វិធានការរបស់EUយកពន្ធលើអង្ករខ្មែរ ជាអាវុធសម្លាប់កសិករខ្មែរ និងបានប្រកាសតវ៉ាជាមួយសេចក្តីសម្រេចនេះ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ដែលមានលោក ប៉ាន សូរស័ក្តិ ជារដ្ឋមន្រ្តី បានសេចក្តីថ្លែងការណ៍ទាំងយប់ថ្ងៃទី១៧ខែមករាឆ្នាំ២០១៩ ឆ្លើយតបនឹងសេចក្តីប្រកាសព័ត៌មាន របស់សហភាពអឺរ៉ុប ស្តីពីវិធានការការពារទីផ្សារ ដោយសហភាពអឺរ៉ុប មកលើអង្ករ (Indica Rice) នាំចេញពីកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍ ក្រសួងពាណិជ្ជកម្ម បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចនេះ។
ក្រសួងពាណិជ្ជកម្ម បានចាត់ទុកការសម្រេចរបស់សហភាពអឺរ៉ុប ថាមិនឆ្លុះបញ្ចាំងពីទិដ្ឋភាពច្បាប់ពាណិជ្ជកម្មអន្តរជាតិ បទដ្ឋានបច្ចេកទេស និងសច្ចភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមករវាងកម្ពុជា និងសហភាពអឺរ៉ុប។
ក្រសួងពាណិជ្ជកម្មនៃកម្ពុជា បានសម្តែងការសោកស្តាយជាខ្លាំងចំពោះវិធានការរបស់សហភាពអឺរ៉ុប (EU) ដែលបានសម្រេចយកពន្ធលើអង្ករខ្មែរ។ ក្រសួងបានចាត់ទុកវិធានការនេះថា ជាអាវុធសម្លាប់កសិករខ្មែរ និងបានប្រកាសតវ៉ាជាមួយសេចក្តីសម្រេចនេះទៅតាមទិដ្ឋច្បាប់ និងវិធានពាណិជ្ជកម្មអន្តរជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍ឆ្លើយតបវិធានការរបស់សហភាពអឺរ៉ុប ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការសម្រេចរបស់សហភាពអឺរ៉ុបនេះ មិនបានឆ្លុះបញ្ចាំងទាំងស្រុងលើទិដ្ឋភាពច្បាប់ពាណិជ្ជកម្មអន្តរជាតិ បទដ្ឋានបច្ចេកទេស និងសច្ចភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមករវាងរាជរដ្ឋាភិបាល វិស័យឯកជនរបស់កម្ពុជា និងសហគមន៍អឺរ៉ុបនោះឡើយ។
ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា សេចក្តីសម្រេចនេះប្រៀបបាននឹងអាវុធសម្លាប់កសិករខ្មែរ និងគ្រួសារ ដែលកំពុងជាប់បំណុលស្ថាប័នឥណទាន។ ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់” ការសម្រេចដាក់វិធានការ ការពារទីផ្សារដោយសហភាពអឺរ៉ុប មកលើអង្ករ (Indica Rice) ដែលមានប្រភពដើមមកពីកម្ពុជា មានឥទ្ធិពលគ្រប់គ្រាន់ សម្រាប់ដកហូតចំណូល របស់ប្រជាកសិករក្រីក្រកម្ពុជា និងជាអាវុធសម្រាប់ធ្វើឃាតពួកគាត់ និងក្រុមគ្រួសារ ដែលកំពុងជាប់បំណុលជាមួយស្ថាប័នឥណទាន ដែលបានផ្តល់ប្រាក់កម្ចីដល់ពួកគាត់៣។
ក្នុងសេចក្តីថ្លែងការណ៍នេះ ក្រសួងក៏បានបញ្ជាក់ថា ខ្លួនកំពុងពិនិត្យផ្ទៀងផ្ទាត់សេចក្តីសម្រេចនេះ ដោយផ្អែកលើទិដ្ឋភាពច្បាប់ និងវិធានពាណិជ្ជកម្មអន្តរជាតិ ដើម្បីបន្តធ្វើការតវ៉ាជាមួយសេចក្តីសម្រេច ដែលប្រជាជនកម្ពុជាយល់ថា ជាសេចក្តីសម្រេចដែលគ្មានសុក្រឹតភាព និងសច្ចភាពសង្គម និងសេដ្ឋកិច្ច។
ជាមួយគ្នានេះក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវឲ្យគណៈកម្មការអឺរ៉ុប ពិនិត្យឡើងវិញ នូវការសម្រេចរបស់ខ្លួន ដោយផ្អែកលើវិធានពាណិជ្ជកម្មអន្តរជាតិ និងចំណងកិច្ចសហប្រតិបត្តិការល្អជាប្រពៃណីរវាងកម្ពុជា និងសហភាពអឺរ៉ុប។
សូមបញ្ជាក់ថា សហគមន៍អឺរ៉ុប បានសម្រេចចាប់ផ្តើមយកពន្ធលើការនាំចូលអង្កររបស់កម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ដែលនាំចេញទៅកាន់ប្រទេសដែលជាសមាជិកអឺរ៉ុបចំនួន ២៨ប្រទេស សម្រាប់រយៈពេល៣ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ រហូតដល់ឆ្នាំ២០២១។
ការយកពន្ធនាំចូលអង្កររបស់កម្ពុជា នៅឆ្នាំដំបូងតម្លៃពន្ធចំនួន ១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង ១តោន, ឆ្នាំទី២ តម្លៃ ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃ១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុង ១តោន។
ការសម្រេចយកពន្ធលើអង្ករកម្ពុជានេះ ដោយសារអឺរ៉ុបរកឃើញថា អង្កររបស់កម្ពុជា និងមីយ៉ាន់ម៉ា ដែលនាំចូលទៅអឺរ៉ុប បានធ្វើឲ្យប៉ះពាល់ដល់អ្នកផលិតអង្កររបស់ពួកគេ បន្ទាប់ពីមានបណ្តឹងតវ៉ាពីប្រទេសអ៊ីតាលី និងអេស្ប៉ាញ។
សូមជម្រាបផងដែរថា សហគមន៍អឺរ៉ុប គឺជាទីផ្សារដ៏សំខាន់សម្រាប់អង្ករកម្ពុជា។ នៅឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករទៅអឺរ៉ុបជិត ៣០ម៉ឺនតោន ស្មើនឹង ៤២,៩៨ភាគរយនៃចំនួន ដែលបាននាំចេញទាំងអស់ចំនួន ៦២ម៉ឺនតោន៕