ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងពេលបោះឆ្នោត មានអ្នកនយោបាយមួយចំនួន បានឆ្លៀតយករឿងបទល្មើសព្រហ្មទណ្ឌ មកបង្វែរជារឿងនយោបាយ

115


ភ្នំពេញ ៖ ក្នុងដំណាក់កាលឃោសនាបោះឆ្នោត គឺជាដំណាក់កាលដែលមានការប្រឈមខ្លាំងជាងគេ ដូច្នេះសូមកងកម្លាំងសូមយកចិត្តទុកដាក់ ជាពិសេសគ្រប់បទល្មើសព្រហ្មទណ្ឌ ដោយពេលខ្លះអ្នកនយោបាយមួយចំនួន បានឆ្លៀតយកបញ្ហាព្រហ្មទណ្ឌ មកបង្វែរជារឿងនយោបាយ ចោទប្រកាន់លើការទទួលខុសត្រូវ របស់រដ្ឋាភិបាល ឬក៏ចោទប្រកាន់ ឈានទៅដល់ចោទប្រកាន់ ដំណើរលទ្ធផលការបោះឆ្នោត។ នេះជាការលើកឡើងរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានកោះអញ្ជើញគ្រប់ស្នងការនគរបាលរាជធានី-ខេត្ត ដើម្បីប្រជុំ​ស្តីពីការត្រៀម​លក្ខណៈ​សម្បត្តិ ​សម្រាប់​កងកម្លាំង​អន្តរាគមន៍​ក្នុង​កិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ នា​ពេល​បោះឆ្នោត​ខាងមុខ ។ កិច្ចប្រជុំនេះធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នា​សាលប្រជុំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានដាក់បទបញ្ជាឲ្យគ្រប់ស្នងការនគរបាលរាជធានី-ខេត្ត ចាត់វិធានការ ឲ្យបានម៉ឺងម៉ាត់ ដើម្បីឲ្យស្ថានការណ៍ជាទូទៅ មានលក្ខណៈល្អប្រសើរ នៅតាមបណ្តារាជធានី-ខេត្ត ទាំងមូលមានភាពល្អប្រសើរជាទូទៅ ដើម្បីធានាដល់ការបោះឆ្នោត ។ “ដើម្បីធ្វើកិច្ចនេះ ក៏មានកិច្ចការងារច្រើន ដែលត្រូវធ្វើ ប៉ុន្តែជាទូទៅនៅគ្រប់ប្រទេសគេច្រើនប្រើកម្លាំងចំហ បង្ហាញរូបភាពឲ្យឃើញភាពសកម្មរបស់នគរបាល រៀបចំការល្បាត រៀបចំការពួនស្ទាក់ រៀបចំការបង្ហាញខ្លួននៅតាមទីសាធារណៈសំខាន់ៗ រៀបចំកម្លាំងត្រៀមអន្តរាគមន៍ ហើយដើម្បីធ្វើកិច្ចការនេះ បានត្រូវផ្គុំគ្នាតាំងពីប៉ុស្តិ៍នគរបាលរដ្ឋបាលឡើងទៅ ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ បង្ហាញខ្លួនល្បាតចុះតាមខ្នងផ្ទះ” លោកនាយឧត្តមសេនីយ៍បញ្ជាក់បន្ថែម។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងថា ក្នុងដំណាក់កាលឃោសនាបោះឆ្នោត គឺជាដំណាក់កាលដែលមានការប្រឈមខ្លាំងជាងគេ កងកម្លាំងសូមយកចិត្តទុកដាក់ចាប់ពីពេលបោះឆ្នោតទៅ ជាពិសេសគ្រប់បទល្មើសព្រហ្មទណ្ឌ ដែលទាក់ទងនឹងអំពើហិង្សា ទាក់ទងនឹងអំពើឃាតកម្ម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ឲ្យឃើញមុខសញ្ញាឲ្យមានហេតុផល ឲ្យមានឯកសារ ដោយពេលខ្លះអ្នកនយោបាយ គេអាចឆ្លៀតយកបញ្ហាព្រហ្មទណ្ឌ មកបង្វែរជារឿងនយោបាយ ចោទប្រកាន់លើការទទួលខុសត្រូវ របស់រដ្ឋាភិបាល ឬក៏ចោទប្រកាន់ ឈានទៅដល់ចោទប្រកាន់ ដំណើរលទ្ធផលការបោះឆ្នោត ៕

 

អត្ថបទដែលជាប់ទាក់ទង