អ្នកដែលប្រើពាក្យថា របបក្រុងភ្នំពេញ និងរបបលោកហ៊ុន សែន គឺមិនគោរពតាមឆន្ទៈ របស់ប្រជាពលរដ្ឋខ្មែរ ដែលបានចេញទៅបោះឆ្នោត
ភ្នំពេញៈ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បានរៀបចំវេទិកា ស្តីពីភាពជាដៃគូរវាង រាជរដ្ឋាភិបាល និងសង្គមស៊ីវិល លើកទី២ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសំណាក់ អភិបាល អភិបាលរងរាជធានី ខេត្ត ស្នងការរាជធានី ខេត្ត និងបណ្តាលអង្គការសង្គមស៊ីវិលប្រមាណជាង២០០នាក់។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា អ្នកដែលប្រើពាក្យថា របបក្រុងភ្នំពេញ និងរបបលោក ហ៊ុន សែន គឺមិនគោរពតាមឆន្ទៈ របស់ប្រជាពលរដ្ឋខ្មែរ ដែលបានចេញទៅបោះឆ្នោត រហូតដល់៨៣ភាគរយ។ តាមការយល់ឃើញរបស់សម្ដេច ការប្រើពាក្យនេះ ពីសំណាក់អ្នកដែលប្រកាសខ្លួនថា ជាអ្នកប្រជាធិបតេយ្យនោះ ក្រៅពីមិនគោរពឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរហើយនោះ ក៏ជាការលាបពណ៌ដល់រាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ដែលកើតចេញពីការបោះឆ្នោតយ៉ាងពិតប្រាកដ។ “មានអ្នកប្រើពាក្យថា របបក្រុងភ្នំពេញ របប ហ៊ុន សែន តាមខ្ញុំយល់ដ៏ស្ដួចស្ដើងរបស់ខ្ញុំទេ ខ្ញុំគិតថាការប្រើពាក្យបែបនេះ ហាក់បីដូចរមៀលទៅរកការកំណត់ថា រដ្ឋាភិបាលនេះគឺមិនស្របច្បាប់ រដ្ឋាភិបាលខុសច្បាប់ចឹងទេការប្រើពាក្យនេះវាធ្ងន់ដែរ ពាក្យថារបបនេះ ហាក់ដូចយើងមិនគោរពឆន្ទៈប្រជាពលរដ្ឋ។ ខ្ញុំនិយាយបែបនេះ ខ្ញុំគ្រាន់តែបកស្រាយតាមការយល់ឃើញដ៏ស្ដួចស្ដើងរបស់ខ្ញុំប៉ុណ្ណោះ ហើយហ្នឹងបើយើងប្រែថាលាបពណ៌ក៏បានដែរ។ រដ្ឋាភិបាលហ្នឹងជារដ្ឋាភិបាលដែលស្របច្បាប់ យើងលាបពណ៌ថាមិនស្របច្បាប់” សម្តេចក្រឡាហោម បានបញ្ជាក់បែបនេះ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថាថ អ្នកដែលហៅពាក្យថា របបមានន័យថា ជារាជរដ្ឋាភិបាល មិនស្របច្បាប់ រដ្ឋាភិបាលខុសច្បាប់។ ទោះបីជាសហគមន៍អឺរ៉ុប លើកឡើងពីបញ្ហានៅកម្ពុជា ប៉ុន្ដែពួកគេក៏បានសាទរសម្ដេចតេជោ ហ៊ុន សែន បានគ្រប់គ្រងរាជរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីត្រៀមខ្លួនធ្វើការជាមួយគ្នា៕