ក្រោមម្លប់នៃសន្តិភាព អ្នកក្រុមហ៊ុនបរទេស មកវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ អភិបាលរងខេត្តកណ្តាល បានប្រកាសថា ក្រោមម្លប់នៃសន្តិភាពរបស់កម្ពុជា ជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំង ពីទំនាក់ទំនងល្អរវាងកម្ពុជាជាមួយមិត្តភក្តិអ្នកវិនិយោគិនបរទេស ជាពិសេសប្រទេសសិង្ហបុរី ជាដើម ដែលកំពុងបោះទុនវិនិយោគលើទឹកដីកម្ពុជា។
ក្នុងពិធីសម្ពោធហាងកាហ្វេមួយ របស់អ្នកវិនិយោគវ័យក្មេង ដែលជាជនជាតិសិង្ហបុរី កាលពីព្រឹកថ្ងៃ១៦ ខែមករា ឆ្នាំ២០១៩នេះ លោកគីម ឫទ្ធី អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា នេះជាសក្ខីភាពមួយ ដែលឆ្លុះបញ្ចាំង ពីទំនាក់ទំនងល្អរវាងកម្ពុជា ជាមួយក្រុមហ៊ុនបរទេស ដែលបង្ហាញនូវការទុកចិត្ត ចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសចំពោះការវិនិយោគ នៅកម្ពុជាផងដែរ ។ កម្ពុជា ស្វាគមន៍មិត្តភក្តិ គ្រប់បណ្តាប្រទេស ជាពិសេសក្នុងថ្ងៃនេះ បានស្វាគមន៍មិតភក្តិរបស់យើង គឺជនជាតិសឹងហ្គាពួរ ដែលបានមកវិនិយោគ នៅលើទឹកដីរបស់កម្ពុជា ។
លោកអភិបាលរងខេត្តកណ្តាល បានបញ្ជាក់បន្ថែមថា “យើងស្វាគមន៍មិត្តភក្តិបរទេសបន្ថែមទៀត ក្នុងថ្ងៃនេះដែលជាសក្ខីភាពមួយ ដែលបានបញ្ជាក់ថា កម្ពុជា ស្វាគមន៍មិត្តភក្តិបរទេស ដើម្បីវិនិយោគនៅកម្ពុជា ក្រោមម្លប់នៃសន្តិភាព របស់កម្ពុជាយើង”។
សូមបញ្ជាក់ថា ហាងកាហ្វេ Killney Kopitiam បានចាប់ផ្ដើមដំបូងបំផុត មានទីតាំងស្ថិតនៅលើផ្លូវដ៏មមាញឹកឈ្មោះ Killiney នៃប្រទេសសិង្ហបុរី នៅក្នុងឆ្នាំ១៩១៩។ ហាងកាហ្វេបែបប្រពៃណី ហៃណាន ល្បីឈ្មោះ ១០០ឆ្នាំ គឺដោយសារតែ រសជាតិនៃកាហ្វេ និងតែឆុងឡើងតាមបែបបុរាណ ដ៏ឈ្ងុយឆ្ងាញ់។ ពិសេសជាងនេះទៅទៀតគឺ នំប៉័ងអាំង។ ផលិតផលដែលហាងកាហ្វេ Killney Kopitiam ផ្ដល់ជូន បានធ្វើឲ្យអតិថិជនជាប់ចិត្ត មិនអាចបំភ្លេចបាន និងហាក់បីដូចបានរំឭក នូវអនុស្សាវរីយ៍ចាស់ៗឡើងវិញ។
លោក Woon Tek Seng នាយកក្រុមហ៊ុន Killiney International និងជាស្ថាបនិកស្លាកសញ្ញាពាណិជ្ជកម្ម Killiney Kopitiam បានលើកឡើងថា ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយជាខ្លាំង នៅពេលហាងសាខាក្រោមស្លាកសញ្ញាពាណិជ្ជកម្ម ដែលខ្ញុំបង្កើតឡើង បើកដំណើការជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ មានជាង ១០០សាខា នៅក្នុងស្រុក និងនៅក្នុងប្រទេសចំនួន ៦ ហើយនឹងមានច្រើនឡើងបន្ថែមទៀត នាពេលខាងមុខ។
លោកបន្តថា ការបើកសាខាទី១ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃនេះ គឺដោយសារតែលោកបានមើលឃើញថា បច្ចុប្បន្នប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា មានការពេញនិយមខ្លាំង ក្នុងការទទួលទានកាហ្វេ ហើយភាពរីកចម្រើនឥតឈប់ឈរ នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ជាចំណុចមួយមានភាពទាក់ទាញខ្លាំង ពីអ្នកវិនិយោគបរទេស និងពីបណ្ដាប្រទេសនានាផងដែរ។ Killney Kopitiam បានមើលពីភាពរីកចម្រើននេះ ហើយបានបណ្ដាក់ទុន បើកហាងកាហ្វេនិងអាហារ ដែលមានគុណភាពខ្ពស់ លក្ខណៈស្ដង់ដារ ដើម្បីបំពេញសេចក្ដីត្រូវការរបស់បងប្អូន ក្នុងប្រទេសកម្ពុជា។
ទោះបីជានេះ គឺជាសាខាទី១ របស់ Killney Kopitiam ប៉ុន្តែការប្រកួតប្រជែងរសជាតិការហ្វេ និងអាហារក្នុងទីផ្សារសេរីមួយនេះ លោករំពឹងថា នឹងទទួលបានជោគជ័យ យ៉ាងគាប់ប្រសើរទៅថ្ងៃខាងមុខ ហើយលោកគ្រោងពង្រីកសាខារបស់ Killney Kopitiam ឲ្យបាន១០សាខាបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា៕