ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ប្រព័ន្ធ​ថ្មី​របស់​ជប៉ុន​ ទទួល​ពលករ​កម្ពុជា​ ឲ្យ​ទៅ​ធ្វើការ​នៅ​ជប៉ុន​ ជាលក្ខណៈ​ពលករ​ពេញ​សិទ្ធិ មិន​មែន​ជា​កម្មសិក្សា​ការី​ ដូច​មុន​ទៀត​ទេ

101


ភ្នំពេញ៖ លោកអ៊ិត​ សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ​បានទទួល​ជួប​ពិភាក្សាជាមួយលោក​ HORINOUCHI HIDEHISA ឯកអគ្គរាជទូត​ ជប៉ុន​ ដែល​បាន​មក​ជូន​ដំណឹង​ផ្លូវការ​ អំពី​ប្រព័ន្ធ​ថ្មី​របស់​ជប៉ុន​ ក្នុង​ការ​ទទួល​ពលករ​កម្ពុជា​ ឲ្យ​ទៅ​ធ្វើការ​នៅ​ ជប៉ុន​ ជាលក្ខណៈ​ពលករ​ពេញ​សិទ្ធិ​ មិន​មែន​ជា​កម្មសិក្សា​ការី​ ដូច​មុន​ទៀត​ទេ​។ នៅក្នុងជំនួបពិភាក្សាការងារ នៅទីស្តីការក្រសួងការងារ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ស្តីពី “ពលករជំនាញ”។

បើតាមការក្រសួងការងារ បានប្រកាសថា លោកអ៊ិត ​សំហេង​​ នឹង​ទៅ​ជប៉ុន​ នា​សប្ដាហ៍​ទី​៣​ខែ​មិនា​ ដើម្បី​ ចុះកិច្ចព្រមព្រៀង​ អនុវត្តន៍​ ប្រព័ន្ធ​ថ្មី​នេះ​។ ប្រព័ន្ធ​ថ្មី​នេះ​ ត្រូវ​អនុវត្តន៍​ ចាប់​ពី​ ខែមេសា​ ឆ្នាំ​២០១៩​តទៅ​ ។ ភាគី​ជប៉ុន​សង្ឃឹម​ថា នឹង​អាច​ ផ្ដល់​ការ​ងារ​បន្ថែម​ជូន​ពលករ​កម្ពុជា​។ បច្ចុប្បន្ន​ កម្ពុជា​មាន​ ៩១០០​នាក់​ កំពុង​ធ្វើការ​នៅ​ជប៉ុន​ ដែល​មាន​ប្រាក់​ឈ្នួល​ ជា​ មធ្យម​ ១​៥០០ដុល្លារ​ក្នុង​មួយ​ខែ​ ។
លោកអ៊ិត​ សំហេង​ វាយ​តម្លៃ​ល្អ​ ចំពោះ​ប្រព័ន្ធ​ថ្មី​នេះ​ ចាត់​ទុក​ជា​ជំហាន​ថ្មី​មួយ​ទៀត ​នៃ​ចំណង​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​ ជប៉ុន​។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដែលជប៉ុន ផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការកែសម្រួលច្បាប់ថ្មីរបស់ជប៉ុន ដែលអនុញ្ញាតិឱ្យពលករ អាចដាក់ពាក្យទទួលបាន ទិដ្ឋាការកាងារ (Working Visa) ដែលពីមុនពលករទទួល បានត្រឹមតែជាកម្មសិក្សាការីប៉ុណ្ណោះ។ ប្រព័ន្ធថ្មីនេះ និងផ្តល់ឱកាសដល់ដែលពលករកំរិតជំនាញ និងកំរិតបច្ចេកទេស អាចចូលទៅបំពេញតម្រូវការកង្វះខាត កម្លាំងពលកម្មទៅប្រទេសជប៉ុនបន្ថែមទៀត។

នៅក្នុងជំនួបលោក អ៊ិត សំហេង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ក្នុងការជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសផ្តលឱកាសដល់កម្មសិក្សាការីកម្ពុជា ទៅហាត់ការនៅប្រទេស ជប៉ុន ដែលមកដល់បច្ចុប្បន្ននេះ ប្រមាណជាង ៩ពាន់នាក់។ ជាមួយគម្រោងដែលជប៉ុន នឹងដាក់ឱ្យដំណើការនៅប្រព័ន្ធថ្មី ក្នុងទទួលយកពលករពីប្រទេសនានា ទៅធ្វើការ នៅជប៉ុន នាខែមេសា ឆ្នាំ២០១៩ នេះលោករដ្ឋមន្ត្រី បញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រោះថាជាឱកាសដ៏ល្អមួយ ដែលប្រទេសទាំងពីរ នឹងទទួលបាននូវផលប្រយោជន៍ទៅវិញទៅមក ខាងជប៉ុននឹងទទួល បាននូវកម្លាំងពលករពីកម្ពុជា ទៅបំពេញនូវតម្រូវការក្នុងវិស័យជាច្រើន ហើយកម្ពុជានឹងមានលទ្ធភាព ក្នុងការផ្តល់ឱកាសបន្ថែម ទៅដល់ប្រជាពលរដ្ឋក្នុងការជ្រើសរើស នូវការងាររបស់ខ្លួន តាមចំណងចំណូលចិត្តរបស់ពួកគេ ដើម្បីទទួលបាននូវការងារ ដែលមានប្រាក់ខែខ្ពស់ រួមទាំងចំណេះដឹង និងវិជ្ជាជីវៈជូនដល់ពួកគាត់ថែមទៀត ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ របស់យើងឱ្យកាន់តែរីកចម្រើនថែមទៀត។

ភាគីទាំងពីរ បានឯកភាពជំរុញ ឱ្យក្រុមការងារបច្ចេកទេស ពិនិត្យកែសម្រួលសេចក្តីព្រាង អនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ (MOC) ឱ្យបានឆាប់ ព្រៀងសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលបំណង ដើម្បីបង្កើនទីផ្សារការងារ និងឱកាសការងារដល់ប្រជាជនកម្ពុជា។ តាមការគ្រោងទុក លោករដ្ឋមន្រ្តី នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមពិធីចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ (MOC) នៅទីក្រុងតូក្យូ ក្នុងកំឡុងសប្តាហ៍ទី៣ ខែមីនា ឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង