ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការចម្រុះសម្រាប់ កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឡាវ

112


ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងធ្វើជាសហប្រធានជាមួយលោក សាលើមនៃ គុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេសឡាវ ដឹកនាំកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងឡាវ ចាប់ពីថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងវៀងចន្ទន៍ តបតាមការអញ្ជើញរបស់លោក សាលើមនៃ គុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេសឡាវ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅរសៀលថ្ងៃទី១៨ខែកុម្ភៈនេះ បានបញ្ជាក់ថា លោក ប្រាក់ សុខុន នឹងពិភាក្សាជាមួយលោក សាលើមសៃ គុំម៉ាស៊ីត លើទិដ្ឋភាព ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគោលបំណងពង្រីកវិសាលភាព និងជម្រៅនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យទាំងអស់ដែលមានសក្តានុពល។ លោកក៏នឹងផ្លាស់ប្តូរទស្សនទាន ជាមួយសមភាគីឡាវ លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួមផងដែរ។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងវៀងចន្ទន៍ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលជួប សម្តែងការគួរសម ដាច់ដោយឡែកពីគ្នា ជាមួយលោកប្រធានាធិបតី ប៊ុនញាំង វរជីត និងលោកបណ្ឌិត ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

បើតាមក្រសួងការបរទេស ទស្សនកិច្ចលើកទី៣នេះ ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ របស់លោកឧបនាយករដ្ឋមន្ត្រី ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស រយៈពេលបីឆ្នាំកន្លងមក នឹងជួយលើកកម្ពស់បន្ថែមទៀត នូវចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរលង់រវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង