៅទីតាំងនេះជាយូរឆ្នាំមកហើយមែន។

លោកអភិបាល បានបន្ថែមថា សំណើររបស់ បងប្អូនប្រជាពលរដ្ឋទាំងអស់ទៅសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ត្រូវបានសម្តេចតេជោ សម្រេចចិត្តធ្វើប្រទានកម្មភ្លាមៗ ។ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាថ្នាក់ដឹកនាំ សម្តេចតែងតែយកចិត្តទុកដាក់ចំពោះជីវភាពនិងការរស់របស់បងប្អូនប្រជាពលរដ្ឋណាស់ ។ជាក់ស្តែងថ្ងៃនេះសម្តេចតេជោហ៊ុន សែនបានសម្រេចប្រគល់ដីជូនប្រជាពលរដ្ឋចំនួន៣៨០ គ្រួសារ រស់នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យយើងនេះ។

លោកបញ្ជាក់ផងដែរថា ចំពោះដីធ្លីដែលបានសម្រេចប្រគល់ជូននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងអោយមន្ត្រីជំនាញ និងអាជ្ញាធរ ចុះវាស់វែងអោយបានច្បាស់លាស់ទើបឈានទៅដល់ការធ្វើប័ណ្ណកម្មសិទ្ធិ និងប្រគល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់អោយទៅប្រជាពលរដ្ឋតាមក្រោយ។

លោក ឃួង ស្រេង បានបន្តទៀតថា អ្វីដែលជាការស្នើសុំរបស់ប្រជាពលរដ្ឋគឺ យើងបានប្រគល់ជូនហើយ នៅតែបងប្អូនប្រជាពលរដ្ឋទេ ដែលត្រូវឆ្លើយតបមកវិញ នៅពេលបោះឆ្នោតនៅពេលខាងមុខ ហើយបើការបោះឆ្នោតទទួលបានលទ្ធផលល្អប្រសើរនោះ យើងមិនត្រឹមតែប្រគល់កម្មសិទ្ធិដីធ្លីអោយប្រជាពលរដ្ឋប៉ុណ្ណឹងទេ គឺយើងនឹងដាក់គ្រឿងចក្រចូលដើម្បីស្ថាបនាផ្លូវជូនប្រជាពលរដ្ឋថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង