ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ​រាប់រយ​នាក់ នាំគ្នាដុតកង់ឡាន រារាំង អភិបាល​រងខេត្ត​ព្រះសីហនុ ចុះទៅ​វាស់វែង​ដី ​​ឲ្យ​ទៅលោក​ជំទាវ​ ហុង​ ស៊ួន ប្រពន្ធ​ ឧកញ៉ា​ ស៊ីវ គង់ទ្រីវ​

111

ព្រះសីហនុៈ ប្រជាពលរដ្ឋ​រាប់រយ​នាក់​ ប្រដាប់​ដោយ​កង់ឡាន​ និង​កញ្ចុះ​រ៉ឺម៉ក​ បាន​ព្យាយាម​បិទផ្លូវ​ និង​រារាំង ​ដោយ​ការ​ដុះ​កង់ឡាន​ ផ្សែងខ្មួលខ្មាញ់​ ក្នុងបំណងបង្អាក់ដំណើររបស់​ក្រុមការងារ​គណៈ​បញ្ជាការ​ខេត្ត​ព្រះសីហនុ​ ដឹកនាំ​ដោយ​លោក​ ផៃ​ ប៊ុនវណ្ណៈ អភិបាល​រងខេត្ត​ព្រះសីហនុ សហការជាមួយកម្លាំងប៉ូលិស​ ចុះដើម្បី​ធ្វើការ​វាស់វែង​ដី​មួយកន្លែង​ ទៅ​ឲ្យ​លោក​ ជំទាវ​ ហុង​ ស៊ួន​ កាលពីព្រឹក​ថ្ងៃទី​១៧ ខែ​មករា​ ឆ្នាំ​២០១៩ ស្ថិតនៅ​ខាងត្បូង​វត្ត​អូរត្រេះ​ ភូមិ​គគីរ​ ឃុំ​បិតត្រាំង​ ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ​។

គណៈ​បញ្ជាការ​ខេត្ត​ព្រះសីហនុ​ ដឹកនាំ​ដោយ​ លោក​ ផៃ​ ប៊ុន​វណ្ណៈ អភិបាល​រងខេត្ត ​បាន​ថ្លែងទៅ​កាន់​ពលរដ្ឋ​ថា​ វត្តមាន​របស់​លោក​ ដែល​ចុះមកនេះ​ដើម្បី​ វាស់វែង​ដី​ចំណុច​នេះ​ជូន​លោក​ជំទាវ​ ហុង​ ស៊ួន​ ហើយបើ​បងប្អូន​មាន​ដី​ប៉ុន្មាន​ទំហំ​ប៉ុន្មាន​ គាត់​ដោះស្រាយ​ជូនបងប្អូន​។ ប៉ុន្តែ​ប្រសាសន៍​ទាំងនេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ចោទថា​ កំពុង​ចង់​បណ្ដេញ​ពួកគាត់​និង​វាស់វែង​ដី​គម្រប​ព្រៃឈើ​ អនុក្រឹត្យ​របស់​រដ្ឋ​ ដែល​ពលរដ្ឋ​កំពុង​រស់នៅជាក់ស្ដែង​ជាច្រើន​ឆ្នាំ​មកនេះ​ ឲ្យ​ទៅ​បុគ្គល​អ្នកមាន​លុយ ​និងមាន​អំណាច​ម្នាក់ នៅ​ខេត្ត​ព្រះសីហនុ​ គឺ​លោក​ ជំទាវ​ ហុង​ ស៊ួន​ និងឧកញ៉ា​ ស៊ីវ គង់ទ្រីវ​ (ប្ដី​-ប្រពន្ធ)។

ប្រជាពលរដ្ឋ​កំពុង​តែ​ឆ្ងល់ថា​ ហេតុ​អ្វី​គាត់​រស់នៅ​លើដី​រដ្ឋ​នេះយូរឆ្នាំ​មកហើយ​ បែរជាដល់ដីឡើងថ្លៃ ​គណ:បញ្ជាការ​ខេត្ត​ លោក​ ផៃ​ ប៊ុន​វណ្ណៈ នាំ​កម្លាំង​ប៉ូលិស​មក​វាស់វែង​ដី​របស់​ពួកគាត់នេះ ​ទៅឲ្យ​បុគ្គល​ម្នាក់​ ជំទាវ​ ហុងស៊ួន​ ។ ​ដីទាំង​នេះ ​ជា​ដី​អនុក្រឹត្យ​ និង​គម្របព្រៃឈើ​ ឆ្នាំ​២០០២ បាន​និរាករណ៍​អស់​ទៅហើយ​ ដូច្នេះ​មាន​តែ​រដ្ឋបាល​ខេត្តព្រះសីហនុ​ យកប័ណ្ណ​កម្មសិទ្ធិ ដែល​ងាប់តាំងពីឆ្នាំ២០០២ ទៅហើយនេះ​ព្យាយាមឲ្យរស់ឡើងវិញ​ ដើម្បី​យកដី​ឲ្យ​ជំទាវ​តែម្នាក់​ ធ្វើឲ្យ​ប្រជាពលរដ្ឋ​រាប់រយនាក់​ស្រែកយំ​។ ពួកគាត់​បាន​អំពាវនាវ​ទៅដល់​ថ្នាក់ដឹកនាំ​ ជាពិសេសសម្ដេច​តេជោ​ ហ៊ុន​ សែន ជួយ​ដល់ពួកគាត់​ផង​៕

អត្ថបទដែលជាប់ទាក់ទង