ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់ធនធានទឹក ចុះត្រួតពិនិត្យ និងដោះស្រាយទឹកសម្រាប់សង្គ្រោះ ដំណាំស្រូវប្រាំង ៥ម៉ឺនហិកតា នៅស្រុកមង្គលបូរី

73

បន្ទាយមានជ័យ៖ ក្រោយពីទទួលបានព័ត៌មានថា ប្រជាពលរដ្ឋនៅស្រុកមង្គបុរី កំពុងខ្វះទឹកសង្គ្រោះ ស្រូវប្រាំង ជាង៥ម៉ឺនិកតា មន្ដ្រីជាន់ខ្ពស់ ក្រសួងធនធានទឹក កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៩ លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានចុះដោះស្រាយទឹកសម្រាប់ការប្រើប្រាស់នៅក្នុងស្រុកមង្គលបូរី ពិសេសបណ្តាឃុំដែលនៅផ្នែកខាងក្រោម ដូចជាឃុំគយម៉ែង តាឡំ សំបួរ និងឃុំស្រះរាំង ។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានបញ្ជាក់ថា៖ មកដល់ពេលនេះ មានបណ្តាឃុំមួយចំនួនបានចាប់ផ្តើមប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ ព្រោះថា ទឹកស្ទឹងដែលមានកន្លងមក ត្រូវបានប្រើប្រាស់សម្រាប់ដំណាំស្រូវស្ទើរតែទាំង ស្រុង ។
លោកអភិបាលស្រុកបន្តថា៖ គ្រាន់តែស្រុកមង្គលបូរីរបស់លោក បងប្អូនកសិករផលិតស្រូវប្រាំងរហូតដល់ទៅប្រមាណ ៥០.០០០ ហ.ត (ផែនការ ៥.៥០០ ហិកតា) គឺលើសពីផែនការ និងការណែនាំរបស់ជំនាញច្រើនណាស់ កន្លែងខ្លះធ្វើ ២ដង ឬ ៣ ដងក៏មានដែរ ។ លោកបន្តទៀតថា ៖រដ្ឋបាលស្រុក និងជំនាញពាក់ព័ន្ធក៏បាននិងកំពុង
ផ្សព្វផ្សាយណែនាំដែរ ប៉ុន្តែដោយសារឆ្នាំនេះស្រូវប្រាំងកំពុងបានថ្លៃ ដូចនេះបងប្អូនកសិករក៏ចេះតែប្រឹងដាំដុះ ។ ទោះបីជាយ៉ាងណា ក៏យើងនៅតែប្រឹងជួយ ហេតុនេះហើយទើបពេលនេះទឹកក្នុងស្ទឹងត្រូវបានរីងដោយកន្លែង ។
ជាដំណោះស្រាយលើបញ្ហានេះដែរ លោក
ចាន់ យុត្ថា បានបញ្ជារឱ្យបើកទំនប់ទឹកនៅត្រង់ចំណុចឃុំឫស្សីក្រោក ដើម្បីទម្លាក់ទឹកទៅផ្នែកខាងក្រោមខ្លះ តែការបើកនេះមិនមែនបើកជាអចិន្ត្រៃយ៍ទេ ពោលគឺ នៅពេលដែលផ្នែកខាងក្រោមទទួលបានទឹកសមល្មមហើយ យើងត្រូវបិទទំនប់នេះវិញភ្លាម ហើយនៅពេលខាងក្រោមខ្វះជាថ្មី ទើបយើងបើកបញ្ចូនទៅទៀត ។ ការធ្វើដូចនេះ គឺដើម្បីសន្សំសំចៃទឹកទុកឱ្យបានល្អ ៕

អត្ថបទដែលជាប់ទាក់ទង