ធ្វើកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯក
ភ្នំពេញ៖ គម្រោងកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯកបានចាប់ដំណើរការឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក នៅ ស្ថានីយបុរាណវិទ្យាភូមិមូលជើងឯក ស្ថិតនៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ ក្រុងភ្នំពេញ ដោយការចូលរួមពីមន្រ្តីជំនាញបុរាណវត្ថុវិទ្យាពីរាជបណ្ឌិត្យសភាកម្ពុជាចំនួន៤រូប។
លោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្រ្តីជំនាញ នៅក្នុងផ្នែកបុរាណវត្ថុវិទ្យាមានលោក ហឿង សុធារស់ ប្រធានផ្នែកបុរាណវិទ្យា លោក ជ័យ រតនា មន្រ្តីស្រាវជ្រាវ និង កញ្ញា តាកេត ស័កដា មកចូលរួមកំណាយស្រាវជ្រាវបុរាណវិទ្យា នៅស្ថានីយបុរាណវិទ្យាជើងឯក ស្ថិតនៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
គម្រោងកំណាយស្រាវជ្រាវនេះ ជាគម្រោងអនុវត្តរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានកិច្ចសហការជាមួយ រាជបណ្ឌិត្យសភាកម្ពុជា នគរបាលការពារបេតិកភណ្ឌនៃក្រសួងមហាផ្ទៃ សាលារាជធានីភ្នំពេញ និងមន្រ្តីជំនាញផ្នែកបុរាណវិទ្យា ដែលមកពីមន្ទីរវប្បធម៌គ្រប់ខេត្ត ក្រុង នៃព្រះរាជាណាចក្រកម្ពុជា តំណាងអជ្ញាធរដែនដី តំណាងក្រុមហ៊ុនជីបម៉ុង មន្រ្តីនគរបាលរដ្ឋបាលមូលដ្ឋាន អ្នកស្រាវជ្រាវអន្ដរជាតិមកពីសាកលវិទ្យាល័យហ្វ្លីនឌ័រ (Flinders University) នៃប្រទេសអូស្រ្តាលី និងនិស្សិតមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សរុបមានចំនួន ១០៨នាក់ ដែលនឹងចាប់ដំណើរការពីថ្ងៃទី១៧ មករា រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩៕