ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីចូលរួមអនុវត្តន៍ សាលដីការ របស់តុលាការកំពូល គឺមន្រ្តីអាវុធហត្ថម្នាក់ និងយោធិនម្នាក់ ត្រូវកសាងសំណុំរឿងទៅតុលាការ ឯជនរងគ្រោះអវយវៈផ្នែកខាងក្រោមកម្រើកមិនរួច

92


ព្រះសីហនុ៖ ឧត្តមសេនីយ៍ត្រី​ អេង​ ហ៊ី​ ធ្វើសន្និសីទ​សារព័ត៌មាន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ​ របស់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ​ ក្នុងការចូលរួមអនុវត្តន៍ សាលដីការ របស់តុលាការកំពូល​។

ឧត្តមសេនីយ៍ត្រី​ អេង​ ហ៊ី​ បានថ្លែងថា បន្ទាប់ពីស្រាវជ្រាវរួចមក ក្រុមប្រឹក្សាវិន័យសម្រេចដាក់ វិន័យលើមន្រ្តីកងរាជអាវុធហត្ថចំនួន៥នាក់ ។ ទី១ លោកវរសេនីយ៍ឯក ប៉ែន វិបុល ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលមានកំហុសក្នុងការគ្រប់គ្រងបញ្ជាធ្វេសប្រហែសក្នុងការបញ្ជាកងកម្លាំង ហើយគាត់មិនចាត់វិធានការនៅពេលដែលឃើញ មានអំពើហិង្សា ដែលជាអាវុធហត្ថ ឬយោធិន គឺក្នុងនាមយើងជាមន្រ្តីប្រតិបត្តិច្បាប់ត្រូវតែឃាត់ តែគាត់បែរជាមិនឃាត់ ហើយគាត់ត្រូវទទួលទោស ដោយក្រុមប្រឹក្សាវិន័យបានចេញសេចក្តីសម្រេចដាក់ទណ្ឌកម្មវិន័យពាក់ព័ន្ធនឹងការធ្វើ “ការបន្ទោសដោយលក្ខខណ្ឌអក្សរ”។ ទី២ លោកព្រឹន្ទបាលទោ សុខ ធារិទ្ធ ជាសមាជិកកងរាជអាវុធហត្ថនៅខេត្តព្រះសីហនុ គឺជាបុគ្គលដែលយើងឃើញនៅក្នុងរូបភាពដែលធាក់បុគ្គលម្នាក់ដែលជាប់ចំណង អីចឹងកំហុតរបស់គាត់គឺប្រើហិង្សាពាក់ព័ន្ធក្នុងពេលប្រតិបត្តិការ ដោយដាក់វិន័យគឺផ្អាកតំណែងក្នុងជំហានដំបូង ចាប់តាំងពីថ្ងៃប្រព្រឹត្ត ហើយជំហានបន្ទាប់នឹងប្តឹងទៅតុលាការ ។ ទី៣ លោកពុធ ចាន់ ជាសមាជិកកងរាជអាវុធហត្ថនៅខេត្តព្រះសីហនុ គឺគាត់មិនបានប្រើហិង្សាទេ ប៉ុន្តែគាត់នៅកន្លែងនឹងដែរ ហើយក្នុងនាមជាមន្រ្តីប្រតិបត្តិច្បាប់ គាត់មិនឃាត់ ឬក៏ឃាត់ខ្លួនបុគ្គលដែលប្រើហិង្សា គឺទទួលវិន័យជាលាយលក្ខណ៍អក្សរ។ ទី៤ លោក សេក កុម្ភៈ ជាសមាជិកកងរាជអាវុធហត្ថនៅខេត្តព្រះសីហនុ គឺគាត់មិនគោរពដោយជាក់លាក់នូវបទបញ្ជា ដោយធ្វើការផ្ទុះអាវុធម៉ាកអាកា ដោយបាញ់ឡើងលើចំនួន៤គ្រាប់ គឺទទួលវិន័យជាលាយលក្ខណ៍អក្សរ និងទី៥ លោកស៊ឹម វាសនា ជាជំនួយការការិយាល័យ និងជាសមាជិកកងរាជអាវុធហត្ថនៅខេត្តព្រះសីហនុ គឺគាត់មិនគោរពដោយជាក់លាក់នូវបទបញ្ជា ដោយធ្វើការផ្ទុះអាវុធខ្លីម៉ាកសេអេស៩៨ ដោយបាញ់ឡើងលើចំនួន២គ្រាប់ ។

លោកបានបន្តថា ហេតុអ្វីបានយើងដឹងនៃកាផ្ទុះអាវុធ ព្រោះក្រោយពេលបញ្ចប់ប្រតិបត្តិការ យើងបានធ្វើការត្រួតពិនិត្យនូវអាវុធទាំងអស់ ដោយសារអាវុធ និងគ្រាប់ត្រូវចុះបញ្ជី និងបានធ្វើលាកបត្រត្រឹមត្រូវ។ ក្នុងប្រតិបត្តិការ នោះមានកងកម្លាំង១០០នាក់ មានអាវុធវែង១០ដើម អាវុធខ្លី៦ដើម ។ លោកបន្តថា ក្បាលគ្រាប់ដែលត្រូវជនរងគ្រោះនោះ អាយុខ្លីម៉ាក កា៥៩ ជាប្រភេទអាវុធកែច្នៃ ។​ ចំណែកអាវុធខ្លីចំនួន៦ដើម យើងបានយកទៅបាញ់ធ្វើតេស្តរកក្បាលគ្រាប់ ដោយបានយកក្បាលគ្រាប់ទៅកោសល្យវិច័យ គឺពុំមានលក្ខណៈដូចគ្នានឹងគ្រាប់តែត្រូវជនរងគ្រោះនោះទេ ហើយគ្រាប់តែត្រូវជនរងគ្រោះគឺក្បាលគ្រាប់អាវុធខ្លីម៉ាក កា៥៩។

លោកអេង ហ៊ី បានបញ្ជាក់បន្ថែមថា “គ្រាក់កាំភ្លើងដែលត្រូវជនរងគ្រោះនោះ គឺមិនបានចេញកាំភ្លើងពីកងរាជអាវុធហត្ថនោះទេ “។

លោក បានបន្តថា ពាក់ព័ន្ធនឹងក្រុមប្រឹក្សាវិន័យ មន្រ្តីអាវុធហត្ថ៥នាក់ ដែលត្រូវទណ្ឌកម្ម ក្នុងនោះមានមួយរូបត្រូវ គឺលោកសុខ ធារិទ្ធ ត្រូវតែកសាងសំណុំរឿងទៅតុលាការ ដោយសារគាត់ប្រើហិង្សា ទៅលើបុគ្គលម្នាក់ ។ ចំណែកយោធិនមួយរូបទៀត ដែលយកអាវុធអាកា ទៅវាយបុគ្គលម្នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការផងដែរ ។

លោកបានថ្លែងថា ចំពោះជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ បានធូរស្បើយហើយ ប៉ុន្តអវយវផ្នែកខាងក្រោម មិនទាន់មានចលនា ហើយពេទ្យកំពុងបន្តព្យាបាល។ លោកបន្តថា នៅពេលដែលយើងស្តាប់ចម្លើយទាំងពីរនាក់នោះ គឺគាត់ខឹងដោយសារមានការបាញ់ចម្ពាមកៅស៊ូត្រូវ គេគប់ត្រូវគាត់ ទើបគាត់​បានប្រើអំពើហិង្សាតែម្តង។ លោកបានសម្តែងការសុំទោស ជំនួសឲ្យមន្រ្តីអាវុធហត្ថនិងយោធិនទាំងពីររូបនោះ ចំពោះជនរងគ្រោះ ដែលជាការប្រព្រឹត្តមិនគប្បី ដោយសារកន្លងទៅយើងមានការអប់រំណាស់ ជាពិសេសបានចុះអប់រំទូទាំងប្រទេស ឲ្យគាត់បម្រើប្រជាជន ចាត់ទុកប្រជាជនជាម្ចាស់ ដោយសារប្រជាពលរដ្ឋ មហាជន ប្រជាជនយើង ជាអ្នកបង់ពន្ធជូនរដ្ឋ ដើម្បីបានលុយបើកប្រាក់ខែឲ្យអាវុធ អីចឹងអាវុធហត្ថត្រូវតែបម្រើពលរដ្ឋឲ្យបានល្អ ។

លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​បំភ្លឺ​ឲ្យ​សាធារណជន បាន​យល់ច្បាស់​ពី​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ ដែល​កើតឡើង​ប៉ុន្មាន​សប្តាហ៍​មកនេះ រហូតដល់​មាន​អំពើហិង្សា​រវាង​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច ដែលជា​អ្នកទទួល​បញ្ជា​ដឹកនាំ​កម្លាំង​ដោះស្រាយ​បញ្ហា​នេះ។ លោក ផៃ ប៊ុន​វណ្ណៈ សារភាព​ត្រង់ៗ​ថា កម្លាំង​សមត្ថកិច្ច ពិតជា​បាន​បាញ់កាំភ្លើង​ប្រមាណ​២០​គ្រប់ ឡើង​ទៅលើ ក្នុងពេល​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​ប្រជាពលរដ្ឋ​។ ដំបូង​ឡើយ សមត្ថកិច្ច គ្មាន​ចេតនា​ប្រើប្រាស់​អាវុធ​ឬក៏​ចង់​ឲ្យ​កើត​អំពើហិង្សា​នោះទេ ប៉ុន្តែ ដោយសារតែ​ខាង​ប្រជាពលរដ្ឋ ជា​អ្នក​ផ្តើម​មុន ដោយ​កែន​គ្នីគ្នា​រាប់រយ​នាក់ ទៅ​តវ៉ា រហូត​មាន​ដុត​កង់ឡាន គប់​ដប​សាំង ដប់​ដុំថ្ម និង​បាញ់​ចម្ពាម លើ​ក្រុមសមត្ថកិច្ច ដែល​បណ្តាល​ឲ្យ​ឆេះ​អេ​ស្កា​វ៉ាទ័រ និង​ឆេះ​ឡានទឹក ទើប​កម្លាំង​សមត្ថកិច្ច សម្រេច​បាញ់កាំភ្លើង​ឡើងលើ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ បញ្ឈប់​អំពើហិង្សា​។

​អភិបាលរង​រូបនេះ សន្និដ្ឋានថា ទំនងជា​គ្រប់​កាំ​ភ្លើង​ដែល​បាញ់​ឡើងលើ​នោះ​ហើយ ដែល​ត្រូវ​ប្រជាពលរដ្ឋ ពេល​ធ្លាក់ចុះ​មកក្រោម​វិញ​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​ពេលនោះ មាន​អំពើហិង្សា​កើតឡើង ដោយមាន​ផ្ទុះអាវុធ​បាញ់​ឡើង​ទៅលើ ប្រហែល​ប្រមាណ​​២០​គ្រាប់ ហើយ​ប្រហែលជា​គ្រាប់​ធ្លាក់​មកវិញ ត្រូវរបួស​មនុស្ស​ម្នាក់ តែការ​រងរបួស​នេះ មិន​បង្ក​ឲ្យ​បាត់បង់​អាយុជីវិត​ទេ​»​។

គេ​មិនទាន់​ភ្លេច​ទេ​ថា ក្រោយពី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ពៅ សារ៉ន ត្រូវរបួស​ដោយ​គ្រាប់កាំភ្លើង ពេល​ទៅ​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ផ្សេងទៀត សមត្ថកិច្ច ហាក់​ព្យាយាម​ដកខ្លួន​ចេញពី​ទំនួល​ខុសត្រូវ​នេះ​។ កាលនោះ លោក ផៃ ប៊ុន​វណ្ណៈ បាន​បកស្រាយ​ថា គ្រាប់កាំភ្លើង​នោះ ជា​គ្រាប់កាំភ្លើង​ប្រភេទ​ឡុ​ក ដែល​មិនមែនជា​គ្រាប់កាំភ្លើង​របស់​សមត្ថ​កិច្ច​ឡើយ​។
​លោក ផៃ ប៊ុន​វណ្ណៈ ក៏​ដាក់​ការសង្ស័យថា ពេល​ចលាចល​កើតឡើង ដោយសារ​ការប្រទូសរ៉ាយ​រវាង​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច ជន​បាតដៃ​ទី​៣ ក៏​ឆ្លៀតឱកាស​បាញ់​ប្រជាពលរដ្ឋ​តែម្តង ដើម្បី​ទម្លាក់កំហុស​ឲ្យ​សមត្ថកិច្ច​។
​លើសពីនេះ តាមរយៈ​វីដេអូ​ដែល​គេ​ថត​បាន និង​បង្ហោះ​លើ​បណ្តាញ​សង្គម គេ ក៏​ឃើញ​សមត្ថកិច្ច បាន​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ​ផងដែរ ដោយ​ក្នុងនោះ មាន​សមត្ថកិច្ចម្នាក់ បាន​យក​កាំភ្លើង ទៅ​វាយ​ខ្នង​ប្រជាពលរដ្ឋ​ម្នាក់ ដែល​​អង្គុយ​លុតជង្គង់ ហើយ​ដៃ​ទាំង​២ ត្រូវបាន​ចងស្លាបសេក​។
សូមបញ្ជាក់ថា ទំនាស់​ដីធ្លី​នេះ កើតឡើង​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក ព្រៃនប់​ខេត្ត​ព្រះសីហនុ។ ​ការ​ប្រឈម​ដាក់គ្នា​រវាង​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ បាន​កើតឡើង​តាំងពី​ប៉ុន្មាន​ថ្ងៃមុន​មកម្ល៉េះ ហើយមកដល់ពេលនេះ ការតវ៉ា មិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។ ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ បាននាំគ្នា​ទៅ​តវ៉ា នៅពេល​តុលាការ​កំពូល ចេញ​សាលដីកា​ស្ថាពរ ដោយ​សម្រេច​ឲ្យ​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ ឈ្នះក្តី​ពួកគាត់ លើ​រឿង​ដីធ្លី​ ៕

អត្ថបទដែលជាប់ទាក់ទង